COVID-19
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អង្គការជាតិ-អន្តរជាតិពីរ ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកជាប់ឃុំខ្លះ ដោយបារម្ភពីការរាលដាលកូវីដ
24, Jul 2020 , 2:30 pm        
រូបភាព
រូបពន្ធនាគារមួយ នៅកម្ពុជា (រូបពីអង្គការលីកាដូ)
រូបពន្ធនាគារមួយ នៅកម្ពុជា (រូបពីអង្គការលីកាដូ)
ដោយ: ថ្មីៗ
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការលីកាដូ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដោយបានរម្លឹកពីប្រសាសន៍របស់សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថា នឹងមានការដោះលែងជាប់ឃុំ១ម៉ឺននាក់។



តាមរយៈសេចក្តីថ្លែងការណ៍ អង្គការលើកលែងទោសអន្តរជាតិ និងអង្គការលីកាដូ បង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងរក្សាការសន្យា ហើយដោះលែងអ្នកជាប់ឃុំ១ម៉ឺននាក់ ដោយក្នុងនោះ មានអ្នក ដែលប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងវីរុសកូវីដ-១៩ និងអ្នកជាប់ឃុំដទៃទៀត ដែលបានប្រព្រឹត្តបទល្មើសស្រាល ដូចជា ស្ត្រីជាប់ឃុំ ដែលមានកូនតូចនៅជាមួយ ព្រមទាំងអ្នកជាប់ឃុំជាអនីតិជនផងដែរ។

ផ្អែកលើសេចក្តីថ្លែងការណ៍ ក្មេងៗ និងស្ត្រីមានផ្ទៃពោះ ប្រឈមនឹងហានិភ័យ និងបញ្ហាយ៉ាងខ្លាំង ដោយសារការឃុំឃាំង បានកើនឡើង។ សេចក្តីថ្លែងការណ៍ រំលេចទៀតថា ចំនួនក្មេង តាមម្ដាយ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីរាជរដ្ឋាភិបាល ចាប់ផ្ដើមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 

អង្គការលើកលែងទោសអន្តរជាតិ និងអង្គការលីកាដូ បារម្ភពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ ដែលមានសភាពមិនល្អ និងចង្អៀតណែនខ្លាំងនៅកម្ពុជា ហើយអាចនឹងនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ អង្គការទាំងពីរ រកឃើញថា កម្ពុជា មានអ្នកជាប់ឃុំរហូតដល់៥៣០នាក់ ក្នុងបន្ទប់ឃុំឃាំងតែមួយ និងពន្ធនាគារខ្លះ ខ្វះខាតទឹកស្អាតប្រើប្រាស់ ដែលមិនអាចអនុវត្តវិធានការសុវត្ថិភាពនៃជំងឺកូវីដ-១៩បានឡើយ ដូចជា ការរក្សាគម្លាតពីគ្នា និងការលាងដៃឲ្យបានញឹកញាប់។

ដោយមានមូលហេតុខាងលើនេះហើយ ទើបបានជាអង្គការលើកលែងទោសអន្តរជាតិ និងអង្គការលីកាដូ ជំរុញឲ្យរាជរដ្ឋាភិបាល ពន្លឿនការដោះលែងអ្នកជាប់ឃុំ១ម៉ឺននាក់ ដូចការប្រកាសកន្លងមក។ ជាមួយគ្នានេះ អង្គការទាំងពីរ ក៏ឆ្លៀតសុំឲ្យដោះលែងឲ្យបានឆាប់ ចំពោះអ្នកជាប់ឃុំ ក្រោមហេតុផលនយោបាយ។

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីចុងខែឧសភា ឆ្នាំ២០២០ សម្តេច ស ខេង ថ្លែងថា តុលាការ អាចនឹងដោះលែងអ្នកជាប់ឃុំ ដែលប្រព្រឹត្តបទសល្មើសស្រាល ហើយបានអនុវត្តទោសជិតចប់។ សម្តេច បន្តថា បើមានការដោះលែងអ្នកជាប់ឃុំមែន វា ជាបន្ទុករបស់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរដែនដីមូលដ្ឋាន ដែលត្រូវគ្រប់គ្រងឲ្យបានល្អ លើអ្នកទាំងនោះ ដើម្បីជៀសវាងពួកគេ ប្រព្រឹត្តបទល្មើសជាថ្មី។

