ជាតិ
ព្រំដែន
អ្នកស្រី កុយ ពិសី៖«ថ្នាក់ដឹកនាំព្រំដែន ពិសេសសម្តេចតេជោ បានដាក់ទាំងជីវិត ដើម្បីការពារទឹកដីរហូតមក...»
30, Jul 2020 , 12:20 pm        
រូបភាព
តង់១កន្លែង ក្នុងចំណោមតង់ផ្សេងទៀតរបស់យោធាវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ដែលចុះត្បាត ប្រទះឃើញ នៅតាមបណ្តោយព្រំដែន ក្នុងខេត្តកណ្តាល កាលពីចុងខែមេសា ឆ្នាំ២០២០ (រូបពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល)។ រូបរង្វង់មូល គឺអ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មការព្រំដែនកម្ពុជា (រូបពីទំព័រហ្វេសប៊ុក Cambodian Sea Games 2023)
តង់១កន្លែង ក្នុងចំណោមតង់ផ្សេងទៀតរបស់យោធាវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ដែលចុះត្បាត ប្រទះឃើញ នៅតាមបណ្តោយព្រំដែន ក្នុងខេត្តកណ្តាល កាលពីចុងខែមេសា ឆ្នាំ២០២០ (រូបពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល)។ រូបរង្វង់មូល គឺអ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មការព្រំដែនកម្ពុជា (រូបពីទំព័រហ្វេសប៊ុក Cambodian Sea Games 2023)
ភ្នំពេញ៖ អ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា មិនអាចទប់ចិត្តឲ្យនៅស្ងៀមបានឡើយ ក្រោយពីត្រូវគេ កាត់សម្តីរបស់អ្នកស្រី នៅត្រឹមតែឃ្លាខ្លីថា «អ្នកស្រី កុយ ពិសី ចាត់ទុកការបោះតង់របស់យោធាវៀតណាម ចូលមកទឹកដីកម្ពុជា ជារឿងតូចតាច» ហើយយកទៅបង្ហោះនិងចែករំលែកតៗគ្នាលើបណ្តាញសង្គម។



អ្នកប្រើប្រាស់បណ្តាញសង្គម ដោយរួមមានទាំងមន្រ្តីនិងអ្នកគាំទ្រអតីតគណបក្សប្រឆាំផងដែរ បានស្រង់សម្តីរបស់អ្នកស្រី កុយ ពិសី ត្រង់ឃ្លានេះ ចេញពីអត្ថបទរបស់វិទ្យុបារាំង (RFI) ដែលបានសម្ភាសអ្នកស្រី និងបានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ អ្នកស្រី យល់ថា ការដែលគេ ច្បិចយកសម្តីរបស់អ្នកស្រី ត្រឹមតែឃ្លាខ្លីនេះ ដោយមិនបានស្រង់យកការពន្យល់លម្អិតរបស់ស្រី គឺហាក់ជាធ្វើឲ្យប្រជាជនឬសាធារណជន យល់ច្រឡំលើអ្នកស្រី ហើយស្តាប់ទៅហាក់ដូចជា អ្នកស្រី មិនសូវខ្វល់ខ្វាយឬបារម្ភពីទឹកដី ខណៈកម្លាំងបរទេសចូលមកឈរជើងលើទឹកដីកម្ពុជា។

អ្នកស្រី ហៅអ្នកទាំងនោះ ថាជាជន ដែលមានទម្លាប់បន្លំបោកប្រាស់ និងបំផ្លើសពាក្យសម្តីរបស់ថ្នាក់ដឹកនាំ (រដ្ឋាភិបាល) ដើម្បីប្រយោជន៍និងមហិច្ឆតារបស់ពួកគេ។ អ្នកស្រី ត្រូវបង្ខំចិត្តចេញមកនិយាយពីទឹកចិត្តរបស់ខ្លួន ដើម្បីបញ្ជាក់ថា អ្នកស្រី ក៏ស្រឡាញ់ទឹកដីដែរ ព្រមទាំងបានបកស្រាយពីសម្តីរបស់អ្នកស្រី ដែលនិយាយជាមួយវិទ្យុបារាំង ដើម្បីកុំឲ្យមានការយល់ច្រឡំ។

