COVID-19
ជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​៖ ទោះ​គ្មាន​ករណី​ឆ្លង​ថ្មី​ជាង​មួយខែ តែ​កម្ពុជា នៅតែ​ប្រយ័ត្ន​នឹង​កូ​វីដ​-១៩
20, May 2020 , 10:22 am        
រូបភាព
រូបពីក្រសួងសុខាភិបាល
រូបពីក្រសួងសុខាភិបាល
​ភ្នំពេញ​៖ រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល អះអាងថា ទោះបី​មិនមាន​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩​ជាង​១​ខែ​ហើយ​ក្តី ក៏​ក្រសួង នៅតែ​បន្ត​ប្រុង​ប្រយ័​ត្ន រួមទាំង​កែសម្រួល​វិធានការ​សុខភាព​សាធារណៈ​និង​វិធានការ​សង្គម​ជា​បណ្ដើរៗ​។ នេះ​បើតាម​សេច​ក្តីជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​។​



​ក្នុង​មហាសន្និបាត​សុខភាព​ពិភពលោក​លើក​ទី​៧៣ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ (Video Conference) រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែល​ចូលរួម​តាម​ប្រព័ន្ធ​វីដេអូ ថ្លែងថា ចលនា​ធនធាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ ផ្នែក​ឯកជន សប្បុរសជន និង សង្គម​ស៊ីវិល បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។ ជាមួយគ្នា​ដែរ ប្រព័ន្ធ​ឆ្លើយ​បន្ទាន់​១១៥ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​។ 
 
​លោក ម៉ម ប៊ុនហេង ថ្លែងថា​៖ «​វិធានការ​មួយចំនួន​ត្រូវបាន​ដាក់​ឡើង ដូចជា​គម្លាត​សង្គម គម្លាត​បុគ្គល ការបិទ​សាលារៀន​បណ្ដោះអាសន្ន ក្លិប​កម្សាន្ត​រាត្រី ដើម្បី​រួមចំណែក​កាត់​បន្ត​ការចម្លង​»​។ លោក បន្តថា ជាមួយគ្នានេះ ក្រសួង​ក៏បាន​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក្នុង​ប្រព័ន្ធ​សុខាភិបាល លើ​ការគ្រប់គ្រង បង្ការ​ការចម្លង និង​ថែ​ទាំង​ពលរដ្ឋ​។ លោក បន្ថែមថា ក្រៅពីនេះ ក្រសួង​បាន​ត្រៀម​ឧបករណ៍​បរិក្ខារ​ពេទ្យ មន្ទីរពិសោធន៍ និង ឧបករណ៍​ផ្សេងទៀត​ទុកជាមុន​ផងដែរ​។ 
 
​មិន​ត្រឹមតែ​គ្មាន​ករណី​ឆ្លង​ថ្មី​ទេ កម្ពុជា ក៏បាន​ព្យាបាល​អ្នកមាន​ជំងឺ​កូ​វីដ​-១៩​ទាំង​១២២​នាក់ ឲ្យ​ជា​ស្បើយ​អស់​ផងដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com