អន្តរជាតិ
​បច្ចេកវិទ្យា
ហេតុអ្វី​ពេលខ្លះ​ពី​លុត​បង្ហូរ​សាំង​យន្តហោះ​ចោល​ពេល​ហោះហើរ​?
25, Apr 2020 , 10:30 pm        
រូបភាព
​នៅក្នុង​ករណី​ចាំបាច់​មួយចំនួន ពី​លុត​ដែល​បើកបរ​យន្តហោះ​ដឹក​អ្នកដំណើរ​មាន​សិ​ទិ្ធ​ក្នុងការ​បង្ហូរ​សាំង​យន្តហោះ​ចោល​ពីលើ​អាកាស​។ ចុះបើ​សាំង​ជា​ធនធាន​មួយ​ដ៏​សំខាន់ មានតម្លៃ​ថ្លៃ និង​កម្រ​គួរសម ហេតុអ្វី​បានជា​ពី​លុត​ត្រូវ​បង្ខំចិត្ត​បង្ហូរ​សាំង​ចោល​? តើ​អ្នក​នៅលើ​ដី​គួរ​ព្រួយបារម្ភ​ដែរឬទេ​?

 
​មូលហេតុ​ចំបង​គឺ​ដើម្បី​ធានា​សុវត្ថិភាព​របស់​អ្នកធ្វើដំណើរ​នៅលើ​យន្តហោះ​នោះ​។ គេហទំព័រ howstuffswork.com បាន​ពន្យល់ថា យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​មួយចំនួន​ត្រូវបាន​គេ​រចនា​ឡើង​ដោយ​ទាមទារ​ឲ្យ​មាន​ទម្ងន់​ស្រាល​ជាង​នៅពេល​ចុះចត បើ​ប្រៀប​ទៅកាន់​ពេលធ្វើ​ការត្រៀម​ហោះហើរ ពេលខ្លះ​រហូត​ទៅដល់​ជាង​៩០​តោន​ខុសគ្នា​ឯណោះ ទើប​យន្តហោះ​នោះ​អាច​ចុះចត​ដោយ​ធានា​នូវ​សុវត្ថិភាព​បាន​។ មតិ​ខ្លះ​អាច​គិតថា ការចេញ​ហោះហើរ​ជាមួយនឹង​ទម្ងន់​ធ្ងន់​អាច​បង្ក​ភាពលំបាក​ដល់​យន្តហោះ​។ តែ​វា​មិនមែន​ដូច្នេះ​រហូត​នោះទេ​។ 
 
​យន្តហោះ​ដែល​ចុះចត​ជាមួយនឹង​ទម្ងន់​ធ្ងន់​អាច​បង្ក​ឲ្យ​តួរ​របស់​យន្តហោះ រួមទាំង​កង់​ទទួល​សម្ពាធ​សង្កត់​ខ្លាំង ងាយ​បង្ក​ឲ្យ​មាន​ហានិភ័យ​នានា​។ យន្តហោះ​ធុន​តូច​ដូចជា​ប្រភេទ Airbus A320-200 អាច​ផ្ទុក​សាំង​រហូត​ទៅដល់​ប្រមាណ​ជាង​២៣​ពាន់​លីត្រ ដោយ​អាស្រ័យ​លើ​រយៈ​ចម្ងាយ​ហោះ ស្ថានភាព​ផ្លូវអាកាស និង​ទម្ងន់​ផ្ទុក​។ ២៣​ពាន់​លីត្រ​មិនមែនជា​ទម្ងន់​សាមញ្ញ​ប៉ុន្មាន​នោះទេ​។ 
 
​តែ​មុន​ពេលដែល​យន្តហោះ​ជិត​ទៅដល់​គោលដៅ​ដែល​បាន​ព្រាងទុក យន្តហោះ​នោះ​នឹង​បាន​ប្រើប្រាស់​សាំង​របស់ខ្លួន​អស់​មួយចំនួនធំ​រួចមកហើយ ដែល​បានធ្វើ​ឲ្យ​យន្តហោះ​មាន​ទម្ងន់​ស្រាល​ជាង​មុន និង​មាន​សុវត្ថិភាព​ក្នុងការ​ចុះចត​។ ប៉ុន្តែ​ការហោះហើរ​លើ​អាកាស​មិន​ប្រព្រឹត្តិ​ទៅដោយ​រលូន​គ្រប់ពេលវេលា​នោះទេ​។ ពេលខ្លះ​ការចុះ​ចត​ដោយ​អាសន្ន​ត្រូវបាន​គេ​ធ្វើឡើង​ដោយហេតុ​ផល​សំខាន់ៗ​នានា ពេលខ្លះ​ទោះបីជា​ទើបតែ​ចេញ​ផុតពី​អាកាសយានដ្ឋាន​ភ្លាម​ក៏ពិតមែន​។ 
 