តាមរយៈសំណេរលើគណនីហ្វេសប៊ុកផង (koy Pisey) និងទំព័រហ្វេសប៊ុកផង (Koy Pisey / កុយ ពិសី) នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ អនុប្រធានគណៈកម្មការកិច្ចព្រំដែន បានបរិយាយយ៉ាងដូច្នេះថា៖«យើងខ្ញុំ និងថ្នាក់ដឹកនាំព្រំដែន ជាពិសេសសម្តេចតេជោ បានដាក់ទាំងជីវិត ដើម្បីការពារទឹកដីមួយនេះរហូតមក ដូច្នេះ គ្រប់ដង្ហើមចេញចូលរបស់ខ្ញុំ មិនដែលភ្លេចនូវកាតព្វកិច្ចរបស់ខ្លួនឡើយ គឺការពារឲ្យបានបូរណភាពទឹកដី និងមិនឲ្យបរទេសណាមកបំពានកម្ពុជា ហើយកម្ពុជាក៏មិនបំពានទឹកដីគេវិញដែរ»។

បន្ទាប់មក អ្នកស្រី បានលើកយកសម្តីរបស់អ្នកស្រី ដែលនិយាយជាមួយវិទ្យុបារាំង មកបំភ្លឺ។

គណៈកម្មការព្រំដែននៃអតីតគណបក្សប្រឆាំង បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ប្តឹងទៅអន្តរជាតិ ចំពោះវៀតណាម ដែលបោះតង់ក្នុងដីកម្ពុជា តើអ្នកស្រី យល់យ៉ាងម៉េច? អ្នកស្រី កុយ ពិសី បានសរសេរសំណួរនេះ ហើយអះអាងថា ជាសំណួររបស់វិទ្យុបារាំង ទៅកាន់អ្នកស្រី។

«ខ្ញុំថា រឿងនេះ ខាងព្រំដែន ខាង [ក្រសួង] មហាផ្ទៃ បាននិងកំពុងធ្វើការងារនេះហើយ ហើយវាជារឿង ដែលយើងអាចនិយាយគ្នាបានជាទ្វេភាគី មិនមែនធំដុំដោះស្រាយមិនចេញ ហើយ [មិន] ចាំបាច់ទៅរកគេជួយនោះទេ។ កម្ពុជា បានតវ៉ាតាមរយៈក្រសួងការបរទេសមួយដងជាពីរដងទៅវៀតណាមហើយ ហើយវៀតណាមថា អស់កូវីដ គេនឹងដកចេញ»។ នេះជាសំណេរបន្ទាប់របស់អ្នកស្រីលើគណនីនិងទំព័រហ្វេសប៊ុក ដោយអ្នកស្រី ប្រាប់អ្នកអានថា អ្នកស្រី បានផ្តល់ចម្លើយនេះ ទៅវិទ្យុបារាំង។

លើកឡើងពីខ្លឹមសារក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងរួចហើយ អ្នកស្រី ក៏បង្ហាញថា តង់ ដែលវៀតណាមបោះជាង៤០កន្លែងនោះ គឺនៅតំបន់មិនទាន់ឯកភាពគ្នា (តំបន់ស) លើខ្សែព្រំដែន មានន័យថា ទីនោះ មិនមែនជាដីវៀតណាម ហើយក៏មិនទាន់ជាដីកម្ពុជាពេញលេញដែរ។ អ្នកស្រី បន្ថែថា ប្រទេសទាំងពីរ ត្រូវពិភាក្សាគ្នារកចំណុចឯកភាពបន្តទៀត។

អ្នកស្រី រំលេចសំណេរសំដៅទៅកាន់អ្នកដែលវាយប្រហារអ្នកស្រី បែបនេះថា៖«ហេតុនេះ ជនអគតិទាំងនោះ កុំចេះតែបំភ្លៃរឿង កុំចេះតែញុះញង់ មិនមែនចេះស្រឡាញ់ជាតិអីតែអស់លោកឯងនោះទេ យើងខ្ញុំទាំងអស់គ្នានៅទីនេះ ប្រឹងប្រែងណាស់ទើបកសាងជាតិបានប៉ុណ្ណេះ ជាមោទនៈ សម្រាប់កម្ពុជាណាស់ទៅហើយ។ សូមកុំបំផ្លាញជាតិច្រើនជាងនេះ នោះអ្នកនឹងគ្មានវាសនាល្អឡើយ»។

