ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិត​កម្ពុជា​មួយរូប រៀបរាប់​ពី​ការតស៊ូ​ទម្រាំ​បាន​ចូលរៀននៅ​បណ្ឌិតសភាយោធា​ជើង​ទឹក​អាមេរិក​
03, May 2020 , 1:59 pm        
រូបភាព
លោក ពេជ្រ ចន្ទ្រា បច្ចុប្បន្ន​ជា​និស្សិត​យោធា ដែល​កំពុង​បន្ត​ការសិក្សា​នៅ​បណ្ឌិតសភាយោធា​ជើង​ទឹក​ដ៏​ល្បី​មួយ (Naval Academy) នៅឯ​ទីក្រុង អាណា​ប៉ូ​លី រដ្ឋ​ម៉ា​រី​លែ​ន សហរដ្ឋអាមេរិក​។ ស្ថិតក្នុង​ត្រកូល​កសិករ​ក្រីក្រ​មួយ ចន្ទ្រា បាន​ប្រឹងប្រែង​តស៊ូ​ជម្នះ​ឧបសគ្គ​ជាច្រើន ទម្រាំ​អាច​សម្រេចបាន​ក្តី​សុបិន បន្ត​ការសិក្សា​ផ្នែក​យោធា​នេះ​។ មុន​ទទួលបាន​អាហារូបករណ៍​នេះ ចន្ទ្រា ក៏​ធ្លាប់​សិក្សា​នៅឯ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ផងដែរ​។​

 
​ខាងក្រោម​នេះ ជា​បទ​សម្ភាសរ​​វាង​លោក សៅ ផល​និស្ស័យ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ពេជ្រ ចន្ទ្រា​៖
 
​សៅ ផល​និស្ស័យ​៖ លោក​បាន​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ នៅឯ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល តែ​ផ្ទុយទៅវិញ លោក​បាន​ផ្លាស់ប្តូរ​ទៅ​បន្ត​ការសិក្សា​ផ្នែក​យោធា នៅឯ​សហរដ្ឋអាមេរិក​។ តើ​មាន​មូលហេតុ​អ្វី ដែល​បាន​ជំរុញ​ឲ្យ​លោក​ឈានទៅរក​ការផ្លាស់ប្តូរ ទៅ​សិក្សា​ផ្នែក​យោធា​ដូច្នេះ​ទៅវិញ​?
 
​ពេជ្រ ចន្ទ្រា​៖ ការ​មក​បន្ត​ការសិក្សា​ក្នុង​វិស័យ​យោធា គឺជា​សុបិន​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ពិតជា​ចង់​ចូលរួម​បម្រើ​សង្គម និង​ប្រទេសជាតិ​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជឿជាក់​ផងដែរ​ថា វិស័យ​យោធា​ពិត​ជាមាន​តួនាទី​សំខាន់ នៅក្នុង​នយោបាយ​ផងដែរ​។ ជាទូទៅ វិស័យ​យោធា​មិន​ត្រូវបាន​សង្គមមនុស្ស​ទទួលយក​ក្នុង​រូប​ភាពល្អ​ប៉ុន្មាន​នោះទេ​។ ហេតុ​ដូច​ច្នេះ​ហើយ ទើប​ខ្ញុំ​ចង់​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​មុខមាត់​របស់​វិស័យនេះ​ឡើងវិញ​។ ជាមួយគ្នានេះដែរ វា​ក៏​អាចជា​ផ្នែក​មួយ​នៃ​ទំនៀមទម្លាប់​គ្រួសារ​របស់ខ្ញុំ​ផង​។ នេះ​គឺ​ដោយសារតែ​ឪពុក​របស់ខ្ញុំ គាត់​ធ្លាប់​បម្រើការ​ក្នុង​វិស័យ​យោធា​ជើង​ទឹក ហើយ​គាត់​ប្រកាន់ខ្ជាប់​ជានិច្ច នូវ​អ្វី​ដែលជា​ភាពត្រឹមត្រូវ​។ ហេតុ​ដូច​ច្នេះ ទើប​ខ្ញុំ​ចង់​នៅ​បន្ត​កេរតំណែល​មួយ​នេះ តទៅទៀត​។​
 
​សៅ ផល​និស្ស័យ​៖ តើ​លោក​បាន​ត្រៀមលក្ខណៈ និង​រៀបចំខ្លួន​អ្វីខ្លះ មុននឹង​ទទួលបាន​ឱកាស​មួយ​នេះ​? 
 