សម្តេចរដ្ឋមន្រ្តី មានប្រសាសន៍នាពេលនោះថា៖«ឧបមាថា យើងសម្រាលបន្ធូរបន្ថយបាន១ម៉ឺននាក់ ១ម៉ឺននាក់ហ្នឹង មិនមែននៅតែ១ខេត្ត ២ខេត្តទេ គឺរាយគ្រប់កន្លែង អ៊ីចឹងហើយ យើង នឹងធ្វើបញ្ជីឲ្យបានជាក់លាក់ ដើម្បីប្រគល់ទៅឲ្យសមត្ថកិច្ច នៅកន្លែងនុ៎ង។ យើង ក៏កំពុងរកមធ្យោបាយផ្សេងទៀត ដើម្បីជួយដល់ការគ្រប់គ្រងអ្នកដែលត្រូវដោះលែង បន្ធូរបន្ថយទាំងនោះ...»។ 

ក្នុងពិធីនោះ រដ្ឋមន្រ្តីមហាផ្ទៃ ប្រកាសគាំទ្រវិធានការដោះលែងអ្នកជាប់ឃុំ ដែលមានទោសស្រាលនិងអនុវត្តទោសជិតចប់ ជាពិសេសស្ថិតក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងថា៖«បើសិនជាមានផ្ទុះ [ជំងឺកូវីដ-១៩] ក្នុងពន្ធនាគារ គឺរឿងធំតែម្តង ព្រោះនៅក្នុងបន្ទប់តែមួយ។ បន្ទប់មួយ [មានគ្នា] ៥នាក់ ឬ៦នាក់ អ៊ីចឹងហើយ បើឆ្លង គឺថា អន្តរធាននៅក្នុងនុ៎ងបណ្តោយ»។

រដ្ឋមន្រ្តីមហាផ្ទៃ បន្ថែមថា៖«ប្រទេសខ្លះ គឺដោះលែង [អ្នកជាប់ឃុំ] តែម្តង ខ្លាចឆ្លងអានុ៎ង ដោយសារវា មាន [ក្នុងពន្ធនាគារ]។ តែយើងអត់ទេ យើង ធ្វើតាមដំណើរ តាមនីតិវិធីរបស់យើង មិនឲ្យឃ្លាតឆ្លាយពីច្បាប់នោះទេ ព្រោះជូនអី គឺថា អ្នកណា ក៏ដោះលែងដែរ [ព្រោះតែ] ខ្លាចជំងឺហ្នឹង វា ទៅជារឿងផ្សេងមួយទៀត។ អ៊ីចឹងហើយ យើង ត្រូវគិតមុខគិតក្រោយ»។ 

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា សម្តេច ស ខេង ពិតជាបានមានប្រសាសន៍អំពីគម្រោងដោះលែងអ្នកជាប់ឃុំ១ម៉ឺននាក់មែន។ តែលោក ពន្យល់ថា គម្រោងដោះលែងអ្នកជាប់ឃុំ១ម៉ឺននាក់នោះ គ្រាន់តែជាការព្យាករទុករបស់សម្តេច ឯសេចក្តីសម្រេច គឺជាអំណាចរបស់តុលាការ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា អ្នកនាំពាក្យ បានអះអាងដូច្នេះថា៖«តុលាការ ពិនិត្យមើលសំណុំរឿងហ្នឹង។ ឥឡូវ តុលាការ បានដំណើរការនីតិវិធីហ្នឹងហើយ ដើម្បីពិនិត្យសំណុំរឿង ពិសេស [សំណុំរឿង] មិនទាន់មាន [សាលក្រម ឬ] សាលដីកាស្ថាពរ។ អាចដោះលែងបានឬមិនបាន គឺអាស្រ័យលើតុលាការ ដែលផ្អែកលើច្បាប់»។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ និយាយថា មកដល់ពេលនេះ តុលាការ ទើបនឹងចាប់ផ្តើមពិនិត្យមើលសំណុំរឿងទាំងនោះ តែមិនទាន់បានវិនិច្ឆ័យពីការដោះលែងឬមិនដោះលែងនោះទេ។