យ៉ាងណាក៏ដោយ អ្វីដែលអ្នកស្រី សរសេរលើគណនីនិងទំព័រហ្វេប៊ុក មិនដូចទាំងស្រុងទៅនឹងអត្ថបទរបស់វិទ្យុបារាំងឡើយ ឬក៏អាចនិយាយបានថា កន្លែងខ្លះ ដែលអ្នកស្រី សរសេរ គឺគេ មិនឃើញមានក្នុងអត្ថបទរបស់វិទ្យុបារាំងនោះទេ។ 

អត្ថបទរបស់វិទ្យុបារាំង៖«លោកស្រី កុយ ពិសី...បានចាត់ទុកបញ្ហាបោះតង់របស់ទាហានវៀតណាមនេះថា ជារឿងតូចតាច។ រឿងតូចតាច ដែលលោកស្រីពន្យល់ គឺភាគីកម្ពុជា និងវៀតណាម អាចដោះស្រាយគ្នាបានដោយទ្វេភាគី មិនចាំបាច់ពឹងពាក់អន្តរជាតិឡើយ។ បើតាមលោកស្រី កុយ ពិសី គឺភាគីវៀតណាម បានគូសបញ្ជាក់ជាផ្លូវការមកកាន់កម្ពុជាហើយថា វៀតណាម នឹងរុះរើតង់ចេញពីតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមវិញ នៅពេលបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រោះការបោះតង់របស់ទាហានវៀតណាមនេះ គឺក្នុងន័យការពារការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងកាត់តាមព្រំដែននៃប្រទេសទាំងពីរ»។

វិទ្យុបារាំង គ្រាន់តែសរសេរជាអត្ថបទខាងលើ ដោយមិនបានផ្សាយសំឡេងរបស់អ្នកស្រីនោះទេ។

អ្នកប្រើប្រាស់បណ្តាញសង្គម បានស្រង់ឃ្លាដំបូង គឺ «លោកស្រី កុយ ពិសី...បានចាត់ទុកបញ្ហាបោះតង់របស់ទាហានវៀតណាមនេះថា ជារឿងតូចតាច...» យកទៅបង្ហោះនិងចែករំលែកបន្ត។ អ្នកខ្លះ បានថត (Screenshot) ត្រង់ឃ្លានេះ ចេញពីអត្ថបទរបស់វិទ្យុបារាំងទៅបង្ហោះតែម្តង។

យោធាវៀតណាម បានពង្រាយតង់ តាមបណ្តោយព្រំដែន ដោយឈានចូលមកទឹកកម្ពុជា។ តំបន់ ដែលយោធាវៀតណាម បោះតង់នោះ មានតំបន់ខ្លះ គឺជាតំបន់មិនទាន់ឯកភាព ជាពិសេស ក្នុងខេត្តកណ្តាល។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឲ្យដឹងថា យោធាវៀតណាម បានបោះតង់៣១កន្លែង នៅតាមបណ្តោយព្រំដែនក្នុងខេត្តកណ្តាល តាំងពីអំឡុងខែមីនា ឆ្នាំ២០២០មក។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ អភិបាលខេត្តកណ្តាល បានសរសេរលិខិតជូនទៅខេត្តអានយ៉ាង ប្រទេសវៀតណាម ដើម្បីសុំឲ្យរុះរើតង់ទាំងនោះ។

ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក ង្វៀន ថាញ់ ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានផ្ញើលិខិតជូនមកលោកអភិបាលខេត្តកណ្តាលវិញ ដោយលើកហេតុផលថា ការដែលវៀតណាមបោះតង់តាមបណ្តោយខ្សែព្រំដែន គឺដើម្បីទប់ស្កាត់ការធ្វើដំណើរចូលទៅវៀតណាម ដែលអាចបង្កការឆ្លងជំងឺកូវីដ-១៩។ ក្នុងលិខិតនោះ ភាគីវៀតណាម ប្រាប់អភិបាលខេត្តកណ្តាលថា ការបោះតង់ទាំងនោះ គឺគ្រាន់តែជាការងារបណ្តោះអាសន្នប៉ុណ្ណោះ។

ក្នុងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ដដែល ក្រសួងការបរទេសកម្ពុជា បានធ្វើកំណត់ទូត ទៅកាន់ស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីស្នើឲ្យរុះរើតង់ទាំងនោះ។ ស្ថានទូតវៀតណាម បានធ្វើកំណត់ទូតមកវិញ ដោយសន្យាថា នឹងរុះរើតង់ទាំងនោះវិញ។