​ពេជ្រ ចន្ទ្រា​៖ ដើម្បី​ទទួលបាន​អាហារូបករណ៍ សិក្សា​ទៅលើ​ផ្នែក​យោធា​មួយ​នេះ មិនមាន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះទេ​។ បេក្ខជន​នីមួយៗ ត្រូវ​ទាមទារ​ឲ្យ​ធ្វើ​ការប្រលង​ជាប់​តេស្ត​មួយចំនួន ក្នុងនោះ​មាន​ទាំង​ការធ្វើ​តេស្ត​ផ្នែក​រា​ង្គ​កាយសម្បទា និង​ចំណេះដឹង​។ ខ្ញុំ​ត្រូវ​ត្រៀមលក្ខណៈ​អស់​ជាច្រើន​ឆ្នាំ មុន​ការចាប់យក​អាហារូបករណ៍​មួយ​នេះ ជាពិសេស​ជាមួយនឹង​ចំណេះដឹង និង​សមត្ថភាព​ភាសា​អង់គ្លេស​។ ខ្ញុំ​កើត​នៅក្នុង​ភូមិ​ស្រុក​ដាច់ស្រយាល​មួយ ហេតុដូចនេះ​ខ្ញុំ​ពុំបាន​មានឱកាស ក្នុង​ការចូល​សិក្សា​នៅក្នុង​សាលា​អង់គ្លេស​ច្បាស់លាស់​នោះទេ​។ ម្យ៉ាងវិញទៀត កាលនោះ​គ្រួសារ​របស់ខ្ញុំ ក៏​ពុំទាន់​មានលទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​បង់ថ្លៃ​សិក្សា​លើ​ការរៀន​ភាសា​អង់គ្លេស​ដែរ​។ ដូច្នេះ ខ្ញុំ​ត្រូវធ្វើ​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង​។ ខ្ញុំ​បាន​ទៅ​ខ្ចី​សៀវភៅ​អង់គ្លេស​ពី​បណ្ណាល័យ យកមក​រៀនសូត្រ ខ្ញុំ​បានធ្វើ​ការអាន​អត្ថបទ​នៅតាម​កាសែត ស្តាប់​ការបញ្ចេញមតិ ឬ​កិច្ចសន្ទនា នៅតាម​បណ្តាញ​សង្គម​វី​ឌី​អូ YouTube ដើម្បី​ត្រៀម​ក្នុងការ​ប្រលង​តេស្ត​ភាសា​អង់គ្លេស TOEFL ។ បន្ថែម​ពីនេះ​ទៅទៀត បេក្ខជន​ដែល​ត្រៀមប្រលង​យក​អាហារូបករណ៍​មួយ​នេះ ត្រូវមាន​ចំណេះដឹង​ខ្ពស់​លើ​មុខវិជ្ជា​គណិតវិទ្យា នៅក្នុង​ការប្រលង​តេស្ត SAT ឬ Scholastic Aptitude Test ។ ដោយសារតែ​មូលហេតុ​នេះហើយ ទើប​ខ្ញុំ​ត្រូវ​សិក្សា និង​ធ្វើ​លំ​ហាត់​គណិតវិទ្យា​ដោយ​ខ្លួនឯង​យ៉ាងហោចណាស់ កន្លះ​ម៉ោង​ក្នុង​មួយថ្ងៃៗ​។ 
 
​ចំពោះ​កាយសម្បទា​វិញ វា​ហាក់បីដូចជា​មិនមែនជា​បញ្ហា​ដ៏​ធំ សម្រាប់​ខ្លួន​ខ្ញុំ​នោះទេ ដោយសារតែ​ជីវិត​នៅឯ​ស្រុក​ស្រែចម្ការ ទាមទារ​ឲ្យ​ខ្ញុំ​ធ្វើការ​ប្រើប្រាស់​កម្លាំង​ច្រើន ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​មែន ខ្ញុំ​នៅតែ​បន្តធ្វើ​លំ​ហាត់ប្រាណ យ៉ាងហោចណាស់​ក៏​ឲ្យ​បាន​៥​ថ្ងៃ ក្នុង​មួយ​សប្តាហ៍​ដែរ ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ប្រលង​តេស្ត​ផ្នែក​សុខភាព​រា​ង្គ​កាយ Candidate Fitness Assessment ឬ FCA នៅឯ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ 
 
