នាយករដ្ឋមន្ត្រី​ឡាវ​បញ្ជា​អាជ្ញាធរ​ឲ្យ​បន្ត​រឹតបន្តឹង​សកម្មភាព​ប្រជាជន ព្រោះ​ខ្លា​ចរលក​នៃ​ការឆ្លង Covid-19 ទី​ពីរ​
COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ឡាវ​បញ្ជា​អាជ្ញាធរ​ឲ្យ​បន្ត​រឹតបន្តឹង​សកម្មភាព​ប្រជាជន ព្រោះ​ខ្លា​ចរលក​នៃ​ការឆ្លង Covid-19 ទី​ពីរ​
26, Apr 2020 , 6:30 pm        
រូបភាព
​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថុង​លួ​ន ស៊ី​សូលី​ត បាន​ក្រើនរម្លឹក​ឲ្យ​អាជ្ញាធរ​ឡាវ​ទាំងអស់​បន្ត​រឹតបន្តឹង​ចលនា​ប្រជាជន ដើម្បី​ធានា​ឲ្យ​បាន​ការមិន​ឆ្លង​បន្ត​នៃ​វីរុស​រាតត្បាត Covid-19​។ លោកនាយក​រដ្ឋមន្ត្រី មានការ​ព្រួយបារម្ភ ពីរ​លក​ទី​២ នៃ​វីរុស Covid-19 ដែល​បាន​ផ្ទុះឡើង​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន ថា​អាច​កើតឡើង​នៅ​ឡាវ​ដូចគ្នា​ផងដែរ ប្រសិនបើ​ប្រជាជន​ភ្លេចខ្លួន​មិន​ការពារ​។

 
​គិត​ត្រឹម​ថ្ងៃ​២៥ មេសា ប្រទេស​អាស៊ាន ឡាវ មិនបាន​រកឃើញ​ករ​ណី​ឆ្លង​ថ្មី​នៃ​វីរុស​រាតត្បាត Covid-19 នោះទេ​។ នេះ ក៏​ជា​ថ្ងៃទី​១២ ផងដែរ ដែល​ប្រទេស​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ មិនមាន​អ្នក​ឆ្លង​ថ្មី​នៅក្នុង​ប្រទេស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Laotian Times​។​
 
​យ៉ាងណាក៏ដោយ តាមរយៈ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​ខែមេសា លោកនាយក​រដ្ឋមន្ត្រី ថុង​លួ​ន ស៊ី​សូលី​ត បាន​ទទូច​ឲ្យ​អាជ្ញាធរ​បន្ត​រឹង​បន្តឹង​លើ​ការអនុវត្ត​វិធានការ​ទប់ស្កាត់ និង​គ្រប់គ្រង​ការរីក​រាល​របស់​វីរុស Covid-19​។ លោក សង្កត់ធ្ងន់ថា ការ​អវត្តមាន​នៃ​ករណី​ថ្មី គឺជា​សញ្ញា​ល្អ​មួយ ក៏ប៉ុន្តែ​ប្រទេសមួយ​ចំនួន បាន​ប្រឈម​នឹង​ការឆ្លង​ថ្មី​នៃ​រលក​ទី​ពីរ​របស់​វីរុស ដែល​ចំណុច​នេះ តម្រូវ​ឲ្យ​ប្រជាជន​មិនត្រូវ​ភ្លេចខ្លួន​ឡើយ​។​
 
​ជាមួយនឹង​ការ​ក្រើនរម្លឹក​នេះ ប្រមុខ​រដ្ឋាភិបាល​ឡាវ បានស្នើ​វិធានការ​ថ្មី​ដោយ​ឲ្យ​គណកម្មការ​ទប់ស្កាត់ និង​គ្រប់គ្រង​វីរុស Covid-19 របស់​ប្រទេស វាយតម្លៃ និង​កំណត់​តំបន់ ដែលមាន​ហានិភ័យ​នៃ​ការឆ្លង​វីរុស ទាប មធ្យម និង​ខ្ពស់ ដើម្បី​ជា​ផ្នែក​មួយ​ក្នុងការ​ជូនដំណឹង​ដល់​ប្រជាជន និង​ងាយស្រួល​សម្រាប់​អាជ្ញាធរ​គ្រប់គ្រង​ផងដែរ​។​
 
​ដោយសារតែ​អវត្តមាន​នៃ​ការឆ្លង​ករណី​ថ្មី លោកនាយក​រដ្ឋមន្ត្រី បាន​ឯកភាព​លើ​ការពិចារណា​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការ​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​នៃ​អាជីវកម្ម​មួយចំនួន ដែលមាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ចជាតិ និង​មិនសូវមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​។ ការសម្រេច​ពិចារណា​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល បរាជ័យ​ក្នុងការ​អនុម័ត​បទបញ្ជា​ថ្មី​ក្នុងការ​បន្ធូរ​បន្ថយពន្ធ​លើ​តម្លៃ​ទឹក និង​អគ្គិសនី ដោយសារតែ​រដ្ឋ​មាន​ឱនភាព​នៃ​ចំណូល ៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com