COVID-19
អន្តរជាតិ
ប្រជាជន​កូរ៉េខាងត្បូង នាំគ្នា​ទៅ​បោះឆ្នោត​សភា​មុន​កំណត់
10, Apr 2020 , 6:29 pm        
រូបភាព
ប្រធានាធិបតីមូន ចេអ៊ីន មកបោះឆ្នោតជ្រើសរើសសមាជិកសភា។ រូបភាព៖ Yonhap
ប្រធានាធិបតីមូន ចេអ៊ីន មកបោះឆ្នោតជ្រើសរើសសមាជិកសភា។ រូបភាព៖ Yonhap
​កូរ៉េខាងត្បូង នា​ថ្ងៃទី​១០ ខែមេសា បាន​បើក​មណ្ឌលបោះឆ្នោត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​មក​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ថ្មី​។ ការបើក​មណ្ឌលបោះឆ្នោត មុន​ថ្ងៃ​កំណត់​ក្នុង​ពេលនេះ គឺ​ដើម្បី​កាត់បន្ថយ​ចំនួន​អ្នកបោះឆ្នោត​កុំ​ឲ្យ​មាន​អត្រា​ច្រើនពេក និង​កាត់បន្ថយ ក៏ដូចជា​បង្ការ​ករណី​ឆ្លង​នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅ​ថ្ងៃ​បោះឆ្នោត​ផ្លូវការ​។ បន្ថែម​ពីលើ​នេះ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​កូរ៉េខាងត្បូង ក៏បាន​បង្កើត​មណ្ឌលបោះឆ្នោត​សម្រាប់​អ្នកជំងឺ COVID-19 ផងដែរ ។


 
​ថ្ងៃទី​១៥ ខែមេសា គឺជា​ថ្ងៃ​កំណត់​ផ្លូវការ​សម្រាប់​ការបោះឆ្នោត​សភា​របស់​កូរ៉េខាងត្បូង​។ ប៉ុន្តែ​ដើម្បី​កាត់បន្ថយ​ចំនួន​អ្នកបោះឆ្នោត កុំ​ឲ្យ​មាន​សភាព​ណែនណាន់​ខ្នាន់ខ្នាប់ គណៈកម្មាធិ

ការ​រៀបចំ​ការបោះឆ្នោត បានសម្រេច​បើក​មណ្ឌលបោះឆ្នោត​ឲ្យ​ប្រជាពលរដ្ឋ​មក​បោះឆ្នោត​រយៈពេល​ពីរ​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១១ ខែមេសា មុន​ថ្ងៃ​កំណត់​ផ្លូវ​ការមកដល់​។ 
​ទន្ទឹមគ្នានេះ គណៈកម្មាធិការ​នេះ ក៏បាន​បើក​មណ្ឌលបោះឆ្នោត​ចំនួន ៨ សម្រាប់​អ្នកជំងឺ​ជាង ៣០០០​នាក់ ដោយមាន​បុគ្គលិក​វេជ្ជសាស្ត្រ ៩០០​នាក់​ចាំ​ពិនិត្យ​។ មណ្ឌលបោះឆ្នោត​សម្រាប់​អ្នកជំងឺ​នេះ ក៏​មាននៅ​ទីក្រុង Daegu និង​ទីក្រុង Seoul ផងដែរ​។ 
 
​បន្ថែម​ពីលើ​នេះ មណ្ឌល​ប្រមាណ​ជា​៣៥០០​កន្លែង នឹងដាក់​ឲ្យ​ប្រជាជន​មក​បោះឆ្នោត ដោយ​ឈរ​ឃ្លាត​ពីគ្នា ១​ម៉ែត្រ​។ អ្នក​មក​បោះឆ្នោត ត្រូវ​ពាក់​ម៉ាស់ ពាក់​ស្រោមដៃ លាងដៃ​ជាមួយ​ទឹក​អា​គុល និង​វាស់​កម្តៅ​ជាដើម​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​បង្ការ COVID-19 នៅក្នុង​អំឡុង​ពេលនេះ​។ បន្ថែម​ពីលើ​នេះ គ្រប់​មណ្ឌលបោះឆ្នោត​ទាំងអស់ ក៏​ត្រូវបាន​អាជ្ញាធរ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​វីរុស​ផងដែរ​។ 
 
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​បោះឆ្នោត​រួចហើយ​នា​មណ្ឌល​មួយកន្លែង ក្បែរ​វិមាន​ប្រធានាធិបតី​។ សម្រាប់​បុគ្គល ដែល​កំពុងតែ​ដាក់​ច​ត្តា​ឡី​ស័ក គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត កំពុង​សិក្សា​បន្ថែមទៀត ដើម្បី​អាច​ឲ្យ​អ្នក​ទាំងនោះ​មាន​សិទ្ធិ​បោះឆ្នោត​ដូច​ប្រជាជន​ធម្មតា​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ការបោះឆ្នោត​សភាជាតិ​លើក​នេះ គឺ​ដើម្បី​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​ចំនួន ៣០០​កៅអី​។ បើតាម​អ្នកសង្កេតការ​បោះឆ្នោត  គិត​ត្រឹម​ម៉ោង​១​រសៀល​ថ្ងៃទី​១០ ខែមេសា ប្រជាពលរដ្ឋ​ប្រមាណ​ជា ៥,៩៨​ភាគរយ បានមក​បោះឆ្នោត​។ 
 
​សូមបញ្ជាក់ថា គិត​មកទល់ពេលនេះ កូរ៉េខាងត្បូង​មាន​ករណី COVID-19 សរុប​ចំនួន ១០៤៥០​ករណី អ្នកស្លាប់ ២០៨​ករណី និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៧១១៧​ករណី​។ មួយរយៈ​ចុងក្រោយ​នេះ តួលេខ​ឆ្លង​នៅ​កូរ៉េខាងត្បូង គឺមាន​ការ​ថមថយ​យ៉ាងខ្លាំង​។ គ្រាន់តែ​ថ្ងៃទី​១០ ខែមេសា​នេះ ទីក្រុង Daegu ដែលជា​កន្លែង​ផ្ទុះ COVID-19 របស់​កូរ៉េខាងត្បូង ក៏​មិនមាន​ករណី​ឆ្លង​ផងដែរ ៕

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com