​សៅ ផល​និស្ស័យ​៖ សព្វថ្ងៃនេះ​លោក​កំពុងតែបន្ត​ការសិក្សា​របស់លោក នៅឯ​បណ្ឌិតសភាយោធា​ដែល​ពោរពេញ​ទៅដោយ​កិត្យានុភាព ដែលមាន​ទីតាំងនៅ​ទីក្រុង អាណា​ប៉ូលីស រដ្ឋ​ម៉ា​រី​លែ​ន នៃ​សហរដ្ឋអាមេរិក​។ មាន​មនុស្ស​ជាច្រើនរូប​ស្រមៃ​ចង់បាន​ឱកាស​ដ៏​ល្អ​នេះ​។ តើ​លោក​ផ្ទាល់ខ្លួន​មាន​អារម្មណ៍​យ៉ាងដូចម្តេច​ដែរ ជាមួយ​រឿង​មួយ​នេះ​? 

​ពេជ្រ ចន្ទ្រា​៖ វា​គឺជា​កិ​តិ្ត​យស​ដ៏​មានតម្លៃ​មួយ​សម្រាប់​រូបខ្ញុំ ក្នុងការ​ចូលរួម​សិក្សា​ជាមួយនឹង​ក្រុម​បេក្ខជន​ចំនួន ២២​នាក់​ផ្សេងទៀត​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រីករាយ ពេញចិត្ត​ខ្លាំងណាស់ នៅពេលដែល​ស្ថាប័ន​សិក្សា​មួយ​នេះ បានសម្រេច​ទទួលយក​ខ្ញុំ ពីព្រោះ​អ្វីដែល​ខ្ញុំ​បាន​រំពឹងទុក អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ បានក្លាយ​ទៅជា​ការពិត​។ វា​ពិតជា​ពោរពេញ​ទៅដោយ​ការប្រកួតប្រជែង​ច្រើនណាស់​។ ក្នុងចំណោម​បេក្ខជន​ដាក់ពាក្យ​៣០០០​នាក់ ជុំវិញ​ពិភពលោក មានតែ​១៤​រូប​ប៉ុណ្ណោះ ដែល​ត្រូវបាន​គេ​ជ្រើសរើស​មក​បន្ត​ការសិក្សា​។ ស្ថាប័ន​សិក្សា​មួយ​នេះ ឈាន​ក្នុង​លំដាប់​លេខ​មួយ​មុនគេ នៅក្នុង​ស្ថាប័ន​សិក្សា​រដ្ឋ នៃ​សហរដ្ឋអាមេរិក​នា​ឆ្នាំ​២០២០​នេះ​។ ប៉ុន្តែ​ខ្ញុំ មិនមែន​ចង់​សំដៅថា​ស្ថាប័ន​សិក្សា​មួយ​នេះ ល្អ​ជាង​ស្ថាប័ន​សិក្សា​ផ្សេងៗ​នោះទេ​។ ខ្ញុំ​គ្រាន់តែ​ចង់​សំដៅថា វា​មាន​លក្ខណៈ​ប្លែក​ពី​គេ​តែប៉ុណ្ណោះ​។ អ្វី​ដែលមាន​លក្ខណៈ​ប្លែក​នោះ​គឺថា បណ្ឌិត្យសភា​មួយ​នេះ មាន​បេសកកម្ម​ក្នុងការ​បណ្តុះបណ្តាល​មនុ​ស្ស ឲ្យ​បញ្ចប់​ការសិក្សា និង​ក្លាយទៅជា​អ្នកដឹកនាំ ពោរពេញ​ទៅដោយ​កិត្តិយស រួមទាំង​កម្មាភិបាល​ដែល​ផ្តល់​តម្លៃ​ខ្ពស់ ទៅកាន់​កាតព្វកិច្ច​រប​ស់​ខ្លួន និង​កិត្តិយស​របស់​ប្រទេសជាតិ​ទាំងមូល មិន​ថា​ស្ថិតនៅក្នុង​កាលៈទេសៈ​ស្មុគស្មាញ​ផ្នែក​អារម្មណ៍ ឬ​ផ្នែក​កាយសម្បទា​ប៉ុនណា​នោះឡើយ​។ 
 
​សៅ ផល​និស្ស័យ​៖ ចំពោះ​ការចាប់យក​អាហារូបករណ៍​មួយ​នេះ តើ​មាន​ចំណុច​អ្វីខ្លះ​ដែលជា​ភាព​ប្រឈម​ខ្លាំង​សម្រាប់​លោក​? 
 
