COVID-19
អន្តរជាតិ
WHO សង្ឃឹម​នឹងធ្វើ​ការ​ជាមួយ​អាមេរិក​ក្នុងការ​ទប់ស្កាត់​ជំងឺ​អេ​បូ​ឡា ទោះ​មិនត្រូវ​គ្នា​រឿង COVID-19
11, Jun 2020 , 9:39 pm        
រូបភាព
លោកTedros Adhanom Ghebreyesus អគ្គនាយកWHO-AFP
លោកTedros Adhanom Ghebreyesus អគ្គនាយកWHO-AFP
ដោយ:
​លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​(WHO)​សង្ឃឹមថា​អង្គការ​របស់លោក​អាច​នឹង​ធ្វើការ​ជាមួយ​អាមេរិក ដើម្បី​ទប់ស្កាត់​ការផ្ទុះ​ជំងឺ​អេ​បូ​ឡា​នៅ​ប្រទេស​កុង​ហ្គោ​។ ការអះអាង​របស់លោក Tedros នេះ​ធ្វើឡើង​បើទោះបីជា​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ​បានប្រកាស​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​អង្គការ​នេះ​ជុំវិញ​ការគ្រប់គ្រង​ការផ្ទុះ​ជំងឺ COVID-19​។​

 
«​យើង​មាន​កិច្ចពិភាក្សា​មួយ​យ៉ាង​ល្អ ជាមួយ​លោក​រដ្ឋមន្ត្រី​(​សុខាភិបាល​)​កាលពី​សប្តាហ៍​មុន ហើយ​លោក​ធានាថា អាមេរិក​នឹង​បន្ត​ការប្តេជ្ញាចិត្ត​ក្នុង​ការគាំទ្រ​ការប្រយុទ្ធ​ទៅនឹង​ជំងឺ​អេ​បូ​ឡា​»​។ នេះ​ជាការ​លើកឡើង​របស់លោក Tedros Adhanom Ghebreyesus ប្រមុខ WHO ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃទី​១០ ខែមិថុនា ដោយ​សំដៅលើ​ជំនួប​រវាង​រូបលោក និង​លោក Alex Azar រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​សេវា​ប្រជាជន​អាមេរិក​។​
 
​លោក Tedros ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ជំនួប​នេះ​មិនមែន​បានន័យថា WHO នឹង​ទទួល​ថវិការ​ដោយផ្ទាល់​ពី​អាមេរិក​ឡើយ​។ លោក​បាន​សង្កត់ធ្ងន់ថា​៖ « វា​មិនមែនជា​រឿង​ថវិកា​ឡើយ​។ ទំនាក់ទំនង​(​ជាមួយ​អាមេរិក​) មាន​សារៈសំខាន់​ជាង​។​»
 
​ជំនួប​ខាងលើនេះ ត្រូវបាន​គេ​កត់សម្គាល់ថា​ជាស​ញ្ញា​នៃ​កិច្ចសហប្រតិបត្តិការ​កម្រិត​ខ្ពស់​មួយ​រវាង​ប្រមុខ​WHO លោក​Tedros និង​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បន្ទាប់ពី​លោក ត្រាំ បានប្រកាស​ផ្អាក​ការផ្តល់​ថវិកា​ទៅ​អង្គការ​នេះ​នៅ​ថ្ងៃទី​១៥ ខែមេសា និង​ផ្តាច់ទំនាក់ទំនង​ជាមួយ​WHO នៅ​ថ្ងៃទី​២៩ ខែឧសភា​កន្លងទៅ​។​
 
​កាលពី​ថ្ងៃទី​៨ ខែឧសភា WHO បានប្រកាសថា មាន​មនុស្ស​ច្រើនជាង​១២​នាក់ ត្រូវបាន​គេ​រកឃើញថា​មាន​ជំងឺ​អេ​បូ​ឡា និង​ត្រូវបាន​ចាត់ទុកជា​ការផ្ទុះ​ជំងឺ​នេះ​ជាថ្មី​ម្តងទៀត នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។ ជំងឺ​អេ​បូ​ឡា​ផ្ទុះឡើង​នៅ​ចន្លោះ​ឆ្នាំ ២០១៤ ទៅ​២០១៦ ហើយ​ដែល​ប៉ះពាល់​ខ្លាំង​បំផុត​ដល់​បណ្តា​ប្រទេស​អាហ្វ្រិក​ភាគ​ខាងលិច ដោយបាន​ចម្លង​មនុស្ស​ចំនួន​២៨, ៦៣៧ នាក់ និង​សម្លាប់​មនុស្ស​អស់​១១, ៣១៥​នាក់ ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com