COVID-19
អន្តរជាតិ
អ៊ីតាលី ប្រកាសជ័យជម្នះលើ COVID-19 នៅតំបន់ភាគត្បូងប្រទេស
× មន្ត្រីសុខាភិបាលអ៊ីតាលី នៅថ្ងៃទី១៧ ខែមេសា បានប្រកាសពីជោគជ័យក្នុងការទប់ស្កាត់ជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅភាគខាងត្បូងប្រទេស ជាទីដែលករណីឆ្លងថ្មីបានធ្លាក់ចុះយ៉ាងខ្លាំង។ យ៉ាងណាមិញ ការប្រយុទ្ធនឹង COVID-19 នៅភាគជើងប្រទេស នៅតែខ្លាំងក្លា បើទោះជាចំនួនករណីឆ្លងធ្លាក់មកត្រឹមខ្ទង់រយក្នុងមួយថ្ងៃៗក្រោយការអនុវត្តវិធានការបិទប្រទេសជាច្រើនសប្ដាហ៍មកនេះ។
កាលពី៦សប្ដាហ៍មុន លោក Conte ដែលប្រកាសបិទប្រទេសនេះ ព្រមានថា សមត្ថភាពរបស់អ៊ីតាលីដើម្បីក្នុងការកម្ចាត់វីរុសប្រភេទថ្មីនេះ គឺអាស្រ័យលើការទប់ស្កាត់ COVID-19 កុំឲ្យរាលដាលពីតំបន់ភាគខាងជើងដែលសម្បូរធនធាន និងប្រព័ន្ធសុខាភិបាលជឿនលឿនទៅកាន់ភាគខាងត្បូងដែលក្រីក្រ។ ចំណាត់ការបិទប្រទេសរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រី Giuseppe Conte ដើម្បីទប់ស្កាត់ការរាលដាលជំងឺ COVID-19 កំពុងហុចផលគាប់ប្រសើរសម្រាប់អ៊ីតាលី។
ករណីឆ្លងនៅក្រៅភាគខាងជើង បានធ្លាក់ចុះដល់កម្រិតទាបមិនធ្លាប់មានតាំងពីការផ្ទុះ COVID-19 នៅអ៊ីតាលី។ លោក Franco Locatelli ប្រធានក្រុមប្រឹក្សាសុខាភិបាលអ៊ីតាលី ប្រាប់អ្នកសារព័ត៌មានថា អ៊ីតាលី បានទប់ស្កាត់ការរីករាលដាលវីរុសនៅភាគខាងត្បូង ដែលនេះជាជោគជ័យដែលត្រូវបានរំពឹងទុកយូរមកហើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
«នេះជាការពិតដែលមានតួលេខអាចបញ្ជាក់បាន។» លោក Locatelli និយាយបែបនេះដោយសំដៅដល់ការធ្លាក់ចុះករណីឆ្លងនៅភាគខាងត្បូង។ ចំនួនអ្នកជំងឺដែលចូលសម្រាកនៅមន្ទីរពេទ្យ បានកើនឡើងក្នុងទំហំខ្ទង់រយនាក់ប៉ុណ្ណោះ ដែលនេះបានថយខ្លាំង បើប្រៀបធៀបនៅរយៈពេលប៉ុន្មានសប្ដាហ៍មុនដែលមានចំនួនពាន់នាក់ក្នុងមួយថ្ងៃៗ។ ខណៈតួលេខអ្នកឆ្លងថ្មីនៅទូទាំងប្រទេសមានប្រហែលមួយពាន់នាក់ ករណីឆ្លងនៅភាគខាងត្បូងមានត្រឹម១១នាក់នៅថ្ងៃទី១៧ ខែមេសា។
ជាមួយនឹងស្ថានភាពល្អប្រសើរនេះ លោក Conte ទំនងជាពិចារណាលើវិធានការបិទប្រទេសដែលនឹងចប់នៅដើមខែឧសភា។ លទ្ធភាពដែលការវិធានការនេះត្រូវបញ្ចប់មានច្រើន បើស្ថានការណ៍បន្តធូរស្រាលខ្លាំងទៀតនោះ។
មេដឹកនាំនៅភាគខាងជើងដែលនៅតែរងគ្រោះខ្លាំងដោយសារ COVID-19 ចង់ឲ្យលោក Conte បើកប្រទេសវិញដោយបញ្ចូលភាគខាងជើងមានទីក្រុង Milan ជាដើម ព្រោះទីនោះជាទីតាំងប្រមូលផ្ដុំសកម្មភាពសេដ្ឋកិច្ចខ្លាំង។ ការបិទប្រទេសកន្លងមក ធ្វើឲ្យសេដ្ឋកិច្ចនៅភាគខាងជើង ជួបបញ្ហាខ្លាំងរហូតមានការបិទរោងចក្រជាច្រើន ហើយអត្រាអ្នកអត់ការងារធ្វើក៏កើនឡើងដែរ។
យ៉ាងណាមិញ ខេត្តនៅភាគខាងត្បូងបារម្ភថា ការបើកប្រទេសវិញនេះ អាចធ្វើឲ្យតំបន់ពួកគេរងគ្រោះជាថ្មី ពិសេសការនាំចូលវីរុសពីភាគខាងជើងដែលមិនទាន់ធូរស្បើយទាំងស្រុង។ លោក Vincenzo De Luca អភិបាលខេត្ត Campania នៅតំបន់ Naples ព្រមានថា លោកអាចបិទព្រំដែនមិនទទួលអ្នកដំណើរពីខាងជើងប្រទេស នៅពេលការបិទប្រទេសត្រូវលើកនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com