​ពេជ្រ ចន្ទ្រា​៖ បើតាម​ទិដ្ឋភាព​របស់ខ្ញុំ​ផ្ទាល់ ការរៀបចំ​ត្រៀមខ្លួន ដើម្បី​ចូល​សិក្សា​នៅក្នុង​ស្ថាប័ន​យោធា​មួយ​នេះ វា​មាន​ភាពលំបាក​ទៅហើយ​។ ប៉ុន្តែ​ការតាំង​ចិត្ត​តស៊ូ​សិក្សា ដើម្បី​ទទួលបាន​សញ្ញាប័ត្រ​ពី​ប​ណ្ទិ​ត្យ​សភា​ជើង​ទឹក​នេះ ពិត​ជាមាន​ភាពលំបាក​ជាង​នោះ​ទៅទៀត​។ ជាពិសេស​ភាសា​អង់គ្លេស ដែល​វា​ជា​ភាសា​ទី​ពីរ​របស់ខ្ញុំ​។ ទោះបីជា​អ្នកជា​បេក្ខជន ដែល​ធ្វើដំណើរ​មកពី​ប្រទេសក្រៅ​ក៏ពិតមែន តែ​អ្នក​ត្រូវ​ទាមទារ​ឲ្យ​មាន​កម្រិត​អង់គ្លេស​ស្តង់ដា ដូច​បេក្ខជន​ក្នុងស្រុក​ដែរ​។ ដំបូង​ឡើយ ខ្ញុំ​បាន​ជួបប្រទះ​ការលំបាក​ជាច្រើន ជាពិសេស​ក្នុង​ការយល់​អំពី​ខ្សែចង្វាក់​នៃ​បទបញ្ជា​យោធា និង​ពាក្យពេចន៍​បច្ចេកទេស​យោធា​ដទៃៗ​ទៀត​។ នេះ​គឺជា​បញ្ហា​ប្រឈម​មួយចំនួន ដែល​ខ្ញុំ​ត្រូវតែ​ជួបប្រទះ ប៉ុន្តែ​បណ្ឌិតសភាយោធា​នេះ បាន​បង្រៀន​ខ្ញុំ​ឲ្យ​ដឹងថា ការ​ប្រឈម គឺជា​ឱកាស​សម្រាប់​ការ​ងើបឈរ​ឡើងវិញ ដោយសារ​មាន​ពាក្យ​មួយ​ឃ្លា និយាយថា​«​កុំ​បោះបង់​កប៉ាល់ របស់​យើង​ចោល​»​។ 
 
​សៅ ផល​និស្ស័យ​៖ ចុះ​ចំពោះ​បេក្ខជន​ជំនាន់​ក្រោយ ដែលមាន​គោលបំណង​ចង់​ចូល​សិក្សា​ផ្នែក​នេះ តើ​ពួកគេ​គួរ ត្រៀមលក្ខណៈ​សម្បត្តិ​អ្វីខ្លះ​ជាមុនសិន​? 
 
​ពេជ្រ ចន្ទ្រា​៖ ដំបូន្មាន​របស់ខ្ញុំ គឺ​ឲ្យ​អ្នក​ដែលមាន​គោលបំណង ក្នុងការ​ចុះឈ្មោះ​ប្រលង​យក​អាហារូបករណ៍​មួយ​នេះ ចូលទៅក្នុង​គេហទំព័រ​របស់​ស្ថានទូត​អាមេរិក​ផ្ទាល់​តែម្តង សម្រាប់​ព័ត៌មាន​បន្ថែមទៀត​។ ជា​រៀងរាល់ឆ្នាំ លក្ខ​ខ​ណ្ខ​ក្នុងការ​ជ្រើសរើស តែងតែមាន​ការផ្លាស់ប្តូ​រ​ទោះបីជា​ការផ្លាស់ប្តូរ​នោះ មាន​លក្ខណៈ​តិចតួច​ក៏ដោយ​។ បើតាម​លក្ខណៈ​ស្តង់ដារ បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍ ត្រូវ​ទាមទារ​ឲ្យ​មាន​ចំណុច​គោល​មួយចំនួន​ដូចជា​៖ ការប្រើប្រាស់​ភាសា​អង់គ្លេស​ច្បាស់លាស់ មាន​ប្រវត្តិ​ល្អ​ក្នុង​ការសិក្សា មាន​រា​ង្គ​កាយ​មាំមួន និង​អាកប្បកិរិយា​ត្រឹមត្រូវ​។ 
 
​សៅ ផល​និស្ស័យ​៖ តើ​លោក​នឹងមាន​គម្រោង​អ្វី ក្នុង​ការជួយ​លើកស្ទួយ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា នៅពេលដែល​លោក​ធ្វើដំណើរ​ត្រឡប់មក​ជាតិ​មាតុភូមិ​វិញ​? 
 
