អន្តរជាតិ
អូ​ស្រា្ត​លី​រង​ការវាយប្រហារ​តាម​អ៊ីនធឺណិត ខណៈ​នាយករដ្ឋមន្ត្រី​ថា គ្មាន​ប្រទេស​ច្រើន​ទេ​ដែល​អាចធ្វើ​បែបនេះ​
19, Jun 2020 , 7:19 pm        
រូបភាព
រូបភាព៖ EPA-EFE និង Rigzone
រូបភាព៖ EPA-EFE និង Rigzone
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ស្កុ​ត ម៉ូ​រី​សុន (Scott Morrison) នា​ថ្ងៃទី​១៩ ខែមិថុនា បាន​លើកឡើងថា  អូស្ត្រាលី រង​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ទ្រង់ទ្រាយ​ធំ​។ ការប៉ុនប៉ង​វាយប្រហារ​តាម​អ៊ីនធឺណិត​នេះ ធ្វើឡើង​សំដៅលើ​គោលដៅ​រដ្ឋាភិបាល អង្គការ​នយោបាយ អ្នកផ្តល់​សេវា​សំខាន់ៗ​ជាដើម​។ លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​ទៀតថា គ្មាន​ប្រទេស​ច្រើន​ទេ ដែល​អាច​ផ្តើម​វាយប្រហារ​អ៊ីនធឺណិត​លើ​អូស្ត្រាលី​បាន​។

 
​ក្នុង​សន្និសីទកាសែត​នាទី​ក្រុង កង់​ប៉េ​រ៉ា នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក​Scott Morrison បាន​លើកឡើងថា ប្រទេសមួយ បានដាក់​ទិសដៅ​វាយប្រហារ​លើ​អូស្ត្រាលី​គ្រប់​កម្រិត​ទាំងអស់ ដោយ​គិត​ចាប់តាំងពី​រដ្ឋាភិបាល អង្គការ​នយោបាយ អ្នកផ្តល់​សេវា​សំខាន់ៗ និង​ប្រតិបត្តិ​ករ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​។ បន្ថែម​ពីលើ​នេះ ការវាយប្រហារ​តាម​អ៊ីនធឺណិត គឺ​បាន​កើតឡើង​យ៉ាងច្រើន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។​
 
​អូស្ត្រាលី​ដឹង​ច្បាស់​ថា នេះ​គឺជា​វាយ​តាម​អ៊ីនធឺណិត​របស់​ប្រទេសមួយ ដោយ​សម្អាង​លើ​លក្ខខណ្ឌ​មួយចំនួន​។ បើតាម​ការអះអាង​រប​ស់​ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី​រូបនេះ អូស្ត្រាលី​ដឹងថា អ្នក​ដែល​ប៉ុនប៉ង​លួច​ទិន្នន័យ ឬ​វាយប្រហារ​អ៊ី​ន​ធឺ​ណែ​ត​ក្នុងប្រទេស​អូស្ត្រាលី គឺជា​ក្រុម​អ្នកជំនាញ​កម្រិត​ខ្ពស់ ដែលមាន​រដ្ឋ​នៅ​ពីក្រោយ ព្រោះ​ដោយសារ​ទំហំ និង​ទិសដៅ​នៃ​ការវាយប្រហារ​។ ទិសដៅ​នោះ គឺ​ការប៉ុនប៉ង​លួច​ចូល​ទិន្នន័យ​របស់​រដ្ឋាភិបាល ឬ​អង្គការ​សំខាន់ៗ​ជាដើម​។ 
 
​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​មិនបាន​បញ្ជាក់​ទេ ថា តើ​វា​គឺជា​ការវាយប្រហារ​តាម​អ៊ីនធឺណិត​បែបណា​ឡើយ ឬក៏​ប្រទេស​ណា​នៅ​ពីក្រោយ​ដែរ​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន ABC ដែល​បាន​ដកស្រង់​សម្តី​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​នាពេល​កន្លងមក គ្មាន​ទិន្នន័យ​ឯកជន​ច្រើន​ឡើយ ត្រូវបាន​គេ​លួច ហើយ​ការ​វាយ​វាយប្រហារ​តាម​អ៊ីនធឺណិត​ជាច្រើន រង​បរាជ័យ​។​
 
​ទាក់ទង​ការវាយប្រហារ​អ៊ីនធឺណិត​នេះ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​អះអាងថា គ្មាន​ប្រទេស​ច្រើន​ឡើយ ដែល​អាច​ផ្តើម​វាយប្រហារ​អ៊ីនធឺណិត​បែបនេះ​មកលើ​អូស្ត្រាលី ហើយ​អូស្ត្រាលី ក៏​មិន​កំណត់​ពី​ប្រទេស ដែល​ត្រូវ​ទទួលខុសត្រូវ​ពី​បញ្ហា​នេះដែរ​។​
 
​សូមបញ្ជាក់ថា ការបញ្ចេញ​ព័ត៌មាន​វាយប្រហារ​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា  ចិន​គឺជា​អ្នកទទួលខុសត្រូវ​លើ​ការវាយប្រហារ​នៅក្នុង​សភា​អូស្ត្រាលី​។ ទាក់ទិន​នឹង​បញ្ហា​នេះ អូស្ត្រាលី មិនដែល​បញ្ចេញ​ពី​ប្រភព​នៃ​ការវាយប្រហារ​តាម​អ៊ីនធឺណិត​នេះឡើយ ហើយ​ចិន ក៏បាន​បដិសេធ​ពី​បញ្ហា​នេះដែរ​៕ 

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com