​ហេតុដូចនេះ ពី​លុត​ត្រូវ​ហោះហើរ​ត្រលប់​ទៅ​អាកាសយានដ្ឋាន​វិញ​ជាមួយនឹង​បរិមាណ​សាំង​នៅ​ពេញ​ល្អ​។ តែ​គេ​មិនអាច​ចុះចត​ដោយ​សុវត្ថិភាព​ជាមួយនឹង​ទម្ងន់​សាំង​ដ៏​ធ្ងន់​នេះ​ទេ​។ ពី​លុត​មាន​ជម្រើស​ផ្សេងៗ​ដូចជា​ការហោះ​ក្រឡឹង​ទៅវិញទៅមក​ដើម្បី​ចំណាយ​សាំង​ដែលមាន ឬ​គេ​អាច​បង្ហូរ​សាំង​ទាំងនោះ​ចោល​ភ្លាមៗ​។ តែ​នៅក្នុង​កាលៈទេសៈ​អាសន្ន​ខ្លាំង ការហោះ​ក្រឡឹង​មិនមែនជា​ជម្រើស​ល្អ​នោះទេ​។ 
 
​ពី​លុត​គ្រាន់តែ​កាច់​កុងតាក់​តូច​មួយ​ក្នុង​កន្លែង​បើក​ករ រួច​សាំង​ជាច្រើន​ពាន់​លីត្រ​នឹង​ហូរ​ចេញពី​ធុងសាំង​នៅតាម​ស្លាប​ទាំងពីរ​យ៉ាង​ងាយ​ក្នុង​មួយ​នាទីៗ​។ ការព្រមព្រាង​គ្នា​រវាង​អ្នកគ្រប់គ្រង​ដែនអាកាស​នៅតាម​អាកាសយានដ្ឋាន និង​ពី​លុត​ត្រូវបាន​ធ្វើឡើង​មុន​ពេលដែល​យន្តហោះ​អាច​បង្ហូរ​សាំង​បាន​។ ចុះ​វា​បង្ក​ផល​អាក្រក់​ដល់​អ្នក​នៅលើ​ដី​ដែរឬទេ​? 
 
​ភាគច្រើន​វា​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ប៉ុន្មាន​នោះទេ ម្យ៉ាងវិញទៀត​ការបង្ហូរ​សាំង​យន្តហោះ​ក៏​មិនកើត​ឡើងជា​ញឹកញាប់​ដែរ​។ ជារួម សាំង​ដែល​ហូរ​ចេញមក​នឹង​ហួត​ទៅវិញ​នៅក្នុង​បរិយាកាស ជាពិសេស​នៅពេល​មេឃ​ក្តៅ​។ រយៈកម្ពស់​ដែល​ល្អ​សម្រាប់​ពី​លុត​ក្នុងការ​បង្ហូរ​សាំង​គឺ​ខ្ពស់​ជា​១៥០០​ម៉ែត្រ​ពី​ដី​។ តែបើ​គ្មាន​ជម្រើស​នោះទេ ពី​លុត​ត្រូវ​បង្ខំចិត្ត​ទាមទារ​ចុះចត​ទាំង​លើស​ទម្ងន់​។ វា​មិន​ប្រាកដថា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះទេ តែ​ការធ្វើ​ដូចនេះ​ទាមទារ​ឲ្យ​មានការ​ពិនិត្យមើល និង​ជុស​ជួល​ផ្នែក​មួយចំនួន​នៃ​យន្តហោះ ដែល​ពេលខ្លះ​អាច​ចំណាយ​ថវិកា​ច្រើនជាង​ការបង្ហូរ​សាំង​ចោល​នៅលើ​អាកាស​ទៅទៀត​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com