COVID-19
ជាតិ
សង្គមជាតិ
កម្ពុជា នៅសល់​ភ្ញៀវ​បរទេស​ជាង​៣,៨​ម៉ឺន​នាក់
06, Apr 2020 , 11:47 am        
រូបភាព
ទេសចរបរទេស ដើរទស្សនាក្នុងតំបន់អង្គរ កាលពីកម្ពុជា មិនទាន់មានករណីឆ្លងជំងឺកូវីដ-១៩ (រូបពី សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា )
ទេសចរបរទេស ដើរទស្សនាក្នុងតំបន់អង្គរ កាលពីកម្ពុជា មិនទាន់មានករណីឆ្លងជំងឺកូវីដ-១៩ (រូបពី សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា )
ដោយ: ថ្មីៗ
​គិតពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០ ភ្ញៀវទេសចរ​បរទេស​ជាង​៩,១​សែន​នាក់ បាន​ចូលមក​កម្ពុជា ហើយ​ទន្ទឹមនេះ មាន​ភ្ញៀវទេសចរ​បរទេស​ជាង​៩,៤​សែននាក់ បាន​ចាក​ចេញពី​កម្ពុជា​។ នេះ​បើតាម​លោក កែវ វណ្ណ​ថន អគ្គនាយករង​និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០​។


 
​លោក កែវ វណ្ណ​ថន អះអាងថា បច្ចុប្បន្ន ភ្ញៀវទេសចរ​បរទេស ដែល​កំពុង​បន្ត​ស្នាក់នៅ​កម្ពុជា មាន​ជាង​៣,៨​ម៉ឺន​នាក់​។ យ៉ាងណា លោក ពុំបាន​ផ្តល់ព័ត៌មាន​ល​ម្អិ​ត​ឡើយ​ថា ក្នុងចំណោម​ភ្ញៀវទេសចរ​បរទេស​ជាង​៣,៨​ម៉ឺន​នាក់​នោះ ជនជាតិ​ណា ដែលមាន​ចំនួន​ច្រើនជាងគេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា មាន​គ្រប់​សញ្ជាតិ​។ 
 
​នៅ​កម្ពុជា វិស័យ​ទេ​សចណ៍ និង វិស័យ​កាត់ដេរ កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ជាងគេ ដោយសារតែ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ជាក់ស្តែង រោង​ច្រក​នៅ​កម្ពុជា មាន​ដល់​ទៅ​ជាង​៩០​ហើយ ដែល​ព្យួរការងារ ដោយ​ក្នុងនោះ មាន​កម្មករ​-​កម្មការិនី​ជាង​៦,១​ម៉ឺន​នាក់ ដែល​រង​ផលប៉ះពាល់​។ រីឯ អង្គរវត្ត ដែល​ធ្លាប់​តែមាន​ភ្ញៀវទេសចរ​ស្អេកស្កះ ក៏​ប្រែជា​ស្ងាត់ជ្រងំ​។ 
 
​កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០ ក្រសួងការបរទេស បានចេញ​សេចក្តីសម្រេច​មួយ ដោយ​អនុញ្ញាត ឲ្យ​គ្រប់​ភ្ញៀវទេសចរ​បរទេស អាច​បន្ត​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា ដោយ​រួចផុត​ការផាកពិន័យ ទោះជា​ទិដ្ឋាការ​របស់​ពួកគេ ផុត​សុពលភាព​ក៏ដោយ​។ ការសម្រេច​បែបនេះ គឺ​ដោយសារតែ​កម្ពុជា យល់ថា ក្នុងចំណោម​ពួកគេ មាន​អ្នកខ្លះ មិនទាន់​អាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ព្រោះ​គ្មាន​ជើងហោះហើរ​។ 
 
