លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី នៅថ្ងៃទី២៦ ខែឧសភា បានអះអាងថា ទាហាន និងប៉ូលិស នឹងត្រូវដាក់ឲ្យចុះអនុវត្តវិធានការគម្លាតសុវត្ថិភាព ក្នុងការរស់នៅប្រចាំថ្ងៃបែបថ្មី ដែលបណ្តាលមកពីជំងឺរាតត្បាតCOVID-19។
ទាហាន និងប៉ូលិសរាប់សែននាក់ នឹងត្រូវដាក់ពង្រាយនៅទូទាំងប្រជុំកោះនៃប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២៦ ខែឧសភា ដើម្បីអនុវត្តវិធានការគម្លាតសុវត្ថិភាព ក្នុងខេត្តចំនួន៤ និងទីក្រុងចំនួន២៥ ដែលត្រូវដាក់ឲ្យអនុវត្តការរឹតត្បិតទ្រង់ទ្រាយធំ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។
«យើងចង់ឲ្យទាហាន និងប៉ូលិស ស្ថិតនៅគ្រប់កន្លែងដែលកុះករទាំងអស់ ដើម្បីអប់រំសាធារណជន. ដូច្នេះទើបពួកគាត់ អាចគោរពតាមការណែនាំ ស្តីពីការរឹតត្បិតទ្រង់ទ្រាយធំ»។ នេះជាការលើកឡើង របស់លោកប្រធានាធិបតី ចូកូ វីដូដូ អំឡុងពេលចុះត្រួតពិនិត្យមើលកន្លែងលក់ថ្នាំពេទ្យ និងអាហារ នៅផ្សារលក់ទំនិញ ដែលត្រូវបានបិទមួយផ្នែក នៅទីក្រុង Bekasi ជាយរដ្ឋធានីហ្សាការតា។
លោក វីដូដូ ក៏អះអាងផងដែរថា គេត្រូវការរក្សាផលិតភាព ប៉ុន្តែត្រូវមានសុវត្ថិភាពពីជំងឺ COVID-19 ផងដែរ។ លោកក៏ណែនាំឲ្យទាហាន និងប៉ូលិស ដែលត្រូវដាក់ឲ្យអនុវត្តគម្លាតសុវត្ថិភាពនេះ ត្រូវធានាថា ប្រជាពលរដ្ឋទាំងអស់ពាក់ម៉ាស់ រក្សាគម្លាតពីគ្នា និងជៀសវាងទៅកន្លែងមានមនុស្សកុះករ។ លោក សង្កត់ធ្ងន់ផងដែរថា អាជ្ញាធរ នឹងត្រូវពិនិត្យមើលលទ្ធផល នៃការអនុវត្តវិធាននេះ ហើយពិចារណាពន្យារវិធានការរឹតត្បិតនៅតំបន់ឯទៀត។
បើតាមប្រភពព័ត៌មានដដែល ប្រធានាធិបតីឥណ្ឌូណេស៊ី អះអាងថា ជាមួយនឹងការដាក់ពង្រាយទាហាន និងប៉ូលិស គេសង្ឃឹមថា អាចនឹងពង្រាបខ្សែកោង COVID និងបន្ថយចំនួនករណីឆ្លងក្នុងប្រទេស។
នៅរដ្ឋធានីនៅហ្សាការតា ការរឹតត្បិតទ្រង់ទ្រាយធំ ត្រូវបានដាក់ឲ្យអនុវត្ត តាំងតែពីថ្ងៃទី១០ ខែមេសាមក និងរំពឹងបញ្ចប់នៅថ្ងៃទី៤ មិថុនាខាងមុខ។ ប៉ុន្តែគេក៏ឃើញមានការលើកឡើងថា ការពន្យារពេលរឹតត្បិត ក៏អាចមានផងដែរ។
ទោះជាយ៉ាងណាក្តី លោក Anies Baswedan អភិបាលរដ្ឋធានីហ្សាការតា កត់សម្គាល់ថា ការដាក់ពង្រាយទាហាន និងប៉ូលិស មិនមែនបានន័យថា វិធានការរឹតត្បិត នឹងត្រូវបញ្ចប់ត្រឹមថ្ងៃ៤ ខែមិថុនា សប្តាហ៍ក្រោយឡើយ។ លោកAnies និយាយាថា អ្វីដែលកំណត់ការពន្យាររយៈពេលរឹតត្បិត មិនមែនអាស្រ័យលើរដ្ឋាភិបាល ឬអ្នកជំនាញឡើយ តែអាស្រ័យទៅលើអាកប្បកិរិយារបស់ប្រជាពលរដ្ឋទៅវិញទេ។
គិតត្រឹមថ្ងៃទី២៧ ខែឧសភានេះ ឥណ្ឌូណេស៊ី មានករណីឆ្លងចំនួន២៣,១៦៥ ករណី និងស្លាប់ចំនួន១,៤១៨នាក់៕