អ្នកនាំពាក្យ​៖ ១​ថ្ងៃ កម្ពុជា ធ្លាប់​តែមាន​ជើងហោះហើរ​១៥០ ឥឡូវ​នៅសល់មិន​ដល់​១០​ផង
COVID-19
ជាតិ
សេដ្ឋកិច្ច
អ្នកនាំពាក្យ​៖ ១​ថ្ងៃ កម្ពុជា ធ្លាប់​តែមាន​ជើងហោះហើរ​១៥០ ឥឡូវ​នៅសល់មិន​ដល់​១០​ផង
24, Apr 2020 , 10:59 pm        
រូបភាព
លោក ជា អូន ធ្វើជាវាគ្មិន ក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពនិងទិសដៅការងារនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលរៀបចំនៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ (រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)
លោក ជា អូន ធ្វើជាវាគ្មិន ក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពនិងទិសដៅការងារនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលរៀបចំនៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ (រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)
ដោយ: ថ្មីៗ
​លោក ជា អូន អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រ​អាកាសចរណ៍​ស៊ីវិល លើកឡើងថា ពីមុន កម្ពុជា មាន​ជើង​ហោះ​យ៉ាងតិច​១៥០ ឬក៏​អាច​ច្រើនជាង​នេះ ជាប្រចាំ​ថ្ងៃ តែ​ចាប់តាំងពី​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩​មក ជើងហោះហើរ​កម្ពុជា ធ្លាក់ចុះ​ជា​បន្តបន្ទាប់ រហូត​នៅសល់​ត្រឹមតែ​៧​ឬ​៨​ជើង​ហោះហើរ​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ​។ លោក មានប្រសាសន៍ថា មិនមែន​កម្ពុជា​នោះទេ បណ្តា​ប្រទេស​នានា ក៏​ជួប​បញ្ហា​នេះដែរ​។ 

 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នា​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០ លោក ជា អូន ថ្លែង​ដូច្នេះ​ថា​៖«​ធ្លាក់ចុះ ធ្លាក់​មែន​ទែ​...​យន្តហោះ ចត​ចោល​ពេញ​ព្រលាន​»​។ យ៉ាងណា លោក អះអាង ទោះ​បាត់​ភ្ញៀវ​ជិះ​យ៉ាងគំហុក​បែបនេះ​ក្តី តែ​មិនទាន់មាន​ក្រុមហ៊ុន​អាកាសចរណ៍​ណាមួយ​នៅ​កម្ពុជា ក្ស័យធន​នោះទេ​។ 
 
​លោក បន្តថា បុគ្គល​ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ អាច​នៅ​ទទួលបាន​ប្រាក់​គោល ឬ​ប្រាក់​គិត​ម៉ោង ដែល​ពួកគេ បាន​បំពេញការងារ ខណៈ​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះទៀត ត្រូវ​ឲ្យ​សម្រាក​នៅផ្ទះ​មួយរយៈ ដោយ​មិន​ទទួលបាន​ប្រាក់ខែ​ឡើយ​។ តែ​លោក បញ្ជាក់ថា ពុំមាន​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ណាមួយ ចង់​ធ្វើបាតុកម្ម ដោយសារតែ​ផ្អាក​ការងារ ហើយ​មិនបាន​ទទួលបាន​ប្រាក់ខែ​នោះទេ ព្រោះ​ពួកគេ យល់​ពី​ស្ថាន​ភាពលំបាក ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩​។​
 
​ដើម្បី​ជួយ​សម្រាល​បន្ទុក រដ្ឋាភិបាល​កម្ពុជា បាន​លើកលែង​ពន្ធ​៣​ខែ ដល់​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា​។ 
 
​ក្នុងជំនួប​ពិភាក្សា​ការងារ នៅ​ថ្ងៃទី​២៤ ខែមេសា លោក Alain Brun អគ្គនាយក​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា (Cambodia Airports) ប្រា​ប់លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ថា ទោះ​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ហើយ​ជើង​ហោះ​កម្ពុជា ធ្លាក់ចុះ​ដល់​ទៅ​៩៥​ភាគរយ​ក្តី តែ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា នៅតែ​រក្សា​ចំនួន​បុគ្គលិក​ជិត​១,៨​ពាន់​នាក់ ឲ្យ​ធ្វើការ​ដដែល ដោយ​មិនមាន​ការកាត់បន្ថយ​ចំនួន​បុគ្គលិក​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​។  
 
​មាន​មូលហេតុ​ពីរ ដែល​ធ្វើ​ឲ្យ​ជើង​ហោះ​នៅ​កម្ពុជា ក៏ដូចជា​នៅ​បណ្តា​ប្រទេស​ដទៃ ធ្លាក់ចុះ គឺ​ទី​១ ភ្ញៀវ​បរទេស ផ្អាក​ការធ្វើដំណើរ​ដោយ​ខ្លួនឯង ដោយ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង ទី​២  ប្រទេស​ខ្លះ បាន​បិទ​ប្រទេស​ខ្លួន ដោយ​មិន​អនុញ្ញាត​មាន​ភ្ញៀវ​បរទេស ចេញចូល​។ 
 
​នៅ​កម្ពុជា ដ្បិត​មិនបាន​បិទ​ប្រទេស​ឬ​បិទ​ជើងហោះហើរ​ទាំងអស់ តែ​បាន​ផ្អាក​ការទទួល​ភ្ញៀវ​បរទេស មកពី​អាមេរិក អេ​ស្ប៉ា​ញ អ៊ីតាលី បារាំង និង អាល្លឺម៉ង់ ដែល​បច្ចុប្បន្ន មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ច្រើនជាងគេ​លើ​ពិភពលោក រួមទាំង​ភ្ញៀវ​មកពី អ៊ីរ៉ង់ ផងដែរ​។ អ៊ីរ៉ង់ ស្ថិតក្នុង​លំដាប់​លេខ​រៀង​ទី​៨ ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ច្រើនជាងគេ​។  
 
​ជាមួយគ្នានេះ កម្ពុជា ថៃ និង វៀតណាម រួមគ្នា​ផ្អាក​ពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​ទៅវិញ​មក លើកលែងតែ​ទំនិញ ដែល​នៅ​បន្ត​ដឹក​ចេញចូល​៕

Tag:
 ​ជើងហោះហើរ​កម្ពុជា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com