COVID-19
អន្តរជាតិ
ប៉ូលិស​ប៉េ​រូ ១៧​នាក់ ទទួលមរណភាព​ដោយសារ COVID-19
26, Apr 2020 , 4:30 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
 គិត​មក​ត្រឹម​ពេលនេះ ប៉ូលិស​ប៉េ​រូ ចំនួន ១៧​នាក់ បានទទួល​មរណភាព​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ក្នុងអំឡុងពេល​បំពេញការងារ ក្នុង​កាលៈទេសៈ​បិទ​ប្រទេស​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប៉េ​រូ នា​ថ្ងៃទី​២៥ ខែមេសា​។


 
​ប៉េ​រូ បានចាប់ផ្តើម​បិទ​ប្រទេស​តាំងពី​ថ្ងៃទី​១៦ ខែមេសា មក​ម្លេះ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ករណី​ឆ្លង​នៃ COVID-19 នៅក្នុង​ប្រទេស​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រីប៉ូលិស​ជាច្រើន​នាក់ ត្រូវបាន​រដ្ឋាភិបាល​ប៉េ​រូ​ដាក់ពង្រាយ​នៅក្នុង​ប្រទេស ដើម្បី​រឹតបន្តឹង និង​អនុវត្ត​បទបញ្ជា​បិទ​ប្រទេស​នេះ​។ 
 
​បើតាម​ការអះអាង​រប​ស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប៉េ​រូ ដែល​ទើបតែ​ចូលកាន់​តំណែង លោក Gaston Rodriguez គិត​មក​ត្រឹម​ពេលនេះ មន្ត្រី​ប៉េ​រូ​ចំនួន ១៣០០​នាក់ បាន​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​នេះ​។ ក្នុងនោះ​មន្ត្រីប៉ូលិស ចំនួន ១៧​នាក់​បាន​ស្លាប់​ដោយសារ COVID-19​។ ក្នុងចំណោម​នេះ មន្ត្រីប៉ូលិស​ចំនួន ១១​នាក់ គឺ​មក​ទីក្រុង​លី​ម៉ា​។ 
 
​មូលហេតុ ដែល​ធ្វើ​ឲ្យ​មន្ត្រីប៉ូលិស​ឆ្លង​បែបនេះ គឺ​បណ្តាល​មក​អ្នក​ទាំងនោះ​ចូលទៅ​អន្តរាគមន៍ លើ​បុគ្គល ដែល​មិនបាន​គោរព​វិធាន​បិទ​ប្រទេស​រដ្ឋាភិបាល ដែល​បណ្តាល​ឲ្យ​ឆ្លង​បែបនេះ​។ នាពេល​កន្លងមក ប៉េ​រូ​បាន​ចំណាយ​ថវិការ​ចំនួន ១៥​លាន​ដុល្លារ ដើម្បី​ទិញ​ម៉ាស់ ស្រោមដៃ​ជាដើម សម្រាប់​មន្ត្រីប៉ូលិស​។ 
 
​គិត​មក​ត្រឹម​ពេលនេះ ប៉េ​រូ​មាន​ករណី COVID-19 សរុប​ចំនួន ២៥៣៣១​ករណី អ្នកស្លាប់​ចំនួន ៧០០​ករណី និង​អ្នកជា​សះស្បើយ​ចំនួន ៧៧៩៧​ករណី​៕ 
 

Tag:
 ​ប៉េ​រូ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com