អ្នកនាំពាក្យដដែល បំភ្លឺថា ដោយសារតែបារម្ភពីការផ្ទុះជំងឺកូវីដ-១៩ ទើបរាជរដ្ឋាភិបាល មានគម្រោងដោះលែងអ្នកជាប់ឃុំ១ម៉ឺននាក់។ លោក លើកឡើងថា ទោះក្នុងពន្ធនាគារកម្ពុជា មិនទាន់មានករណីឆ្លងជំងឺកូវីដ-១៩ក្តី តែរាជរដ្ឋាភិបាល ត្រូវតែបង្ការ ជាពិសេសតាមរយៈការដោះលែងអ្នកជាប់ឃុំ១ម៉ឺននាក់។ 

លោក បរិយាយទៀតថា លើសពីនេះ គម្រោងដោះលែងអ្នកជាប់ឃុំ១ម៉ឺននាក់ ក៏ដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារដែរ។ លោក វាយតម្លៃថា បើមានការដោះលែងអ្នកជាប់ឃុំ១ម៉ឺននាក់មែន ពន្ធនាគារកម្ពុជា នឹងមានលក្ខណៈទូលាយបន្តិចឡើងវិញ។

VOA បានស្រង់សម្តីរបស់អ្នកនាំពាក្យមហាផ្ទៃខាងលើ ទៅចុះផ្សាយថា  គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០  អ្នកជាប់ឃុំសរុប មានជិត៤ម៉ឺននាក់ (៣៨៩១១នាក់) ដោយក្នុងនោះ អ្នកជាប់ឃុំប្រមាណ៤ម៉ឺននាក់ ស្មើនឹង១ភាគ៣ នៃអ្នកជាប់ឃុំសរុប គឺពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

អង្គការលើកលែងទោសអន្តរជាតិ និងអង្គការលីកាដូ ក៏បានរម្លឹកដែរថា នៅខែឧសភា ឆ្នាំ២០២០ លោក កើត រិទ្ធ ក្រោយពីបានឡើងធ្វើជារដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ បានប្រកាសពីការធ្វើកំណែទម្រង់ជាច្រើន លើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដោយចាប់ផ្តើមមុនគេ ពីការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមតុលាការ ជាមួយអភិក្រមទាំង៤របស់លោក គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិនពុករលួយ។ កំណែទម្រង់នេះ ក៏រាប់បញ្ជូលទាំងការដោះស្រាយបញ្ហាចង្អៀតណែន ក្នុងពន្ធនាគារដែរ។ 

ដើម្បីទទួលបានជោគជ័យ លោក កើត រិទ្ធ បានបង្កើតក្រុមការងារមួយ ហៅថា គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានី-ខេត្ត។ ជាងមួយខែក្រោយមក គឺនៅដើមខែកក្កដា ឆ្នាំ២០២០នេះ គណៈកម្មការនេះ ដោះស្រាយសំណុំរឿង បានជាង៣,៤ពាន់ ស្មើនឹងប្រមាណ២៧ភាគរយ នៃសំណុំរឿងសរុបជិត៤ម៉ឺន ដែលកកស្ទះនៅតាមតុលាការ។ គណៈកម្មការនេះ រំពឹងថា នៅដំណាច់ឆ្នាំ២០២០ សំណុំរឿងទាំងអស់ ដែលកំពុងកកស្ទះនៅតាមតុលាការ នឹងត្រូវបានដោះស្រាយទាំងស្រុង។ 

