COVID-19
ជាតិ
សម្ព័ន្ធគ្រូពេទ្យផ្លាស់ប្តូរពិសោធន៍ជាមួយអ្នកជំនាញសុខាភិបាលក្រុងសិនជិនស្តីពីការប្រយុទ្ធជំងឺកូវីដ-១៩
× សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំវេទិកាវេជ្ជសាស្ត្រអនឡាញមួយស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងអ្នកជំនាញសុខាភិបាលនៃទីក្រុងសិនជិនប្រទេសចិននៅថ្ងៃទី២៦ខែមេសានេះ។
នៅក្នុងវេទិកាវេជ្ជសាស្ត្រដែលត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញ ក្រុមគ្រូពេទ្យកម្ពុជា និងគ្រូពេទ្យចិននៃទីក្រុងសិនជិនបានបង្ហាញពិសោធន៍នៃការងារទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដល់គ្នាទៅវិញទៅមក។ នេះបើតាមប្រសាសន៍របស់លោក ហេង សុខគង់ ដែលជារដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម និងជាប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានវត្តមាននៅក្នុងវេទិកានោះ។
អភិបាលរងក្រុងសិនជិន ប្រធានគណៈកម្មការកិច្ចការបរទេសនៃក្រុងសិនជិន ប្រធានមន្ទីរពេទ្យ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩នៃទីក្រុងសិនជិន សុទ្ធតែបានចូលរួមក្នុងនៅក្នុងសន្និសីទតាមប្រព័ន្ធអនឡាញនេះជាមួយភាគីកម្ពុជាដែលរួមមានអភិបាលរងរាជធានីលោក នួន ផារ័ត្ន ថ្នាក់ដឹកនាំនៃសម្ព័ន្ធគ្រូពេទ្យ និងក្រុមគ្រូពេទ្យដែលបានចូលរួមធ្វើការងារផ្ទាល់ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
លោក ហេង សុខគង់ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា ក្នុង ចំណោមក្រុមគ្រូពេទ្យជិត២០០នាក់ដែលបានចូលរួមក្នុងសន្និសីទ មានគ្រូពេទ្យ៣៤នាក់ ដែលបានចូលរួមព្យាបាលអ្នកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កកម្មករ។ ប្រធានសម្ព័ន្ធគ្រូពេទ្យបានបន្ថែមយ៉ាងដូច្នេះ៖«យើងបានជ្រើសរើសគ្រូពេទ្យ២រូប ឱ្យចែករំលែកពិសោធន៍ជាមួយក្រុមគ្រូពេទ្យចិន អំពីវិធីសាស្ត្រព្យាបាល និងការថែរក្សាអ្នកជំងឺនៅមជ្ឈមណ្ឌលសុខភាពចាក់អង្រែ ដោយគាត់បានចូលរួមព្យាបាលអ្នកជំងឺបានជាសះស្បើយ និងវិធានប្រតិបត្តធ្វើចត្តាឡីស័កលើកម្មករចំណាកស្រុក»។
បើតាមការបញ្ជាក់របស់លោក ហេង សុខគង់ ភាគីចិនបានកោតសរសើរកម្ពុជា អំពីវិធានការចត្តាឡីស័កកម្មករចំណាកស្រុក និងការត្រៀមរៀបចំក្រុមគ្រូពេទ្យដោយមានជួរទីមួយ និងទីពីរសម្រាប់ការងារព្យាបាលអ្នកជំងឺកូវីដ-១៩។
នៅក្នុងពិធីបើកវេទិកា លោក នួន ផារ័ត្ន បានថ្លែងទៅកាន់អ្នកចូលរួមទាំងពីរភាគីដោយបានកត់សម្គាល់ថា ក្នុងរយៈពេលដែលកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលនៃឆ្លងជំងឺកូវីដ-១៩នេះ កម្ពុជាបានរៀនសូត្រទទួលបានពិសោធន៍៣។ លោកអភិបាលរងរាជធានីបញ្ជាក់យ៉ាងដូច្នេះ៖«ទីមួយ គឺ ការដឹកនាំនយោបាយត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទប់ស្កាត់ការភ័យខ្លាចរបស់ប្រជាជន ដែលអាចគ្រោះថ្នាក់ជាងជំងឺកូវីដ។ ពិសោធន៍ទីពីរ គឺការបង្ហាញឱ្យឃើញថា កម្ពុជាតូច តែមានបេះដូងធំ តាមរយៈការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតក្នុងផែកម្ពុជា ហើយកម្ពុជាព្យាបាលជនបរទេសដោយមិនរើសអើង និងមិនយកកម្រៃ និងទីបី គឺឱកាសដែលបង្ហាញ អំពីមិត្តភក្តិ ល្អជួយគ្នា ក្នុងគ្រាលំបាក។ ដំណាក់កាលកូវីដ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា-កាន់តែរឹងមាំ»។
គួរបញ្ជាក់ថា វេទិកាវេជ្ជសាស្ត្រនេះ ត្រូវបានរៀបចំរួមគ្នាដោយសហភាពសហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា គណៈកម្មាធិការកិច្ចការបរទេសនៃក្រុងសិនជិន និងមូលនិធិក្រុងសិនជិនសម្រាប់កិច្ចសហប្រតិបត្តការ និងការផ្លាស់ប្តូរអន្តរជាតិ ដោយមានការឧបត្ថម្ភពីសាកលវិទ្យាល័យអន្តរជាតិប៊ែលធី និងក្រុមហ៊ុន ហួវេ។
បើតាមការអះអាងរបស់លោក ហេង សុខគង់ ភាគីទីក្រុងសិនជិន ដែលជាទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញផងនោះ បានសន្យាបន្តកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមកជាមួយក្រុមគ្រូពេទ្យកម្ពុជា នៅក្នុងការងារលុបបំបាត់ជំងឺកូវីដ-១៩ ពីប្រទេសចិន កម្ពុជា និងពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com