COVID-19
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកនាំពាក្យ៖ បើស្ថានភាពល្អដូចពេលនេះ មិនចាំបាច់ដាក់ប្រទេសក្នុងភាពអាសន្នទេ
22, Apr 2020 , 10:44 am        
រូបភាព
លោក ជិន ម៉ាលីន ថ្លែងក្នុងសន្និសីទកាសែតស្តីពីការគ្រប់គ្រងប្រទេស​ ពេលស្ថិតក្នុងភាពមានអាសន្ន នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។ ថតដោយ ទូច សុវណ្ណឌី
លោក ជិន ម៉ាលីន ថ្លែងក្នុងសន្និសីទកាសែតស្តីពីការគ្រប់គ្រងប្រទេស​ ពេលស្ថិតក្នុងភាពមានអាសន្ន នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។ ថតដោយ ទូច សុវណ្ណឌី
លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មើលឃើញថា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានភាពធូរស្បើយ។ លោក បានសរសើររដ្ឋាភិបាលកម្ពុជា ថាអាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ បានល្អជាងប្រទេសមួយចំនួនឆ្ងាយណាស់។



ក្នុងសន្និសីទកាសែតស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលរៀបចំនៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោក ជិន ម៉ាលីន ថ្លែងដូច្នេះថា៖«...បើស្ថានភាពល្អប្រសើរដូចពេលនេះ ខ្ញុំគិតថា មិនមានភាពចាំបាច់ណា ក្នុងការដាក់ឲ្យអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នទេ»។

គិតត្រឹមព្រឹកថ្ងៃទី២២ ខែមេសា កម្ពុជា ព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយ១១០នាក់ហើយ ក្នុងចំណោមអ្នកឆ្លង១២២នាក់ ដោយនៅសល់តែ១២នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល។

លោក ជិន ម៉ាលីន បន្តថា ពេលរដ្ឋាភិបាល ចាប់ផ្តើមតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គឺស្ថានភាពប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ តែឥឡូវនេះ ហាក់ធូរស្បើយវិញ។

លោក លើកឡើងថា បច្ចុប្បន្ន មានប្រទេសជាង៧០ហើយ ដែលប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្ន។ លោក បន្ថែមថា ចំពោះកម្ពុជា មានភាពតឹងតែងជាងប្រទេសខ្លះ ក្នុងការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។

លោក ពន្យល់ថា មានចំណុចសំខាន់ពីរយ៉ាង ដែលកម្ពុជា អាចប្រកាសដាក់ប្រទេសជាតិឲ្យស្ថិតក្នុងភាពអាសន្ន។ លោក អធិប្បាយថា៖«ទីមួយ លុះត្រាតែប្រទេសជាតិ ប្រឈមុខនឹងគ្រោះថ្នាក់ ដោយស្ថានភាពធម្មតាដូចសព្វថ្ងៃ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរអីទេ គឺមិនចាំបាច់ប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្នទេ។ ទីពីរ ត្រូវមានឯកភាពពីឥស្សរជនបីរូប គឺ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា និង ព្រឹទ្ធសភា»។

អ្នកនាំពាក្យរូបនេះ ក៏បកស្រាយដែរថា ពេលច្បាប់នេះ ចូលជាធរមាន មិនមែនមានន័យថា កម្ពុជា ស្ថិតក្នុងភាពមានអាសន្នឡើយ។ លោក បញ្ជាក់ថា ពេលច្បាប់នេះ ចូលធរមានហើយ ទាល់តែព្រះមហាក្សត្រ ប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងភាពមានអាសន្ន ដោយមានឯកភាពពីនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា ទើបប្រទេសកម្ពុជា ស្ថិតក្នុងភាពមានអាសន្ន។

បច្ចុប្បន្ន សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន កំពុងនៅក្នុងដៃក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រោយក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យនិងអនុម័តយល់ព្រមរួច សេចក្តីព្រាងច្បាប់នេះ នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីសុំព្រះអង្គ ប្រកាសឲ្យប្រើប្រាស់៕

អត្ថបទទាក់ទង

Tag:
 COVID-19
  ច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន
© រក្សាសិទ្ធិដោយ thmeythmey.com