COVID-19
អន្តរជាតិ
UN ចាប់ផ្ដើម​ដឹក​ជំនួយ​តាម​យន្តហោះ​ទៅ​ប្រទេស​ដែល​ងាយ​រងគ្រោះ​ដោយ COVID-19
01, May 2020 , 7:29 pm        
រូបភាព
ដោយ:
​អង្គការសហប្រជាជាតិ​តាមរយៈ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) នៅ​ថ្ងៃទី​៣០ ខែមេសា បាន​បញ្ជូន​យន្តហោះ​ដឹក​ជំនួយសម្ភារៈ​វេជ្ជសាស្ត្រ​ជា​លើកដំបូង​ទៅកាន់​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ COVID-19 ។ យន្តហោះ ក្លាយជា​ប្រឈម​សម្រាប់​យុទ្ធនាការ​នេះ​។

 
​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP) បានជ្រើសរើស​យក​ព្រលានយន្តហោះ​ចំនួន​៩ នៅលើ​សកលលោក ដើម្បី​បំពេញបេសកកម្ម​ជំនួយ​មនុស្ស​ធ​ម៍​ពិសេស​របស់ខ្លួន​។ គេ​រំពឹងថា ចាប់ពី​ដើម​ឧសភា និង​រយៈពេល​ពេញ​មួយខែ​នេះ នឹងមាន​ការហោះហើរ​ចំនួន​៣៥០​ដង ដើម្បី​ដឹកជញ្ជូន​សម្ភារៈ​វេជ្ជសាស្ត្រ ក៏ដូចជា​ក្រុមការងារ​មនុស្ស​ធ​ម៍​ផងដែរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ។​
 
​ជើងហោះហើរ​ដំបូង​របស់ WFP នេះ បាន​ហោះ​ចេញពី​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ដោយ​ដឹកយក​សម្ភារ​វេជ្ជសាស្ត្រ​ចំនួន​១៦​តោន ដែល​ក្នុងនោះ​រួមមាន​ម៉ាស់ ស្រោមដៃ ថ្នាំ និង​ស៊ឺ​រ៉ាំ​ង ទៅកាន់​ប្រទេស​បួ​គី​ណា​ហ្វា​សូ នៅ​តំបន់​អាហ្វ្រិក​ខាងលិច​។​
 
​តាំងតែ​ពី​ពេលដែល​ជំងឺ​COVID-19 ក្លាយជា​ជំងឺ​រាតត្បាត​សកល​មក ការហោះហើរ​នៅ​ជុំវិញ​ពិភពលោក​ត្រូវបាន​ផ្អាក​។ ការផ្អាក​ហោះហើរ​ទាំងនេះ បណ្តាល​ឲ្យ​អ្នកធ្វើការងារ​មនុ​ស្សធ​ម៍​រាប់ម៉ឺន​នាក់​មិនអាច​ហោះហើរ​បាន និង​រាំងស្ទះ​ដល់​ការដឹកជញ្ជូន​សម្ភារៈ​តាមផ្លូវ​អាកាស​ផងដែរ​។​
​លោក Amer Daoudi នាយក​ទទួលបន្ទុក​ការឆ្លើយតប​នឹង COVID-19 របស់ WFP និយាយថា សព្វថ្ងៃនេះ​ការស្វែងរក​យន្តហោះ​ដឹកជញ្ជូន​ជា​រឿង​គួរ​ឲ្យ​រន្ធត់ ព្រោះ​តម្លៃ​បាន​កើនឡើង​ពី​៤​ទៅ​៥ ដង​។ 
 
WFP ដែល​ទទួលបន្ទុក​ភស្តុភារ​របស់​អង្គការសហប្រជាជាតិ បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​នានា​លើ​ប្រតិបត្តិ​ការហោះហើរ​រយៈពេល​វែង និង​រក្សា​តម្លៃ​ឲ្យ​នៅ​សមរម្យ​។​
​លោក Daoudi បាន​បញ្ជាក់ថា​៖ «​យើង​ត្រូវការ​សមត្ថភាព​ដឹកជញ្ជូន​ក្នុង​ការជួយ​ប្រទេស​ដែល​ងាយ​រងគ្រោះ​នៅ​ជុំវិញ​ពិភពលោក ហើយ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​អាច​ទៅដល់​ប្រទេស​ជាង​១២០​។​» 
 
​លោក​បន្ថែមថា ការដឹកជញ្ជូន​តាម​យន្តហោះ​នេះ​នឹងមាន​រយៈពេល​ពី​៣ ទៅ​៤​ខែ ហើយក៏​អាច​ពន្យារ​ផងដែរ​។ ប៉ុន្តែ​ការដឹកជញ្ជូន​នេះ​ក៏​អាច​បញ្ឈប់​ផងដែរ បើសិន​យន្តហោះ​ដឹក​អ្នកដំណើរ បើក​ប្រតិបត្តិការ​ឡើងវិញ​។​
 
​ការដឹកជញ្ជូន​តាម​ជើងយន្តហោះ​នេះ អាច​ប្រើ​បាន​សម្រាប់​ដឹកជញ្ជូន​សម្ភារៈ​មនុ​ស្សធ​ម៍​គ្រប់​ប្រភេទ និង​អ្នកធ្វើការងារ​មនុ​ស្សធ​ម៍​គ្រប់រូប​។ ជើងហោះហើរ​ដំបូង​កាលពី​ថ្ងៃទី​៣០ ខែមេសា បាន​ដឹកជញ្ជូន​សម្ភារៈ​របស់​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) និង​គណៈកម្មាធិការ​កា​ក​បាទ​ក្រហម​អន្តរជាតិ​(ICRC)៕

© រក្សាសិទ្ធិដោយ thmeythmey.com