អាល្លឺម៉ង នឹងបន្ទូរបន្ថយការរឹតបន្តឹងវិធានការដើម្បីបង្ការជំងឺ COVID-19 ដោយអនុញ្ញាតឲ្យបើកឡើងវិញនូវកន្លែងកំសាន្ត សារមន្ទីរ វិហារសាសនា ក៏ដូចជាហាងលក់ទំនិញតូចៗចាប់ពីថ្ងៃចន្ទដើមសប្តាហ៍ក្រោយទៅ រីឯការបើកសាលារៀន និងព្រឹត្តិការណ៍កីឡានានានឹងសម្រេចនៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ចាប់តាំងតែពីពាក់កណ្តាលខែមីនាមក អាល្លឺម៉ងបានដាក់ចេញវិធានការរឹតត្បិតយ៉ាងតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 ។ ការរឹតត្បិត រួមផ្សំជាមួយប្រព័ន្ទសុខាភិបាលល្អ និងការធ្វើតេស្តទ្រង់ទ្រាយធំ មួយផ្នែកធ្វើឲ្យអាល្លឺម៉ង់អាចទប់ទល់នឹងជំងឺCOVID-19 ប្រសើរជាងប្រទេសផ្សេងដូចជាអាមេរិក អង់គ្លេស និងអ៊ីតាលី។
ការបន្ធូរបន្ថយការរឹតបន្តឹងក៏ចាប់ផ្ដើមបណ្ដើរៗ។ ក្នុងការបន្ធូរការរឹតបន្តឹងដែលចាប់ផ្ដើមពីថ្ងៃទី៤ ខែឧសភា រដ្ឋទាំង១៦ របស់អាល្លឺម៉ង់ កំពុងរៀបចំផែនការបើករង្គសាល និងភោជនីយដ្ឋានឡើងវិញ ក៏ដូចជាអនុញ្ញាតឲ្យមានសកម្មភាពកីឡាមួយចំនួន។ យ៉ាងណាមិញ ការពាក់ម៉ាសនៅពេលទិញទំនិញ និងកន្លែងធ្វើដំណើរសាធារណៈ ក៏ដូចជាការរក្សាគម្លាត១,៥ម៉ែត្រពីគ្នា នឹងត្រូវបន្តអនុវត្តរហូតដល់ថ្ងៃទី១០ ខែឧសភា។
ប៉ុន្តែសកម្មភាពកីឡា និងការប្រមូលផ្ដុំមនុស្សច្រើន អាចនឹងត្រូវរង់ចាំសិន។ អ្នកស្រី អែនជែឡា មឺហ្គែល អធិការបតីអាល្លឺម៉ង់និយាយថា សកម្មភាពប្រមូលផ្តុំដូចជាព្រឹត្តិការណ៍កីឡាទ្រង់ទ្រាយធំ និងការប្រគុំតន្ត្រី នឹងមិនអាចកើតមានមុនថ្ងៃទី៣១ ខែសីហាឡើយ។
អ្នកស្រី មឺហ្គែល ក៏ព្រមានផងដែថា ហានិភ័យនៃការផ្ទុះឆ្លងថ្មីអាចនឹងកើតឡើង ប្រសិនមនុស្សគ្រប់គ្នាលែងប្រុងប្រយ័ត្ន និងភ្លេចអនុវត្តគម្លាតសុវត្ថិភាព។ លោកស្រីនិយាយថា ៖«យើងត្រូវធ្វើការជាមួយគ្នា ដើម្បីកាត់បន្ថយចំនួនអ្នកឆ្លង»។
ប្រជាជនអាល្លឺម៉ង់ រំពឹងថា អាចត្រឡប់ទៅរស់នៅក្នុងស្ថានភាពធម្មតាវិញក្នុងអំឡុងរដូវស្លឹកឈើជ្រុះ ដោយរក្សាចំនួនអ្នកឆ្លងក្រោម ១,៥០០នាក់ក្នុងមួយថ្ងៃ។ នៅពេលមានការផ្ទុះឆ្លងក្នុងខែមេសា អាល្លឺម៉ង់មានករណីឆ្លងជា៦,០០០នាក់ក្នុងមួយថ្ងៃឯណោះ។
គួរបញ្ជាក់ផងដែរថា អាល្លឺម៉ង់ជាប្រទេសដែលមានចំនួនអ្នកឆ្លងលំដាប់ទី៦ ដោយករណីឆ្លងមាន១៦៣,០០៩ ករណី និងស្លាប់ចំនួន៦,៦២៣នាក់។ ចំនួនអ្នកស្លាប់នៅអាល្លឺម៉ង់មានត្រឹមតែ១ភាគ៤ នៃចំនួនអ្នកស្លាប់នៅបារាំង ឫអង់គ្លេស៕