លោក សុវណ្ណ រិទ្ធី ចាងហ្វាង​TVFB ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​
COVID-19
ជាតិ
លោក សុវណ្ណ រិទ្ធី ចាងហ្វាង​TVFB ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​
08, Apr 2020 , 12:39 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក សុវណ្ណ រិទ្ធី ចាងហ្វាងTVFB
រូបពីហ្វេសប៊ុកលោក សុវណ្ណ រិទ្ធី ចាងហ្វាងTVFB
ភ្នំពេញ​៖ លោក សុវណ្ណ រិទ្ធី ចាងហ្វាង​TVFB ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោម​បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាម​មាត្រ ៤៩៥ ពាក់ព័ន្ធ​នឹង​ការសរសេរ​លើ​ហ្វេ​ស​ប៊ុ​កដោយ​ស្រង់​ពាក្យសម្តី​សម្ដេច ហ៊ុន សែន ដែល​បាន​និយាយថា «​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះទេ​»​។​


 
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក ឆាយ គឹម​ឃឿន បាន​ប្រាប់​សារព័ត៌មាន​ថ្មី​ថា សំណេរ​របស់លោក សុវណ្ណ រិទ្ធី នេះ ជាការ​បំប៉ោង និង​បំពុលសង្គម ដែល​ធ្វើឱ្យ​ពលរដ្ឋ​យល់ច្រឡំ​លើស​ម្ដេច ហ៊ុន សែន​។ លោក គឹម​ឃឿន ចាត់ទុក​សំណេរ​របស់​ចាងហ្វាង​TVFB រូបនេះ ជា​ចេតនា​បង្កើតឱ្យមាន​ចលាចល​ក្នុងសង្គម​។ 
 
«​សម្ដេច ហ៊ុន សែន គាត់​បានចេញ​វិធានការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ​ដែល​ជួ​បបញ្ហាប្រឈម​នឹង​ជំងឺ​COVID-19​ហើយ ហើយ​គ្រាន់តែ​សម្ដេច​និយាយ​លេង​មួយ​ម៉ាត់ ពីរ​ម៉ាត់​សោះ បែរជា​យកមក​ចុះផ្សាយ​។ សម្ដេច​គាត់​គ្មាន​ចេតនា​ដូច​ការចុះផ្សាយ​ឯណា ព្រោះ​គាត់​បានចេញ​វិធានការ​ច្រើន​មកហើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឆាយ គឹម​ឃឿន​។​
 
​លោក សុវណ្ណ រិទ្ធី ចាងហ្វាង​TVFB ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​យប់​ថ្ងៃទី​៧ មេសា ក្រោយពី​លោក​បាន​ស្រង់​ចំណុច​មួយ ដែល​សម្ដេច ហ៊ុន សែន បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​ថា​«​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះទេ​» ។​
 
​សមាជិកគ្រួសារ​លោក សុវណ្ណ រិទ្ធី ស្នើឱ្យ​ថ្នាក់ដឹកនាំ​និង​សមត្ថកិច្ច យោគយល់​និង​អា​ធ្យា​ស្រ័យ​ចំពោះ​លោក រិទ្ធី ។ «​ទាក់ទង​នឹង​ការសរសេរ​ខុសឆ្គង​នេះ គាត់​គ្មាន​ចេតនា​ទេ គាត់​ក៏​អត់​ចង់​សរសេរ​ប៉ះពាល់​ថ្នាក់ដឹកនាំ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សមា​ជិ​ក​គ្រួសារ​ចាងហ្វាង​TVFB ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។​
 
​សមត្ថកិច្ច​បាន​បញ្ជូន​លោក សុវណ្ណ រិទ្ធី ចាងហ្វាង​TVFB មក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក ឆាយ គឹម​ឃឿន បាន​និយាយថា បើសិនជា​សមត្ថកិច្ច​ពិនិត្យឃើញថា ជា​ករណី​ធ្ងន់ធ្ងរ​នោះ សមត្ថកិច្ច​នឹងធ្វើ​បែបបទ​កសាង​សំណុំ​លោក សុវណ្ណ រិទ្ធី បញ្ជូនទៅ​តុលាការ ។​ប៉ុន្តែ​បើសិនជា​ករណី​អ​ចេតនា​នោះ សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ និង​ណែនាំ​ប៉ុណ្ណោះ​៕

Tag:
 សុវណ្ណ រិទ្ធី
 ហ៊ុន សែន​
  COVID-19)
© រក្សាសិទ្ធិដោយ thmeythmey.com