​ជាមួយគ្នានេះ កម្ពុជា បាន​រឹតបន្តឹង​ការផ្តល់​ទិដ្ឋាការ​ដល់​ភ្ញៀវទេសចរ​បរទេស ចូលមក​កម្ពុជា ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រាល​ជំងឺ​កូ​វីដ​-១៩​។ ជនបរទេស​ណា ដែល​ចង់​មក​កម្ពុជា ត្រូវមាន​លិខិតបញ្ជាក់​សុខភាព​ជាមុន​សិន ថា គ្មានជំងឺ​កូ​វីដ​-១៩ និង​ត្រូវមាន​ប្រាក់​យ៉ាងតិច​៥​ម៉ឺន​ដុល្លារ ក្នុង​ឯកសារ​ធានារ៉ាប់រង​សុខភាព​។ ហើយ​ពេលមកដល់​កម្ពុជា គ្រប់​ជនបរទេស ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ក្នុង​រយៈពេល​ណាមួយ តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។​
 
​លើសពីនេះ កម្ពុជា សម្រេច​បិទ​ទាំង​ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស​ជាមួយ​វៀតណាម និង បិទផ្លូវ​គោក​ជាមួយ​ថៃ ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ទៅមក​ឡើយ។ តែ​ប្រ​ទស​ទាំង​៣ នៅតែ​បន្ត​ដឹកជញ្ជូនទំនិញ​ទៅមក​ជាមួយគ្នា​ជាធម្មតា​។  
 
​រវាង​កម្ពុជា​និង​វៀតណាម ហាក់​មិនឮ​ព័ត៌មាន​ថា នៅមាន​ប្រជាជន បន្តធ្វើ​ដំណើរ​ទៅមក​នោះទេ ក្រោយ​ប្រទេស​ទាំង​២ សម្រេច​បិទ​គ្រប់​ច្រកចេញចូល​។ តែ​ចំពោះ​កម្ពុជា​និង​ថៃ នៅមានខ្លះៗ។  
 
​លោក កែវ វណ្ណ​ថន មានប្រសាសន៍ថា ចំពោះ​អ្នកជំងឺ​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ដែល​​បញ្ជូនទៅ​ព្យាបាល​នៅ​ថៃ ភាគី​កម្ពុជា ត្រូវ​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​សុំ​ការអនុញ្ញាត​ឲ្យ​អ្នកជំងឺ ចូលទៅ​។ ម្យ៉ាងទៀត ពលករ​ខ្មែរ​ខ្លះ ដែល​មិនទាន់​បានមក​កម្ពុជា​វិញ ខណៈ​ព្រំដែន​ ត្រូវបាន​បិទ​ទៅហើយនោះ ក៏​ភាគ​កម្ពុជា សុំ​ចរចា​ជាមួយ​ភាគី​ថៃ​ដែរ ដើម្បី​ឲ្យ​ពួកគេ បានចេញ​ពី​ថៃ ​ចូលមក​កម្ពុជា​។ យ៉ាងណា លោក លើកឡើងថា ចំនួន​ពលករ​ខ្មែរ​ទាំងនោះ មាន​តិចតួច​ប៉ុណ្ណោះ​។ 
 
​មុន​កម្ពុជា​និងថៃ បិទ​ព្រំដែន ពលករ​ខ្មែរ​ជាង​៥​ម៉ឺន​នាក់ បានចេញ​ពី​ថៃ ចូលមក​កម្ពុជា​។ រដ្ឋាភិបាល​កម្ពុជា បាន​យកចិត្ត​ទុក​ខ្លាំង ក្នុងការ​តាមដាន​មើល​ពលករ​ខ្មែរ​ទាំងនោះ ពិសេស​ផ្តោតលើ​សុខភាព​របស់​ពួកគេ​។ រដ្ឋាភិបាល អំពាវនាវ ឲ្យ​អ្នក​ដែល​មកពី​ថៃ រស់នៅ​ដាច់ដោយឡែក​ពី​គ្រួសារ​រយៈពេល​១៤​ថ្ងៃ​សិន ដើម្បី​ទប់​ស្កា​ប់​ការឆ្លង​ជំងឺកូ​វីដ​-១៩ ទៅ​សមាជិកគ្រួសារ ក្នុងករណី​រូបគេ មានជំងឺនេះ៕ 

Tag:
 COVID-19
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com