​ពេជ្រ ចន្ទ្រា​៖ ខ្ញុំ​មានជំនឿថា នៅមាន​យុវជន​ជាច្រើន​ទៀត ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការជួយ​លើកស្ទួយ​វាសនា​នៃ​ប្រទេស​កម្ពុជា​។ ខ្ញុំ​ខ្លួនឯង​ផ្ទាល់ មិនមែនជា​យុវជន​ឈានមុខ​លើសគេ​នោះទេ​។ ខ្ញុំ​ក៏​គ្រាន់តែ​ជា​ពលរដ្ឋ​ធម្មតា​មួយរូប ដូច​គេ​ដូច​ឯង​តែប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងនេះ​មែន​ក្តី​ក៏​ខ្ញុំ នឹង​នៅតែ​បន្ត​ចូលរួម​សហការ ធ្វើការ​ជាមួយ​ក្រុមយុវជន​ទាំងនោះ ក្នុង​ការបម្រើ​ប្រជារាស្ត្រ និង​មាតុភូមិ​។ ខ្ញុំ​បានឃើញ​ភាពស្វាហាប់ និង​គោលបំណង​ដ៏​មោះមុត​របស់​ពួកគេ​ក្នុង​ការកសាង​ប្រទេសជាតិ ឲ្យ​បានល្អ​ជាង​មុន​ទៅទៀត​។ ខ្ញុំ​កំពុងតែ​ត្រៀម​ចិត្ត​ត្រៀម​កាយ ក្នុងការ​ចូលរួម​សហកា​រ​ជាមួយ​ពួកគាត់ សម្រាប់​ជោគវាសនា​នៃ​ប្រទេស​កម្ពុជា​ទាំងមូល​។ 
 
​សៅ ផល​និស្ស័យ​៖ តើ​លោក​មាន​ពាក្យពេចន៍​អ្វី និយាយ​ទៅកាន់​យុវជន​កម្ពុជា​ដែរឬទេ​? 
 
​ពេជ្រ ចន្ទ្រា​៖ បងប្អូន​ជនរួមជាតិ​ទាំងឡាយ ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់គ្នា​ថា ខ្ញុំ​ធ្លាប់ជា​ក្មេង​ម្នាក់​ដែល​កើត​នៅក្នុង​ត្រកូល​កសិករ​ក្រីក្រ​តែប៉ុណ្ណោះ ដែល​កាលពី​ពេលនោះ ខ្ញុំ​មាន​ជីដូន​ម្នាក់​មើលថែរក្សា​បីបាច់​ទំនុកបម្រុង​។ បងប្អូន​ទាំងអស់គ្នា​ប្រហែលជា​ឆ្លាត មាំមួន ឬ​មាន​សមត្ថភាព​ផ្សេងៗ​ខ្លាំង​ជា​ខ្ញុំ​ផង​។ ប៉ុន្តែ​សុបិន​របស់ខ្លួន​ខ្ញុំ បានក្លាយ​ទៅជា​ការពិត គឺ​ដោយសារតែ​ខ្ញុំ​មាន​ជំនឿ​ជឿជាក់​ខ្លាំង លើ​ឃ្លា​មួយ​ដែល​និយាយថា​«​ផ្លូវ​ទៅកាន់​ភាពជោគជ័យ គ្មាន​ឡើយ​ដានជើង​របស់​មនុស្ស​ខ្ជិល​ទេ​»​។ ខ្ញុំ​យក​ការ​ប្រឈម​នានា ជា​ឱកាស​ស​ក្នុងការ​រៀនសូត្រ និង​រីក​ធំធាត់​បន្ត ហើយ​ជា​ចុងក្រោយ​«​ខ្ញុំ​មិន​បោះបង់​កប៉ាល់​ខ្ញុំ​ចោល​ឡើយ​»៕



© រក្សាសិទ្ធិដោយ thmeythmey.com