លោក ឃួង ស្រេង៖«នៅភ្នំពេញ ទឹកលិចមិនដល់មួយថ្ងៃទេ...តែមួយម៉ោងឬកន្លះម៉ោង ស្រកវិញហើយ»
ជាតិ
សង្គមជាតិ
លោក ឃួង ស្រេង៖«នៅភ្នំពេញ ទឹកលិចមិនដល់មួយថ្ងៃទេ...តែមួយម៉ោងឬកន្លះម៉ោង ស្រកវិញហើយ»
16, Jun 2020 , 2:15 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពន្យល់ថា ប្រឡាយឬលូ ក្នុងក្រុងនីមួយៗ អាចទប់បានទឹកភ្លៀងតែក្រោម៥០មីលីម៉ែត្រប៉ុណ្ណោះ ក្នុង១វិនាទី តែបើទឹកភ្លៀងលើសពី៥០មីលីម៉ែត្រ ក្នុង១វិនាទី ប្រឡាយឬលូ មិនអាចទប់បានឡើយ។



ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ឃួង ស្រេង លើកឡើងថា ឲ្យតែភ្លៀងធ្លាក់ខ្លាំង ហើយទឹកភ្លៀង ដែលហូរចូលលូឬប្រឡាយ លើសពី៥០មីលីម៉ែត្រ ក្នុង១វិនាទី ទីក្រុងតាមបណ្តាប្រទេសនានា នឹងត្រូវជន់លិច មិនមែននៅតែរាជធានីភ្នំពេញនោះទេ។ លោក បញ្ជាក់ថា៖«ក្រោម៥០មីលីម៉ែត្រ ទឹកយើងធានាបាន តែលើសពី៥០មីលីម៉ែត្រហើយ យើងធានាអត់កើតទេ»។

យ៉ាងណាក៏ដោយ លោក អះអាងថា រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំធ្វើប្រព័ន្ធលូឬប្រឡាយ និងរកមធ្យោបាយផ្សេងៗទៀត ដើម្បីរំដោះទឹកជន់។ លោក ថ្លែងថា មកដល់បច្ចុប្បន្ន នៅរាជធានីភ្នំពេញ ទោះត្រូវលិចលង់ដោយទឹកភ្លៀង ក៏មិនដល់មួយថ្ងៃដែរ។

លោក មានប្រសាសន៍ដូច្នេះថា៖«មោទនភាពធំធេង ដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបាន គឺទឹកមិនមាននៅយូរទេ រយៈពេលមួយម៉ោងឬកន្លះម៉ោង ទឹក ស្រកទៅវិញហើយ»។

លោក រម្លឹកថា កាលពីលោក នៅធ្វើជាអភិបាលរងខណ្ឌទួលគោក ទឹកជន់កន្លែងខ្លះ ក្នុងរាជធានីភ្នំពេញ ដូចជា នៅផ្លូវម៉ៅសេទុង ជាដើម  មានរយៈពេលដល់ពីរសប្តាហ៍ មិនទាន់ហូរអស់ក៏មាន ហើយបណ្តាលឲ្យកើតដង្កូវថែមទៀត។ លោក ដាក់ជាសំណួរថា៖«ឥឡូវ មានទិដ្ឋភាពនេះកើតឡើងទេ ជាមួយប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ? អត់មានទេ»។

សំឡេងរបស់លោក ឃួង ស្រេង


Tag:
 រាជធានីភ្នំពេញ
  ទឹកជន់
© រក្សាសិទ្ធិដោយ thmeythmey.com