អន្តរជាតិ
ឆ្កែ​ញី​អំបូរ Neapolitan Mastiff នៅ​អូស្ត្រាលី​បង្កើតកូន​បាន​២១​ក្បាល​
25, Apr 2020 , 8:30 pm        
រូបភាព
ដោយ: ធីតា
​កំណត់ត្រា​ថ្មី​មួយ បាន​កើតឡើង​នៅក្នុង​ប្រទេស​អូស្ត្រាលី ដោយ​សុនខ​ញី​មួយ​ក្បាល បង្កើតកូន​បាន​ដល់​ទៅ​២១​ក្បាល ក្នុងនោះ​១៨​នៅ​រស់រានមានជីវិត​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍ 7News​។​

 
​ក្រុមគ្រូពេទ្យ​ចំនួន​១០​នាក់​នៅ​គ្លីនិក​ពេទ្យសត្វ​មួយ​ក្នុង​ក្រុង Brisbane រដ្ឋ Queensland ប្រទេស​អូស្ត្រាលី បាន​ប្រតិបត្តិ​ការជួយ​សម្រាលកូន​ដល់​សុនខ​ញី​មួយ​ក្បាល តាមរយៈ​ការវះកាត់​។ សុខន​ញី​នោះ បង្កើតកូន​បាន​ដល់​ទៅ​២១​ក្បាល ប៉ុន្តែ​៣​ក្បាល​បាន​បាត់បង់​ជីវិត​។​
 
 
​សុនខ​អំបូរ Neapolitan Mastiff ដែលមាន​អាយុ​៤​ឆ្នាំ​នោះ ត្រូវបាន​គេ​ជឿថា ជា​ម្ចាស់​កំណត់ត្រា​ថ្មី​នៅ​អូស្ត្រាលី ក្នុងនាម​ជា​សុនខ​ដែល​បង្កើតកូន​បាន​ច្រើនជាងគេ​បំផុត​។ 
 
7News បានបញ្ជាក់​ឲ្យ​ដឹងថា ម្ចាស់​ឆ្កែ បាន​ជួយ​បង្កើតបាន​៣​ក្បាល មុនពេល​ដែល​គាត់​សម្រេច​ដឹក​វា​ទៅ​គ្លីនិក ដោយសារ​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ហើយ តែ​គាត់​មិនមាន​លទ្ធភាព​ជួយ​សត្វ​របស់ខ្លួន​បន្ត​ទៀត​។​
 
​អ្នកស្រី Patrycja Zimmermann គ្រូពេទ្យ​សត្វ​ម្នាក់ បាន​អះអាងថា ក្រោយ​ការថត​ឆ្លុះ ក្រុមការងារ​របស់គាត់​ពិនិត្យឃើញថា កូន​ជាច្រើន​ទៀត​នៅ​រស់រានមានជីវិត​។ «​យើង​ពិនិត្យ​ចង្វាក់បេះដូង​របស់​កូន​សុនខ ហើយក៏​រកឃើញ​មធ្យោបាយ​ភ្លាមៗ​»​។​
 
​បច្ចុប្បន្ន សុនខ​ញី និង​កូនៗ ស្ថិតក្រោម​ការថែរក្សា​យ៉ាង​ដិតដល់​ពី​សំណាក់​ម្ចាស់​របស់​វា ហើយ​មនុស្ស​ជាច្រើន​នាក់ បាន​ស្នើសុំ​ចែករំលែក​កូន​សុនខ​តូចៗ​ទៅ​ចិញ្ចឹម ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​។​
 
​កាលពី​ឆ្នាំ​២០១៩​កន្លងទៅ ក៏មាន​ឆ្កែ​អំបូរ American Bulldog បង្កើតកូន​បាន​១៩​ក្បាល​នៅ​អូស្ត្រាលី ហើយ​។ កំណត់ត្រា​ពិភពលោក គឺ​ឆ្កែ Neapolitan Mastiff មួយ​ក្បាល​បង្កើតកូន​បាន​២៤ កាលពី​ឆ្នាំ​២០០៤៕
 

© រក្សាសិទ្ធិដោយ thmeythmey.com