ចម្ងល់ ដែលគេចង់ដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានសិទ្ធិអំណាចប៉ុនណា ពេលប្រទេសស្ថិតក្នុងភាពអាសន្ន ត្រូវបានលាតត្រដាងហើយ។ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន បានផ្តល់សិទ្ធិអំណាច១២យ៉ាងដល់រាជរដ្ឋាភិបាល។
សិទ្ធិអំណាចទាំង១២យ៉ាងរបស់រាជរដ្ឋាភិបាល ដែលគេឃើញនៅក្នុងមាត្រា៥ នៃសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រួមមាន៖
១. ហាមឃាត់ ឬកម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។
២. ហាមឃាត់ ឬកម្រិតសិទ្ធិសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។
៣. ហាមឃាត់ ឬកម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ។
៤. ហាមឃាត់ ឬកម្រិតមិនឲ្យបុគ្គលចេញពីលំនៅឋាន ឬទីសំណាក់ណាមួយ។
៥. ដាក់ចេញវិធានការចត្តាឡីស័ក ឬដាក់ឲ្យនៅដាច់ដោយឡែក ក្នុងករណីគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ។
៦. ដាក់ចេញវិធានការទាក់ទងនឹងកំណែននិងជម្លៀសពលរដ្ឋ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៧. ដាក់ចេញវិធានការទាក់ទងនឹងកំណែន ដកហូត គ្រប់គ្រង ចាត់ចែងទ្រព្យសម្បត្តិ និង សេវា ដែលមានភាពចាំបាច់ ដើម្បីឆ្លយតបចំពោះភាពអាសន្ន។ នីតិវិធីនៃការធ្វើកំណែន និងសំណងត្រូវកំណត់ដោយរាជរដ្ឋាភិបាល។ (ចំណុចនេះ មិនបានបញ្ជាក់ឲ្យច្បាស់ឡើយថា ជាទ្រព្យសម្បត្តិរដ្ឋឬឯកជន តែទំនងជាចង់សំដៅលើឯកជនច្រើនជាង)។
៨. ដាក់ចេញវិធានការទាក់ទងនឹងការកំណត់ថ្លៃទំនិញនិងសេវា ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៩. ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
១០. ដាក់ចេញវិធានការឃ្លាំមើល និងតាមដានតាមគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ក្នុងគោលបំណងឆ្លើយតបចំពោះភាពអាសន្ន។
១១. ហាមឃាត់ ឬកម្រិតការចែកចាយ ឬការផ្សព្វផ្សាយព័ត៌មាន ដែលអាចបង្កឲ្យមានការភ័យខ្លាចដល់សាធារណជន ឬចលាចល ឬដែលនាំឲ្យខូចខាតដល់សន្តិសុខជាតិ ឬធ្វើឲ្យមានការភាន់ច្រឡំអំពីស្ថានភាពនៃភាពអាសន្ន។
១២. ដាក់ចេញវិធានការដទៃទៀត ដែលសមស្របនិងចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
ក្រៅពីប្រគល់សិទ្ធិអំណាចទាំង១២យ៉ាងនេះ ទៅឲ្យរាជរដ្ឋាភិបាល មាត្រា៥ ក៏បានចែងដែរថា វិធានការអនុវត្តពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចត្រូវបានដាក់ចេញសម្រាប់ទូទាំងប្រទេស ឬដែនដីកំណត់ជាក់លាក់ណាមួយ។
កថាខណ្ឌចុងក្រោយនៃមាត្រា៥ សង្កត់ធ្ងន់ថា៖«ក្នុងពេលសង្គ្រាម ឬក្នុងកាលៈទេសៈដទៃទៀត ដែលសន្តិសុខជាតិប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដោយរាជរដ្ឋាភិបាល អាចធ្វើឡើងតាមរបបអាជ្ញាសឹក»។
ចំណែក ទោសទណ្ឌ ដែលចែងក្នុងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន មាន៤មាត្រា។
មាត្រា៧ កំណត់ថា ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនារារាំង ឬ បង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១លានរៀលទៅ៥លានរៀល។ អំពើរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ កាលបើអំពើនោះ នាំឲ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ។
មាត្រា៨ ចែងថា ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមបញ្ញាតិ្តនៃមាត្រា៥នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី១សែនរៀលទៅ១លានរៀល។ អំពើមិនគោរពតាមវិធានការ ពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀល កាលបើអំពើនេះ នាំឲ្យមានចលាចលជាសាធារណៈ។
មាត្រា៩ សរសេរថា នីតិបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចចែងក្នុងនៅមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតីបុគ្គល) នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា៧នៃច្បាប់នេះ។ នីតិបុគ្គល ត្រូផ្តន្ទាទោសពិន័យប្រាក់ពី១រយលានរៀលទៅ១ពាន់លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតីបុគ្គល) នៃក្រមព្រហ្មទណ្ឌ។
