COVID-19
អន្តរជាតិ
តើ​កុមារ​តូចៗ​អាចជា​ប្រភព​ចម្លង COVID-19 ដែរឬទេ​?
21, May 2020 , 7:59 am        
រូបភាព
កុមារីម្នាក់ យកទឹកអាកុលលាងដៃ។ រូបភាព៖ Reuters
កុមារីម្នាក់ យកទឹកអាកុលលាងដៃ។ រូបភាព៖ Reuters
បន្ទាប់ពី​ស្ថានភាព​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) បាន​ថមថយ​បន្តិច ប្រទេស​មួយចំនួន បានចាប់ផ្តើម​បើក​សាលារៀន​វិញ​ហើយ​។ ទាក់ទង​នឹង​បញ្ហា​នេះ មាន​អ្នកវិទ្យាសាស្ត្រ​ជាច្រើន បាន​សិក្សា​ពី​បញ្ហា​ខ្លះៗ ថា​តើ​កុមារ​តូចៗ អាចជា​ប្រភព​ចម្លង COVID-19 ទៅ​មនុស្ស​ផ្សេងទៀត បានដែរ​ឬទេ ក្នុងអំឡុងពេល​បើក​សាលារៀន​នេះ​?



​គិត​មក​ត្រឹម​ពេលនេះ វា​មាន​ករណី​តិចតួច​ប៉ុណ្ណោះ ដែល​ត្រូវបាន​គេ​រាយការណ៍​ថា ក្មេងៗ​មាន​ផ្ទុក COVID-19 បើ​ធៀប​នឹង​យុវជន ឬ​មនុស្ស​ធំ​។ បើតាម​ការសិក្សា​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​អាមេរិក ក្មេងៗ​អាមេរិក ដែលមាន​អាយុ​តិចជាង​១៨​ឆ្នាំ គឺមាន​ចំនួន​តែ​២​ភាគរយ​ប៉ុណ្ណោះ មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​។ ចំណែក​នៅ​ចិន​មាន​ចំនួន ២,២​ភាគរយ​, អ៊ីតាលី​មាន ១,២​ភាគរយ​, និង​អេ​ស្ប៉ា​ញ​មាន​ចំនួន ០,៨​ភាគរយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuter នា​ថ្ងៃទី​២០ ខែឧសភា​។​
 
​យ៉ាងណាក៏ដោយ អ្នកជំនាញ​ជំងឺឆ្លង បាន​អះអាងថា ចំនួន​ខាងលើនេះ គឺ​មិន​រាប់បញ្ចូល​កុមារ ដែល​មិន​ចេញ​រោគសញ្ញា​COVID-19 នោះឡើយ​។ បើតាម​អ្នកជំនាញ កុមារ​តូចៗ អាច​ចេញ​រោគសញ្ញា​រលាក អុជ ឬ​កន្ទួល ដែល​ស្រដៀង​នឹង​ជំងឺ​Kawasaki ហើយ​រោគសញ្ញា​ទាំងនេះ ក៏​អាចទាក់ទង​នឹង​COVID-19​ដែរ​។ 
 
​ដោយឡែក​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​វិញ អ្នកវិទ្យាសាស្ត្រ មិនទាន់​ប្រាកដ​នៅឡើយ​ទេ ថា​តើ​កុមារ​តូចៗ មាន​អត្រា​ឆ្លង COVID-19 ដូច​មនុស្ស​ធំ​ឡើយ​។ បើតាម​របាយការណ៍​មួយ​របស់​សកល​វិទ្យាល័យ​Queensland ដែល​មិនទាន់បាន​ពិនិត្យ​ដោយ​អ្នកជំនាញ ប៉ុន្តែ​មាន​ភាពស្រដៀងគ្នា​ទៅនឹង​ការស្រាវជ្រាវ​របស់​អ៊ីរ៉ង់ បារាំង និង​វិទ្យាស្ថាន​ជាតិ​ហូ​ឡង់ ក្នុងចំណោម​ករណី​ឆ្លង​COVID-19 ជា​ចង្កោម​ក្នុង​គ្រួសារ ត្រូវបាន​គេ​រកឃើញថា ក្មេង​តូចៗ​គឺមាន​ចំនួន​តិចជាង​១០​ភាគរយ ដែលជា​ប្រភព​ចម្លង​COVID-19 ដំបូង​ទៅកាន់​គ្រួសារ​។​
 
​ក្រៅពី​ចំនួន​ក្មេងៗ​ផ្ទុក​COVID-19 និង​អត្រា​ឆ្លង​ពី​ក្មេងៗ​ទៅ​មនុស្ស​ផ្សេងទៀត អ្នកវិទ្យាសាស្ត្រ ក៏បាន​សិក្សា​ពី​បរិ​មាណនៃ​កូ​រ៉ូ​ណាវី​រុស ដែលមាន​នៅក្នុង​ខ្លួន​កុមារ​តូចៗ ដែល​ផ្ទុក​COVID-19 ធៀប​នឹង​មនុស្ស​ធំ​ផងដែរ​។ ការសិក្សា​របស់​វិទ្យាស្ថាន Charité Universitatsmedizin Berlin ប្រទេស​អាល្លឺម៉ង់ លើ​អ្នកជំងឺ​COVID-19​ជិត​៤​ពាន់​នាក់ បាន​បង្ហាញថា បរិមាណ​កូ​រ៉ូ​ណាវី​រុស​ក្នុង​ខ្លួន​ក្មេងៗ គឺ​មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​ពី​មនុស្ស​ធំ​។ ការណ៍​នេះ អ្នក​វិទ្យាស្ថាន​បាន​ព្រមាន​រដ្ឋាភិបាល​ប្រទេស​នីមួយៗ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការបើក​សាលារៀន​ឡើងវិញ ព្រោះ​ក្មេងៗ​អាច​ចម្លង COVID-19 ទៅ​ក្មេងៗ​ដទៃទៀត​៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com