ប៉ុន្តែ អង្គការលើកលែងទោសអន្តរជាតិ និងអង្គការលីកាដូ នៅតែមើលឃើញចំណុចខ្វះខាតថា រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានបង្ហាញនោះទេ ពីចំនួនអ្នកជាប់ឃុំ ដែលនឹងត្រូវដោះលែង ខណៈពន្ធនាគារ កំពុងមានភាពចង្អៀតណែនខ្លាំង។ អង្គការទាំងពីរ បង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងផ្សព្វផ្សាយជាសាធារណៈពីចំនួនអ្នកជាប់ឃុំ ដែលត្រូវដោះលែង។ អង្គការទាំងពីរ បង្ហាញក្តីសង្ឃឹមទៀតថា អាជ្ញាធរ នឹងចាត់វិធានការជាបន្ទាន់ ក្នុងការអនុវត្តកំណែទម្រង់ទ្រង់ទ្រាយធំ ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រព័ន្ធយុត្តិធម៌ និងពន្ធនាគារ។

សេចក្តីថ្លែងការណ៍រួមរបស់អង្គការលើកលែងទោសអន្តរជាតិ និងអង្គការលីកាដូ សរសេរដូច្នេះថា៖«គ្រប់ពន្ធនាគារ ដែលអង្គការលីកាដូបានឃ្លាំមើល កំពុងប្រឈមនឹងបញ្ហាចង្អៀតណែនយ៉ាងខ្លាំង។ [….] ការកើនឡើងច្រើនហួសហេតុនៃការឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរង់ចាំសវនាការ... បានបង្កើតឲ្យមានប្រព័ន្ធនៃការឃុំខ្លួនធំសម្បើម ដែលជិត៧៥ភាគរយនៃអ្នកជាប់ឃុំទាំងនេះ មិនទាន់ទទួលបានការជំនុំជម្រះនៅឡើយទេ»។ 

តាមពិតទៅ មិនមែនទើបតែពេលនេះទេ គឺកន្លងមក រាជរដ្ឋាភិបាល កម្ពុជា បានបង្ហាញឆន្ទៈ ក្នុងការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមតុលាការ និងបញ្ហាចង្អៀតណែនតាមពន្ធនាគារ។ ដើម្បីកុំឲ្យសំណុំរឿងនៅកកស្ទះ ព្រោះតែគ្មានបន្ទាប់ សម្រាប់បើកសវនាការជំនុំជម្រះ រាជរដ្ឋាភិបាល បានប្រឹងប្រែងកសាងបន្ទប់សវនាការបន្ថែម នៅតាមតុលាការ ហើយដើម្បីដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ រាជរដ្ឋាភិបាល បានព្យាយាមកសាងពន្ធនាគារបន្ថែម។  

ម្យ៉ាងទៀត ដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ក្រសួងយុត្តិធម៌ ចង់អនុវត្តទោសសហគមន៍ គឺ អ្នកជាប់ឃុំ ដែលមានទោសស្រាល អាចត្រូវបានដោះលែង ឲ្យទៅរស់នៅផ្តុំគ្នា ក្នុងសហគមន៍ណាមួយ។ តែក្រសួងយុត្តិធម៌ មិនទាន់អាចកំណត់ជាក់លាក់ឡើយថា ការអនុវត្តទោសសហគមន៍នេះ នឹងអាចចាប់ផ្តើមនៅពេលណា។ 

ដ្បិតរាជរដ្ឋាភិបាល បង្ហាញពីការប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងតាមតុលាការ និងបញ្ហាចង្អៀតណែនក្នុងពន្ធនាគារពិតមែន តែមកដល់ពេលនេះ រាជរដ្ឋាភិបាល មិនទាន់អាចប្រកាសពីជោគជ័យក្នុងការដោះស្រាយបញ្ហាទាំងពីរនេះឡើយ៕

Tag:
 COVID-19
  ដោះលែងអ្នកទោស
© រក្សាសិទ្ធិដោយ thmeythmey.com