សកម្មជន​ហុងកុង Joshua Wong ថា ខ្លួន​ជា​មុខសញ្ញា​សំខាន់​នៃ​ច្បាប់​សន្តិសុខ​ជាតិ​
អន្តរជាតិ
សកម្មជន​ហុងកុង Joshua Wong ថា ខ្លួន​ជា​មុខសញ្ញា​សំខាន់​នៃ​ច្បាប់​សន្តិសុខ​ជាតិ​
26, Jun 2020 , 8:29 pm        
រូបភាព
​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង Joshua Wong បាន​និយាយថា ខ្លួន​ជា​គោលដៅ​សំខាន់​នៃ​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ទីក្រុង​ប៉េកាំង​កំពុង​តាក់តែង​ដើម្បី​អនុវត្ត​នៅ​ប៉េកាំង​។ មិនមែន​តែ​ខ្លួនឯង​ម្នាក់​ទេ Wong ក៏បាន​ទស្ស​ទាយ​មុន​ថា មនុស្ស​ឯទៀត​ដែលមាន​និន្នាការ​ប្រឆាំង​ប៉េកាំង ក៏​អាចជា​ជនរងគ្រោះ​ក្រោម​ច្បាប់​នេះដែរ​។​

 
​គម្រោង​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ហុងកុង បាន​លេច​រូបរាង​បណ្ដើរៗ​ហើយ ដោយ​ទីក្រុង​ប៉េកាំង​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​មួយចំនួន​ទាក់ទង​ច្បាប់​ដែល​ហាមឃាត់​ការផ្ដាច់​ខ្លួន វិទ្ធង្សនា ភេរវកម្ម និង​ការចូល​ដៃ​ជាមួយ​បរទេស​ជាដើម​។ យ៉ាងណាមិញ គម្រោង​ច្បាប់​នេះ មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​សកម្មភាព​ខុសឆ្គង ឬ​ទោសទណ្ឌ​ជាក់លាក់​ឡើយ​។​
 
Joshua Wong សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ ដែលមាន​ជំហរ​ប្រឆាំង​ចិន​ដាច់ខាត​នោះ ជឿជាក់ថា ខ្លួន​ជា​មុខសញ្ញា​សម្រាប់​ប៉េកាំង​តែម្ដង​។ កន្លងទៅ Wong បាន​ប្រមូលផ្ដុំ​មនុស្ស​តវ៉ា​ការ​លូកដៃ​របស់​ចិន​ក្នុង​កិច្ចការ​ហុងកុង គៀងគរ​មនុស្ស​ធ្វើបាតុកម្ម​ប្រឆាំង​ចិន​នៅ​បរទេស ជួប​អ្នកនយោបាយ​អាមេរិក អឺរ៉ុប និង​កន្លែង​ឯទៀត​។ ទីក្រុង​ប៉េកាំង​បាន​ហៅ Wong ជា​ដៃជើង​របស់​បរទេស​។ 
 
​ដោយសារ​សកម្មភាពរ​បស់​ខ្លួន អ្នកនយោបាយ​វ័យក្មេង​រូបនេះ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ខ្លួនគេ​អាច​គោលដៅ​របស់​ប៉េកាំង​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​។ ប៉ុន្តែ​រូបនេះ​មិន​ភ័យខ្លាច​នឹង​ការជាប់គុក​ច្រ​វ៉ា​ក់​ឡើយ ព្រោះ​ក្ដីបារម្ភ​ធំជាងគេ គឺ​ច្បាប់​ថ្មី​នេះ នឹង​ក្លាយ​ជាការ​គំរាម​លើ​អនាគត​របស់​ហុងកុង ដែល​មិន​ត្រឹម​ជា​រឿង​ផ្ទាល់ខ្លួន​ឡើយ​។​
 
«​អ្នកសារព័ត៌មាន ក្រុម​សិទ្ធិមនុស្ស អង្គការក្រៅរដ្ឋាភិបាល និង​ជនបរទេស អាច​ក្លាយជា​ចំណី​របស់​ច្បាប់​ថ្មី ព្រោះ​សំឡេង​ប្រឆាំង​ទាំងអស់​សុទ្ធតែ​អាច​ត្រូវបាន​ចោទ​ពីបទ​ញុះញង់​ឲ្យ​ធ្វើ​វិទ្ធង្សនា ដូច​ស្ថានការណ៍​នៅ​ចិន​។​» នេះ​ជាការ​លើកឡើង​របស់លោក Wong ។​
 
​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន នឹង​បើក​កិច្ចប្រជុំ​ម្ដង​ដើម្បី​ពិភាក្សា​លើ​គម្រោង​ច្បាប់​សន្តិសុខ​ជាតិ​នេះ មុននឹង​អនុម័ត​។ ក្រោយ​ការអនុម័ត ច្បាប់​នេះ​នឹង​បញ្ចូល​ទៅក្នុង​មូលដ្ឋាន​គតិយុត្តិ​របស់​ហុងកុង​ដោយផ្ទាល់ ដោយ​មិនចាំបាច់​ឆ្លង​សភា​ហុងកុង​ពិភាក្សា​សិន​ឡើយ ព្រោះ​វា​ជា​ច្បាប់​ទាក់ទង​សន្តិសុខ​ជាតិ​។ 
 
​ប្រទេស​លោកខាងលិច ពិសេស​អាមេរិក និង​អឺរ៉ុប បានបង្ហាញ​ក្ដីបារម្ភ​ចំពោះ​វាសនា​សិទ្ធិ​ស្វ័យភាព​កម្រិត​ខ្ពស់​ដែល​ត្រូវបាន​សន្យា​ផ្ដល់​ឲ្យ​ហុងកុង​ពី​សំណាក់​ចិន​ពេល​ទទួលយក​ដែនដី​នេះ​ពី​អង់គ្លេស​នៅ​ឆ្នាំ​១៩៩៧ ។ អាមេរិក​ឯណោះ​ថែមទាំង​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​ចិន​ដែល​ពាក់ព័ន្ធ​ការ​ការបង្កើត​ច្បាប់​សន្តិសុខ​នេះ​ទៀតផង បន្ថែម​ពី​ការដក​ឋានៈ​ពិសេស​ជា​ដៃគូ​ពាណិជ្ជកម្ម​។ ចិន​បាន​ហៅ​ការប្រឆាំង​នេះ ជាការ​បំពាន​កិច្ចការ​ផ្ទៃក្នុង​៕

Tag:
 ហុងកុង​
  ចិន​
  Joshua Wong
© រក្សាសិទ្ធិដោយ thmeythmey.com