មាត្រា៩ បន្តថា នីតិបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា៨ នៃច្បាប់នេះ។ នីតិបុគ្គល ត្រូវផ្តន្ទាទោសពិន័យប្រាក់ពី ៥០លានរៀលទៅ ៥រយលានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។
សម្រាប់មាត្រា១០ គឺទាក់ទងនឹងអាជ្ញាធរមានសមត្ថកិច្ច ដោយសរសេរថា អាជ្ញាធរមានសមត្ថកិច្ច ដែលប្រើប្រាស់សិទ្ធិអំណាចដោយរំលោភ ដើម្បីធ្វើតាមទំនើងចិត្ត ហើយបង្កការខូចខាតរូបរាងកាយ ឬទ្រព្យសម្បត្តិអ្នកដទៃ ត្រូវទទួលខុសត្រូវចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត។
យោងតាមមាត្រា៤ ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលដែលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬ ការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធរណៈ ព្រមទាំងគ្រោះថ្នាក់មហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់ពីការរីករាលដាលដល់កម្រិតទូទាំងប្រទេស។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន បានឆ្លងកាត់កិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។ រាជរដ្ឋាភិបាល សម្រេចថា សេចក្តីព្រាងច្បាប់នេះ នឹងមិនឆ្លងកាត់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនោះទេ ដោយនឹងត្រូវបញ្ជូនទៅអង្គការនីតិបញ្ញត្តិតែម្តង។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា តាមរយៈកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន១២មាត្រា។ ប៉ុន្តែ លោក នៅតែឲ្យរង់ចាំការផ្សព្វផ្សាយជាផ្លូវការអំពីសេចក្តីព្រាងច្បាប់នេះ ក្រោយរដ្ឋសភា អនុម័ត។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១ ខែមេសា អ្នកនាំពាក្យក្រសួងយុត្តិធម៌ និយាយថា៖«យើង គ្រាន់តែឃើញសេចក្តីព្រាងច្បាប់ហ្នឹង បែកធ្លាយ តែផ្លូវការយ៉ាងម៉េច គឺទាល់តែចេញពីរដ្ឋសភា។ អ៊ីចឹង ខ្ញុំ មិនទាន់អាចបកស្រាយខ្លឹមសារទេ។ ខ្ញុំ មិនធ្វើអត្ថាធិប្បាយទេ»។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដែលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗតាមទូរស័ព្ទដែរនោះ អះអាងថា មកដល់ពេលនេះ លោក មិនទាន់ទទួលបានសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅឡើយទេ។
យ៉ាងណា គេអាចសន្និដ្ឋានថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ទំនងជានឹងត្រូវបញ្ជូនទៅរដ្ឋសភាឆាប់ៗ ព្រោះឆន្ទៈរបស់រាជរដ្ឋាភិបាល គឺចង់ឲ្យសេចក្តីព្រាងច្បាប់នេះ បានចូលជាធរមានឲ្យបានលឿន ដើម្បីងាយស្រួលសម្រាប់រាជរដ្ឋាភិបាល យកទៅប្រើប្រាស់ បើប្រទេសជាតិ ពិតជាតម្រូវឲ្យដាក់ក្នុងភាពអាសន្នមែននោះ។
ជានីតិវិធី សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា ព្រឹទ្ធសភា និង ក្រុមប្រឹក្សាធម្មនុញ្ញ។ បន្ទាប់មក ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់។
ការកើនឡើងនៃចំនួនអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា គឺជាមូលហេតុចម្បង ដែលនាំឲ្យរាជរដ្ឋាភិបាល ពិចារណាពីការដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្ន ដើម្បីឲ្យរាជរដ្ឋាភិបាល មានលទ្ធភាពកាន់តែខ្ពស់ ក្នុងការគ្រប់គ្រងសភាពការណ៍និងការទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩នេះ។
ដោយសារតែកម្ពុជា មិនទាន់មានច្បាប់សម្រាប់គ្រប់គ្រងប្រទេសពេលមានអាសន្ន ទើបរាជរដ្ឋាភិបាល ផ្តួចផ្តើមគំនិតតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ននេះភ្លាមៗតែម្តង។ អ្នកដែលតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី។
ការតាក់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គឺយកមាត្រា២២នៃរដ្ឋធម្មនុញ្ញ ជាគោល។ មាត្រា២២នៃរដ្ឋធម្មនុញ្ញ ចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។
រាជរដ្ឋាភិបាល អំពាវនាវកុំឲ្យប្រជាជនរដ្ឋនិងអង្គការសង្គមស៊ីវិល បារម្ភចំពោះការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ រាជរដ្ឋាភិបាល លើកហេតុផលថា ការបង្កើតច្បាប់នេះឡើង គឺមិនមែនដើម្បីដាក់គោលដៅរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាជនឡើយ៕