ជាតិ
សង្គមជាតិ
សមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀន និងសារធាតុផលិតជិត៣តោនកន្លះ នៅខណ្ឌកំបូល គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបាន។ (រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
× ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា បានសហការជាមួយអង្គភាពគយចិន, អង្គការUNODC ប្រចាំប្រទេសថៃ ស៊ើបអង្កេតនិងបង្ក្រាបគ្រឿងញៀនជិត២០០គីឡូក្រាម ដែលបម្រុងនាំចេញទៅក្រៅប្រទេស។ លើសពីនេះ សមត្ថកិច្ចបន្តចុះឆែកដល់ទីតាំងនៅខណ្ឌកំបូល រាជធានីភ្នំពេញ បានសារធាតុសម្រាប់ផលិតគ្រឿងជាង៣១០០គីឡូក្រាមបន្ថែម ទៀត។ នេះបើតាមការចេញផ្សាយរបស់ស្នងការនគរបាលជាតិនៅថ្ងៃទី៣ សីហា។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបើកការស៊ើបអង្កេតគ្រឿងញៀនឆ្លងដែនខុសច្បាប់បានជិត២០០គីឡូក្រាម ដោយសហការជាមួយសមត្ថកិច្ចចិននិងថៃ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោយពីសមត្ថិកច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិកាលពីថ្ងៃទី១៩ កក្កដា នៅខណ្ឌជ្រោយចង្វារ រួមទាំងគ្រឿងញៀនបាន១៩ដុំ ដែលបង្កប់ក្នុងការ៉ូឈើបន្លំជាគ្រឿងសង្ហារឹម។ បន្ទាប់សមត្ថកិច្ចបានសាកសួរនិងតាមស៊ើបអង្កេត ហើយក៏ឃាត់ខ្លួនបានជនជាតិចិនម្នាក់ទៀត ដែលជាមុខសញ្ញាកែច្នែគ្រឿងញៀននិងរឹបអូសបានគ្រឿងញៀន៨គីឡូក្រាម។ លើសពីនេះ សមត្ថកិច្ចបានដកហូតសាធាតុផលិតគ្រឿងញៀនជាង២០គីឡូក្រាម រួមទាំងឧបករណ៍កែច្នែមួយចំនួនទៀត។
លុះសមត្ថកិច្ចធ្វើការស៊ើបអង្កេតបន្ត ហើយមានការឯកភាពពីព្រះរាជអាជ្ញារង លោក សាយ ណូរ៉ា សាលាដំបូងរាជធានីភ្នំពេញ ក៏បានចុះឆែកទីតាំងមួយកន្លែងទៀត នៅខណ្ឌកំបូល បានដកហូតបានសារធាតុផលិតគ្រឿងញៀនជាង៣១០០គីឡូក្រាម។ ជាមួយគ្នាដែរ សមត្ថកិច្ចក៏បន្តចុះ ឆែកទីតាំងដែលមានម៉ាស៊ីនផលិតគ្រឿងញៀននៅខណ្ឌដង្កោ បានរឹបអូស ម៉ាស៊ីនអុកគ្រាប់ថ្នាំញៀន២គ្រឿង និងពុម្ពគ្រាប់ថ្នាំញៀន១៤សម្រាប់។
បើតាមប្រភពព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិដដែល បានបញ្ជាក់ថា ករណីជួញដូរគ្រឿងញៀននេះ គឺករណីឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំងច្បាស់លាស់និងមេខ្លោងនៅបរទេស។ ក្រុមជួញដូរគ្រឿងញៀននេះ គឺមានបំណងនាំចេញទៅកោះតៃវ៉ាន់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសហការគ្នា បន្តស្រាវជ្រាវរកមេខ្លោងនៅបរទេស រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមផ្លូវច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com