COVID-19
អន្តរជាតិ
ប៉េកាំង​ដាក់ចេញ​បទបញ្ជា​ថ្មី ដើម្បី​គ្រប់គ្រង​អត្តចរិត​ប្រជាជន និង​ទប់ស្កាត់ COVID-19
26, Apr 2020 , 5:30 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
 
​ទីក្រុង​ប៉េកាំង បាន​ដាក់ចេញ​បម្រាម​មួយចំនួន ដើម្បី​គ្រប់គ្រង​អត្តចរិត​មិនល្អ​របស់​ប្រជាជន​ខ្លួន និង​ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ រាល់​បុគ្គល​ទាំងឡាយណា ដែល​លើ្ម​សនឹង​បម្រាម​ថ្មី​នេះ នឹង​ទទួល​ទណ្ឌកម្ម​ដោយ​ពិន័យ​ជា​ប្រាក់​។



​បន្ទាប់ពី​មើលឃើញ​អត្តចរិត​មិនល្អ​របស់​ប្រជាជន​ចិន ដែល​រស់នៅក្នុង​ទីក្រុង​ប៉េកាំង​នាពេល​កន្លងមក សាលាក្រុង បានចេញ​បម្រាម​មួយចំនួន ដើម្បី​ឲ្យ​ប្រជាជន​គោរព រក្សា​អនាម័យ ទប់ស្កាត់ COVID-19 និង​ឲ្យ​ក្លាយជា​មនុស្ស​មាន​ចរិត​ត្រឹមត្រូវ (Civilized Behavior) ។ តាម​បម្រាម​ថ្មី​នេះ តម្រូវ​ឲ្យ​ប្រជាជន​រស់នៅក្នុង​ទីក្រុង​ទាំងអស់ ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ហាម​ស្តោះ​ទឹកមាត់​ក្នុង​ទីសាធារណៈ ហាម​ចោល​សម្រាម​ផ្តេសផ្តាស ហាម​ព្រលែង​ឆ្កែ​តាម​ទីសាធារណៈ ហាម​បោះ​វត្ថុ​ផ្សេងៗ​ពីលើ​ទី​ខ្ពស់ ហាម​បន្ទោបង់​តាម​ទីសាធារណ​ជាដើម​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ បម្រាម​នេះ ទាមទារ​ឲ្យ​ប្រជាជន​នៅ​ចម្ងាយ​ពីគ្នា ១​ម៉ែត្រ ការប្រើប្រាស់​ស្លាបព្រា ឬ​ចង្កឹះ​ពេល​ញាំ​អាហារ​រួមគ្នា ពាក់​ម៉ាស់​ជាដើម​។ បើសិន​បើ​បុគ្គល​ណា​ល្មើស​នឹង​ច្បាប់​សម្រាប់​អនុវត្ត​នៅក្នុង​ទីក្រុង​ប៉េកាំង​នេះ អ្នក​ទាំងនោះ នឹងត្រូវ​រង​ពិន័យ​ចាប់ពី ២៨​ដុល្លារ ទៅជិត ៨០​ដុល្លារ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​គិត​មក​ត្រឹម​ពេលនេះ ស្ថានភាព​COVID-19 នៅក្នុង​ប្រទេស​ចិន គឺមាន​ភាព​ធូរស្បើយ​យ៉ាងខ្លាំង​។ ក្នុង​រយៈពេល​ជាង ៤​ខែ​កន្លងមកនេះ ចិន​មាន​ករណី​កូ​រ៉ូ​ណា​វីរុស​សរុប​ចំនួន ៨២៨២៧​ករណី អ្នកស្លាប់ ៤៦៣២​ករណី អ្នកជា​សះស្បើយ​ចំនួន ៧៧៣៩៤​ករណី​។ បើតាម​វែបសាយ Worldometer អ្នកជំងឺ​ចិន ដែល​កំពុង​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ គឺមាន​ត្រឹមតែ ៨០១​ករណី​តែប៉ុណ្ណោះ​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com