កម្ពុជា អនុញ្ញាតឲ្យភ្ញៀវពីអាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង​ អាល្លឺម៉ង់ និង អ៊ីរ៉ង់ ចូលវិញ
COVID-19
ជាតិ
សង្គមជាតិ
កម្ពុជា អនុញ្ញាតឲ្យភ្ញៀវពីអាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង​ អាល្លឺម៉ង់ និង អ៊ីរ៉ង់ ចូលវិញ
20, May 2020 , 3:35 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (រូបពីក្រសួងសុខាភិបាល)
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (រូបពីក្រសួងសុខាភិបាល)
កម្ពុជា ព្រមទទួលភ្ញៀវមកពីប្រទេសទាំង៦ឡើងវិញ គឺ អាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង​ អាល្លឺម៉ង់ និង អ៊ីរ៉ង់ ក្រោយផ្អាកមួយរយៈកន្លងមក។ នេះបើតាមសេចក្តីប្រកាសរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។



លោក ម៉ម ប៊ុនហេង បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា ការសម្រេចទទួលភ្ញៀវពីប្រទេសទាំង៦នេះឡើងវិញ គឺក្រោយពីមានចំណារយល់ព្រមពីសម្តេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃម្សិល (១៩ឧសភា) និងយោងតាមការវិវត្តសភាពការណ៍នៃជំងឺកូវីដ-១៩។ យ៉ាងណា លោក អះអាងថា គ្រប់អ្នកដំណើរទាំងជនជាតិខ្មែរនិងជនបរទេស ដែលចូលមកកម្ពុជា តម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានជំងឺកូវីដ-១៩ ដែលចេញដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី។

លោក បន្ថែមថា សម្រាប់អ្នកដំណើរជាជនបរទេស គឺត្រូវមានឯកសារធានារ៉ាប់រងសុខភាព ដែលមានទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ ក្នុងអំឡុងស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយត្រូវគោរពតាមវិធានការផ្សេងៗ របស់រដ្ឋាភិបាលកម្ពុជា។ លោក បន្តថា វិធានការតម្រូវឲ្យមានឯកសារធានារ៉ាប់រងសុខភាព មិនត្រូវបានអនុវត្តចំពោះមន្រ្តីនៃតំណាងប្រទេសឬអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និង​ប្រភេទ B ឡើយ។ 

លើសពីនេះ ពេលមកដល់កម្ពុជា ទាំងអ្នកដំណើរជាជនជាតិខ្មែរនិងជនបរទេស នឹងត្រូវបញ្ជូនទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយត្រូវរង់ចាំទទួលលទ្ធផលនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ។ នេះបើតាមសេចក្តីប្រកាសរបស់លោករដ្ឋមន្រ្តីសុខាភិបាលដដែល។ 

តួលេខពី worldometers បង្ហាញថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង៥លាននាក់ហើយ ដោយអាមេរិក នៅតែឈរលេខរៀងទី១ក្នុងតារាង គឺមានអ្នកឆ្លងជាង១,៥លាននាក់ ស្លាប់ជាង៩,៣ម៉ឺននាក់ អេស្ប៉ាញ ឆ្លងជាង២,៧សែននាក់ ស្លាប់ជាង២,៧ម៉ឺននាក់ (លេខរៀងទី៣) អ៊ីតាលី ឆ្លងជាង២,២សែននាក់ ស្លាប់ជាង៣,២ម៉ឺននាក់ (លេខរៀងទី៦), បារាំង ឆ្លងជាង១,៨សែននាក់ ស្លាប់ជាង២,៨ម៉ឺននាក់ (លេខរៀងទី៧), អាល្លឺម៉ង់ ឆ្លងជាង១,៧សែននាក់ ស្លាប់ជាង៨ពាន់នាក់ (លេខរៀងទី៨), និង អ៊ីរ៉ង់ ឆ្លងជាង១,២សែននាក់ ស្លាប់ជាង៧ពាន់នាក់ (លេខរៀងទី១០)។ 

កម្ពុជា បានផ្អាកទទួលភ្ញៀវពីប្រទេសទាំង៦ ចាប់ពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០មក។ ការសម្រេចបើកទទួលភ្ញៀវពីប្រទេសទាំងនេះឡើងវិញ គឺបន្ទាប់ពីកម្ពុជា បានព្យាបាលអ្នកជំងឺកូវីដ-១៩ទាំង១២២នាក់ ជាសះស្បើយអស់។ 

នៅថ្ងៃនេះផងដែរ (២០ឧសភា) លោក ម៉ម ប៊ុនហេង បានសរសេរលិខិតជូនទៅអ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ដើម្បីសុំបើកសារមន្ទីរនៅទូទាំងប្រទេស ឲ្យភ្ញៀវជាតិ-អន្តរជាតិចូលទស្សនាឡើងវិញ ចាប់ពីខែមិថុនា ឆ្នាំ២០២០ទៅ៕  







 

Tag:
 COVID-19
  បើកជើងហោះហើរ
© រក្សាសិទ្ធិដោយ thmeythmey.com