COVID-19
អន្តរជាតិ
ប្រេ​ស៊ី​ល ជា​ប្រទេស​ទី​១០ មាន COVID-19 ច្រើនជាង​ចិន​
01, May 2020 , 2:25 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ប្រេ​ស៊ី​ល​ក្លាយជា​ប្រទេស​ទី​១០ ដែលមាន​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ច្រើនជាង​ប្រទេស​ចិន​។ តួលេខ​ចុង​ក្រោយនេះ ប្រេ​ស៊ី​ល​បាន​កើនឡើង​ដល់​ជាង ៨,៧​ម៉ឺន​ករណី ដោយ​លើស​ចិន​ប្រមាណ​ជិត ៥​ពាន់​ករណី​។​


 
​ប្រេ​ស៊ី​ល គឺជា​ប្រទេស​ទី​១ ដែលមាន​COVID-19 ច្រើនជាងគេ​នៅក្នុង​តំបន់​អាមេរិក​ខាងត្បូង និង​ក្លាយជា​ប្រទេស​ស្ថិតនៅក្នុង​លំដាប់​ទី​១០ ដែលមាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ច្រើនជាងគេ​នៅលើ​ពិភពលោក និង​ច្រើនជាង​ចិន ដែលជា​ប្រទេស​ផ្ទុះ COVID-19 ដំបូង​ទៅទៀត​។ 
 
​តួលេខ​សរុប​កូ​រ៉ូ​ណា​វីរុស​របស់​ប្រេ​ស៊ី​ល​នៅពេលនេះ​មាន​ចំនួន ៨៧១៨៧​ករណី អ្នកស្លាប់​មាន​ចំនួន ៦០០៦​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៥៩៣៥​ករណី​។ តួលេខ​ឆ្លង​សរុប​របស់​ប្រេ​ស៊ី​ល​នេះ គឺ​លើស​ចិន​រហូតដល់​ជិត ៥​ពាន់​ករណី​ឯណោះ ដោយ​ចិន​មាន​ចំនួន ៨២៨៧៤​ករណី​នៅ​ទូទាំងប្រទេស​។ មួយរយៈ​ចុងក្រោយ​នេះ ប្រេ​ស៊ី​ល​មាន​ករណី​ឆ្លង​ច្រើនណាស់​ក្នុង​មួយថ្ងៃៗ​។ បើ​គិតពី​ថ្ងៃទី​២៨ មកដល់​ថ្ងៃទី​៣០ ខែមេសា ប្រេ​ស៊ី​ល​មាន​ករណី​ឆ្លង​លើសពី ៦​ពាន់​ករណី​រាល់ថ្ងៃ​។ នេះ​បើតាម​តួលេខ​របស់​វេ​ប​សាយ Worldometer​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​សុខាភិបាល​ប្រេ​ស៊ី​ល លោក Edmar Santos នា​ថ្ងៃទី​៣០ ខែមេសា បាន​លើកឡើងថា ដើម្បី​ទប់ស្កាត់ COVID-19 ប្រ​ស៊ី​ល​ត្រូវមាន​ចំណាត់ការ​មួយចំនួន ដូចជា​វិធីសាស្ត្រ​របស់​ចិន​ដែរ​រួមមាន​ការបិទ​ក្រុង ឬ​ប្រទេស​ជាដើម​។ ការលើកឡើង​មន្ត្រី​រូបនេះ ធ្វើឡើង ស្របពេល​លោក​ប្រធានាធិបតី​ប្រេ​ស៊ី​ល ជែ បុល​សូ​ណា​រ៉ូ មិន​ចង់​ឲ្យ​មាន​វិធាន​ការបិទ​ក្រុង ឬ​ប្រទេស​ឡើយ ព្រោះ​បណ្តាល​ឲ្យ​សេដ្ឋកិច្ច​ជួប​វិបត្តិ និង​ប្រជាពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ​កាន់​តែមាន​ចំនួន​ច្រើន​។​
 
​បើតាម​លោក​មន្ត្រី​ដដែល ប្រេ​ស៊ី​លអាច​ប្រឈម​នឹង​បញ្ហា​ដូច​នៅ​អាមេរិក អ៊ីតាលី និង​អេ​ស្ប៉ា​ញ​ជាដើម ព្រោះ​ដោយសារ​អត្រា​អ្នក​ឆ្លង មានការ​កើនឡើង​រាល់ថ្ងៃ បើ​គិត​ចាប់តាំងពី​រកឃើញ COVID-19 នៅក្នុង​ប្រទេស​មក​។ 
 
​សូមបញ្ជាក់ថា កន្លងមក​លោក​ប្រធានាធិបតី​ប្រេ​ស៊ី​ល បាន​បណ្តេញ​រដ្ឋមន្ត្រី​សុខាភិបាល​មួយរូប​ចេញពី​តំណែង​ម្តង​ហើយ ដោយសារ​ទាស់​គ្នា​ជុំវិញ​បញ្ហា COVID-19​។ ការដក​តំ​ណែ​ក​រដ្ឋមន្ត្រី​សុខាភិបាល​បែបនេះ ធ្វើឡើង​បន្ទាប់ពី​លោក បុល​សូ​ណា​រ៉ូ មិន​ពេញចិត្ត​ពី​វិធាន​ការរក្សា​គម្លាត​សុវត្ថិភាព​(Social Distancing) របស់លោក​រដ្ឋមន្ត្រី ដែល​បាន​អនុវត្ត​កន្លងមក​៕

Tag:
 ប្រេ​ស៊ី​ល​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com