​កម្មវិធី​ទូរ​សព្ទ​ដៃ នឹង​ត្រូវបាន​ប្រើប្រាស់​ជំនួស​សោរ​រថយន្ត​?
រថយន្ត
អន្តរជាតិ
​កម្មវិធី​ទូរ​សព្ទ​ដៃ នឹង​ត្រូវបាន​ប្រើប្រាស់​ជំនួស​សោរ​រថយន្ត​?
29, Jun 2020 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន Apple និង BMW កំពុង​សហការគ្នា​លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា ដើម្បី​ឲ្យ​អ្នកប្រើប្រាស់ iPhone អាច​បញ្ជា​ទូរ​សព្ទ​ជំនួស​សោរ​រថយន្ត​បាន​។ ប៉ុន្តែ​លោក Alain McKenna អ្នកកាសែត​កាណាដា និង​ជា​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា វាយតម្លៃថា គម្រោងការណ៍​នេះ ត្រូវតែ​ធ្វើ​ឲ្យ​បានល្អ​ឥតខ្ចោះ ដើម្បី​ជៀសវាង​ការបង្ក​បញ្ហា​បន្ថែម​សម្រាប់​អ្នកប្រើប្រាស់​។​

 
«​ការដំឡើង​កម្មវិធី​ប​ច្ចេក​វិទ្យា​ផ្សេងៗ​នាពេល​បច្ចុប្បន្ននេះ ហាក់ដូច​មិន​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​នោះឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Alain McKenna សហ​អ្នកនិពន្ធ​ទស្សនា​វ​ដ្តី​កាណាដា Annuel de l’Automobile ជុំវិញ​គម្រោង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ទូរ​សព្ទ​ដៃ​ជំនួស​សោរ​រថយន្ត​។​
 
​លោក​ទទួលស្គាល់ថា បច្ចេកវិទ្យា​ផ្សេងៗ បង្ហាញ​ពី​ភាព​ឆ្លាត​វៃ​ក្នុងការ​ច្នៃប្រឌិត ដោយ​អ្នកបើកបរ​រថយន្ត​អាច​ប្រើប្រាស់​ទូរ​សព្ទ​ចាក់សោរ​រថយន្ត​ជំនួស​បាន​នៅពេលដែល​ពួកគាត់​ភ្លេច​សោរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកជំនាញ​រូបនេះ មើលឃើញថា វា​អាច​បង្កបញ្ហា​កាន់​ខ្ពស់​ផ្នែក​សុវត្ថិភាព ប្រសិនបើ​មិន​ធ្វើ​ឲ្យ​បាន​ស្តង់ដា​ខ្ពស់​ទេនោះ​។​
 
​ដូចជា​ការបំពាក់​បច្ចេក​វិទ្យា​ផ្សេងៗ​កន្លងមក​ក្នុង​រថយន្ត លោក McKenna ក៏បាន​មើលឃើញ​ផងដែរ​ថា ផែនការ​របស់ Apple និង BMW ច្បាស់​ជា​នឹងមិន​បង្ក​ភាព​ស្មុ​គ្រ​ស្មាញ​នោះដែរ ហើយ​អាច​កែប្រែ​ទម្លាប់​មនុស្ស​ដែល​ធ្លាក់​តែ​ដាក់​សោរ​រថយន្ត​ក្នុង​ហោប៉ៅ ទៅប្រើ​ប្រាស់​កម្មវិធី​ក្នុង​ទូរ​សព្ទ​ដៃ​ជំនួស​វិញ​។​
 
​ប៉ុន្តែ​ជាមួយគ្នា​នោះ លោក​លើកឡើង​ពី​ចំណុច​អវិជ្ជមាន​ដ៏​ធំ​មួយ គឺ​ការពឹងផ្អែក​ទាំងស្រុង​ទៅលើ​ក្រុមហ៊ុន Apple ដូច្នេះ​មានន័យថា អ្នកបើករថយន្ត​មិនអាច​ផ្លាស់ប្តូរ​ម៉ាក​ទូរ​សព្ទ​បាន​នោះឡើយ នៅពេលដែល​ពួកគាត់​ទាញយក​កម្មវិធី​សោរ​រថយន្ត​នោះ​ទៅប្រើ​ប្រាស់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម