COVID-19
អន្តរជាតិ
កាណាដា ព្រមាន​ផលប៉ះពាល់​លើ​ការប្រើប្រាស់​ថ្នាំ​គ្រុនចាញ់​ដើម្បី​ព្យាបាល COVID-19
27, Apr 2020 , 1:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​អា​ជ្ាញ​ធរ​សុខាភិបាល​កាណាដា បានចេញ​សេចក្ដី​ព្រមាន​មួយ​ ពាក់ព័ន្ធ​ការប្រើប្រាស់​ថ្នាំ​ព្យាបាល​គ្រុនចាញ់ chloroquine និង hydroxychloroquine ដើម្បី​ព្យាបាល​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ឬក៏​យក​ធ្វើជា​វ៉ាក់សាំង​។ ថ្នាំ​ទាំងពីរ​ប្រភេទ​នេះ ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលាយ​ នៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​ជាច្រើន​ ដើម្បី​ព្យាបាល​ជំងឺ COVID-19 ។ ប៉ុន្តែ​ប្រជាជន​សាមញ្ញ​ជាច្រើន ក៏​នាំគ្នា​ទិញ​ថ្នាំ​ទាំងពីរ​មុខ​នេះ ​ដើម្បី​ការប្រើប្រាស់​ដោយ​មិន​សមស្រប​។​

 
«Chloroquine និង hydroxychloroquine អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។​» នេះ​ជា​ព្រមាន​របស់​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​របស់​កាណាដា ​នៅលើ​វេ​ប​សាយ​របស់ខ្លួន ​នៅ​ថ្ងៃទី​២៥ ខែមេសា​។ ស្ថាប័ន​ដដែល​នេះ ព្រមាន​ទៀតថា ការប្រើប្រាស់​ថ្នាំ​ទាំងពីរ​នេះ គួរ​ធ្វើឡើង​ក្រោម​ការណែនាំ​របស់​គ្រូពេទ្យ​ប៉ុណ្ណោះ​។ 
 
​ការព្រមាន​នេះ ​ធ្វើឡើង​ជាមួយនឹង​ការព្រួយបារម្ភ​ថា ប្រជាជន​កាណាដា​ អាច​ទិញ​ថ្នាំ​ពីរ​មុខ​នេះ​ ដើម្បី​ប្រើប្រាស់​ដោយផ្ទាល់​សំដៅ​ការពារ ឬ​ព្យាបាល​ជំងឺ COVID-19 ។ បើតាម​អាជ្ញាធរ​សុខាភិបាល​កាណាដា ថ្នាំ​ទាំងពីរ​ប្រភេទ​ដែលជា​ថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់​នោះ អាច​បង្កដោយ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ចង្វាក់បេះដូង​។ 
 
​សម្រាប់​កាណាដា chloroquine និង hydroxychloroquine ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​តែ​លើ​ជំងឺគ្រុនចាញ់ និង​ជំងឺ​ទាក់ទង​ប្រព័ន្ធ​ភាពស៊ាំ​ប៉ុណ្ណោះ​។ ថ្នាំ​ពីរ​ប្រភេទ​នេះ ក៏ត្រូវ​រកឃើញថា បង្កបញ្ហា​ឲ្យ​ក្រលៀន និង​ថ្លើម ធ្វើ​ឲ្យ​ជាតិ​ស្ករ​ធ្លាក់ចុះ ហើយ​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ទៀតផង​។ ទីភ្នាក់ងារ​ព័ត៌មាន​សុខាភិបាល​ខាងលើ​អះអាងថា ផល​ប៉ះពា​ក់លើ​ចង្វាក់​បេះដូង ដែលជា​ករណី​ធ្ងន់ធ្ងរ​បំផុត អាចធ្វើ​ឲ្យ​បាត់បង់​ជីវិត​ទៀតផង​។ 
 
​មិនមែន​តែ​កាណាដា​ឡើយ ស្ថាប័ន​គ្រប់គ្រង​ឱសថ​អឺរ៉ុប និង​អាមេរិក ក៏​ធ្លាប់បាន​ព្រមាន​ពី​គ្រោះថ្នាក់​ នៃ​ការប្រើប្រាស់​ថ្នាំ chloroquine និង hydroxychloroquine ផងដែរ បើទោះជា​ថ្នាំ​ទាំងនេះ មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ COVID-19 ។ សូម្បីតែ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​គាំទ្រ​ឲ្យ​ប្រើប្រាស់​ទាំងពីរ​នេះ​ទៀតផង​៕

Tag:
 កាណាដា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com