COVID-19
អន្តរជាតិ
អ្នកស្លាប់​ដោយសា​COVID-19 លើ​ពិភពលោក​កើន​ដល់​ជាង ២០​ម៉ឺន​នាក់​
26, Apr 2020 , 10:51 am        
រូបភាព
កូរ៉ូណាវីរុស។ រូបភាព៖ AP
កូរ៉ូណាវីរុស។ រូបភាព៖ AP
ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​សរុប បាន​កើន​ជាង ២០​ម៉ឺន​នាក់ ខណៈ​ករណី​ឆ្លង​មាន​ជិត ៣​លាន​ករណី​។ នេះ​បើតាម​តួលេខ​របស់​វែបសាយ Worldometer គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៦ ខែមេសា​។


​ចាប់តាំងពី​មាន​វត្តមាន​រយៈពេល​ជាង ៤​ខែ​កន្លងមកនេះ COVID-19 បានចាប់ផ្តើម​អុកឡុក​នៅ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង បន្ទាប់មក​ទៅ​អឺរ៉ុប និង​អាមេរិក ហើយ​ពេលនេះ កំពុងតែ​វាយប្រហារ​លើ​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ី ដូចជា​ជប៉ុន សិង្ហ​បុរី ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រទេស និង​តំបន់​ច្រើនជាង​២១០ សុទ្ធ​តែមាន​ករណី COVID-19​។ 
 
​គិត​មក​ត្រឹម​ពេលនេះ ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី បានសម្លាប់​មនុស្ស​ចំនួន​ជាង ២០​ម៉ឺន​នាក់​ហើយ ខណៈ​ករណី​ឆ្លង​មាន​ចំនួន​ជិត ៣​លាន​ករណី និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៨៣​ម៉ឺន​ករណី​។ ប្រទេស ដែលមាន​អ្នកស្លាប់​ច្រើនជាងគេ គឺ​ចេញពី​អាមេរិក និង​បណ្តា​ប្រទេស​អឺរ៉ុប​។ ក្នុងនោះ​មានដូចជា អាមេរិក (​លេខ​១) មាន​ចំនួន​ជាង ៥​ម៉ឺន​នាក់​, អ៊ីតាលី​(​លេខ​២) មាន​ប្រមាណ ២៦០០០​នាក់​, អេ​ស្ប៉ា​ញ (​លេខ​៣) មាន​ចំនួន ២២៩០២​នាក់ បារាំង​(​លេខ​៤) មាន​ចំនួន ២២៦០៤​នាក់ និង​បណ្តា​ប្រទេស​ផ្សេងទៀត​។ 
 
​ចំណែក​នៅក្នុង​តំបន់​អាស៊ាន​វិញ ប្រទេស​មាន​អ្នកស្លាប់​ច្រើនជាងគេ​គឺ ឥណ្ឌូណេស៊ី​(​លេខ​១) មាន​ចំនួន ៧២០​នាក់​, ហ្វីលីពីន​(​លេខ​២) មាន​ចំនួន ៤៩៤​នាក់​, ម៉ាឡេស៊ី​(​លេខ​៣) មាន​ចំនួន ៩៨​នាក់​, ថៃ​(​លេង​៤) មាន​ចំនួន ៥១​នាក់​, សិង្ហ​បុរី​(​លេខ​៥) មាន​ចំនួន ១២​នាក់​, មី​យ៉ាន់​ម៉ា​(​លេខ ៦) មាន​៥​នាក់​, ព្រុយ​ណេ​(​លេង​៧) មាន​១​នាក់ ខណៈពេល កម្ពុជា​, វៀតណាម និង​ឡាវ មិនទាន់មាន​ករណី​ស្លាប់​។ 
 
​សូមបញ្ជាក់ថា មកទល់ពេលនេះ វ៉ាក់សាំង​ប្រឆាំង​COVID-19 មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ​ទេ ពោលគឺ​វា កំពុង​ស្ថិតនៅ​ក្នុងការ​ធ្វើតេស្ត​ពិសោធន៍ និង​ការសាកល្បង​តែប៉ុណ្ណោះ​៕ 

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com