អន្តរជាតិ
សមាជិកសភា​អាមេរិក​ស្នើច្បាប់​ហាម​លោក ត្រាំ កាត់បន្ថយ​កងទ័ព​ពី​អាល្លឺម៉ង់​
19, Jun 2020 , 8:19 pm        
រូបភាព
លោក Eliot Engel តំណាងរាស្ត្រ និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាង។ រូបភាព AFP
លោក Eliot Engel តំណាងរាស្ត្រ និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាង។ រូបភាព AFP
ដោយ:
​សមាជិកសភា និង​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​១៨ ខែមិថុនា បានដាក់​ស្នើ​សេចក្តីព្រាងច្បាប់​ដើម្បី​រាំងខ្ទប់​បំណង​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ ក្នុងការ​កាត់បន្ថយ​ចំនួន​កងទ័ព​អាមេរិក ៩​ពាន់​៥​រយ​នាក់ ក្នុងប្រទេស​អាល្លឺម៉ង់​។ ក្នុង​សេចក្ដីស្នើ​នេះ ការដក​ទ័ព​នេះ​នឹងមិន​ទទួលបាន​ថវិកា​ចំណាយ​ឡើយ បើសិនជា​គ្មាន​ការយល់ព្រម​ពីស​ភា​អាមេរិក​។​

 
​លោក Eliot Engel តំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​សភា​តំណាង រួមជាមួយ​លោក Bob Menendez សមាជិក​ព្រឹទ្ធសភា​ក្នុងគណ​កម្ម​ការទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា បានស្នើ​សេចក្តីព្រាងច្បាប់​ក្នុង​គោលបំណង​រាំងខ្ទប់​ផែនការ​កាត់បន្ថយ​កង​ទ័ព​អាមេរិក​នៅ​បរទេស​របស់លោក​ប្រធានាធិបតី​ត្រាំ​។ សេចក្តីព្រាងច្បាប់​នេះ បានបង្ហាញ​ពី​សេចក្តី​បារម្ភ​លើ​ផែនការ​កាត់បន្ថយ​កង​ទ័ព​នៅក្រៅ​ប្រទេស​ពី​សមាជិកសភា​ទាំង​២​បក្ស​។ 
 
​សេចក្តីព្រាងច្បាប់​ខាងលើនេះ នឹង​ហាម​មិន​ឲ្យ​ប្រើប្រាស់​ថវិកា​ដើម្បី​ដកទ័ព ឬ​កាត់បន្ថយ​កងទ័ព​រប​ស់​អាមេរិក​នៅក្នុង​បណ្តា​ប្រទេស​អឺរ៉ុប លុះត្រា​មានការ​ស្នើ​ពី​រដ្ឋាភិបាល​ប្រទេស​នោះ​ផ្ទាល់​តែម្តង​។ បន្ថែម​ពីនេះ​ក្នុងករណី​ចង់​កាត់បន្ថយ​កងទ័ព ឬ​ដកទ័ព ប្រធានាធិបតី ត្រូវ​ប្រកាស​ពី​បំណង​១៨០​ថ្ងៃ​ជាមុន ដោយមាន​ហេតុផល​ត្រឹមត្រូវ មានការ​យល់ព្រម​ពីស​ភា​។ រដ្ឋមន្ត្រី​ការពារជាតិ និង​ការបរទេស​ក៏ត្រូវ​បង្ហាញមុខ​ក្នុងការ​សួរដេញដោល​ចំពោះមុខ​សភា​។ ក្រោម​រដ្ឋធម្មនុញ្ញ​អាមេរិក សភា​តំណាង និង​ព្រឹទ្ធសភា​ជា​អ្នកអនុម័ត​ថវិកា​ចំណាយ​របស់​រដ្ឋាភិបាល​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​តំណាងរាស្ត្រ Engel បាន​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ថា សេចក្តីសម្រេចចិត្ត​រប​ស់​ប្រធានាធិបតី​ក្នុង​ការដក និង​កាត់បន្ថយ​កងទ័ព​នៅ​អាល្លឺម៉ង់​គំរាម​សន្តិសុខ​ជាតិ​។ លោក​បន្ថែមទៀតថា​៖ «​ច្បាប់​របស់​យើង​និង​បញ្ឈប់​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ត្រាំ ក្នុងការ​អនុវត្ត​គោលនយោបាយ​ក៏​មហន្តរាយ​មួយ​នេះ​។​» 
 
​ការស្នើ​សេចក្តីព្រាងច្បាប់​នេះ​ធ្វើឡើង បន្ទាប់ពី​លោក​ត្រាំ នៅ​ថ្ងៃទី​១៥ ខែមិថុនា បានសម្រេច​ចិត្ត​កាត់បន្ថយ​កងទ័ព​អាមេរិក​ដែល​ប្រចាំការ​នៅ​អាល្លឺម៉ង់​ចំនួន​៩​ពាន់​៥​រយ​។ ការកាត់បន្ថយ​ចំនួន​កងទ័ព​នេះ​ត្រូវបាន​លោក ត្រាំ លើកឡើងថា មកពី​អាល្លឺម៉ង់​មិនបាន​បំពេញ​កាតព្វកិច្ច​ក្នុង​ក្របខណ្ឌ​ណា​តូ​ឲ្យ​បាន​ពេញលេញ និង​គេង​ចំណេញ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​៕

© រក្សាសិទ្ធិដោយ thmeythmey.com