ក្រោយមកទៀត នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ក្រសួងការបរទេសកម្ពុជា បានអញ្ជើញឯកអគ្គរដ្ឋទូតវៀតណាម ទៅជួបពិភាក្សា និងស្នើឲ្យវៀតណាម រុះរើតង់ចេញទាំងអស់ឲ្យបានឆាប់។

អភិបាលខេត្តកណ្តាល ផ្តល់ព័ត៌មានកន្លងមកថា ក្នុងចំណោមតង់ទាំងអស់៣១ វៀតណាម បានរើចេញ៧ហើយ។

ភាគីវៀតណាម បានសន្យាថា នឹងរុះរើតង់ទាំងនោះចោលវិញ តែសំណូមថា រង់ចាំឲ្យជំងឺកូវីដ-១៩ ត្រូវបានកម្ចាត់ចោលទាំងស្រុងសិន។ នេះបើតាមប្រសាសន៍របស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងកិច្ចសម្ភាសជាមួយ Fresh News កាលពីកន្លងទៅ។   

វៀតណាម មានហេតុផលថា ការបោះតង់ទាំងអស់ គឺដើម្បីទប់ស្កាត់ការធ្វើដំណើរចេញចូល ព្រោះបារម្ភពីការរាលដាលជំងឺកូវីដ-១៩។

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ង្វៀន ភូជុង ប្រធានាធិបតីវៀតណាម បានសន្ទនាគ្នាតាមទូរស័ព្ទ ដើម្បីផ្លាស់ប្តូរយោបល់ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងទំនាក់ទំនងទ្វេភាគី ហើយបានឆ្លៀតនិយាយពីរឿងព្រំដែន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា សរសេរថា ថ្នាក់ដឹកនាំកំពូលទាំងពីរ អបអរដ៏ខ្លាំងក្លាចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបោះបង្គោលព្រំដែន ដែលសម្រេចបាន៨៤ភាគរយ ព្រមទាំងបង្ហាញឆន្ទៈរួមគ្នា ក្នុងការពន្លឿនការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់១៦ភាគរយទៀត ជាតំបន់មិនទាន់ឯកភាព។ មេដឹកនាំទាំងពីរ ជជែកគ្នាឬក៏អត់ ពីការបោះតង់យោធាវៀតណាម ចូលមកទឹកដីកម្ពុជានោះ គេ មិនបានដឹងឡើយ ព្រោះក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស មិនឃើញសរសេរ។

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុំ សំអាន ប្រធានគណៈកម្មការព្រំដែននិងអន្តោប្រវេសន៍នៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតចំហមួយពីក្រៅប្រទេស ជូនមកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយផ្តល់យោបល់ឲ្យសម្តេច ប្រើយន្តការអន្តរជាតិ រួមមាន តុលាការអាជ្ញាធរកណ្តាលអន្តរជាតិ (PCA) តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រមទាំងអនុសញ្ញា និង ច្បាប់អន្តរជាតិនានា ដើម្បីដោះស្រាយបញ្ហាព្រំដែនគោកនិងព្រំដែនសមុទ្រ ជាមួយប្រទេសជិតខាង ជាពិសេសវៀតណាម។ 

រឿងព្រំដែនរវាងកម្ពុជានិងវៀតណាម ត្រូវបានគេជជែកគ្នាមិនដាច់។ មជ្ឈដ្ឋានខ្លះ ជាពិសេសក្រុមអ្នកប្រឆាំង តែងរិះគន់រដ្ឋាភិបាលកម្ពុជា ពីរឿងព្រំដែននេះ។ ពួកគេ នៅតែបង្ហាញការបារម្ភខ្លាច វៀតណាម បន្លំយកដីកម្ពុជានៅតាមព្រំដែន។

ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាវិញ តែងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដី ដោយមិនអនុញ្ញាតឲ្យប្រទេសណាឈ្លានពានជាដាច់ខាត។ គ្មាននរណាភ្លេចនោះទេ នូវសម្តីរបស់ប្រមុខរដ្ឋាភិបាលមួយម៉ាត់ ដែលធ្លាប់ប្រកាសថា «មិនឲ្យបាត់ដីមួយចង្អាមឡើយ»៕

Tag:
 កុយ ពិសី
  ព្រំដែន
  តង់យោធាវៀតណាម
  តំបន់មិនទាន់ឯកភាព
© រក្សាសិទ្ធិដោយ thmeythmey.com