ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ ហាមពលរដ្ឋបង្កសំឡេងកងរំពង មិនឱ្យលើសពីម៉ោង១០យប់ឡើយ។ សង្គមស៊ីវិល យល់ឃើញថា មាត្រាចំណុចនេះល្អ ប៉ុន្តែត្រូវទាមទារឱ្យប្រមូលធាតុផ្សំឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីការអនុវត្តមានប្រសិទ្ធភាព។
សេចក្តីព្រាងច្បាប់ថ្មី ដែលរដ្ឋាភិបាលកំពុងដំណើរប្រមូលមតិយោបល់នេះ ក៏មានការកំណត់ឱ្យពលរដ្ឋបន្លឺសំឡេងកងរំពងនៅត្រឹមម៉ោង១០យប់ប៉ុណ្ណោះ។ បើពលរដ្ឋធ្វើផ្ទុយពីនេះ នឹងប្រឈមវិធានការរបស់អាជ្ញាធរ។ នេះបើតាមលោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ត្រង់ចំណុចនេះ លោក អ៊ុក គឹមលេខ ដែលដឹកនាំរៀបចំច្បាប់នេះ បានលើកជាឧទាហរណ៍មកបញ្ជាក់ថា បើពលរដ្ឋមានការជួបជុំផឹកស៊ី ច្រៀង រាំ លើសម៉ោង ១០យប់ ដែលជាការរំខានដល់ពលរដ្ឋជិតខាងនោះ អាជ្ញាធរនឹងចុះទៅព្រមាន ឬវិន័យរដ្ឋបាលតែម្ដង ក្នុងដំណាក់កាលដំបូង។ ប៉ុន្តែក្នុងករណីមិនរាងចាល អាជ្ញាធរនឹងអនុវត្តតាមវិធានការបន្តបន្ទាប់ទៀត ដែលមានចែងក្នុងច្បាប់។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានពន្យល់ដូច្នេះថា៖«ក្នុងសេចក្តីព្រាងច្បាប់នោះ បានកំណត់ឱ្យពលរដ្ឋធ្វើសកម្មភាពកងរំពងអ្វីមួយ នៅត្រឹមម៉ោង១០យប់ ដោយមិនឱ្យលើសពីនេះទេ។ ប៉ុន្តែបើក្នុងករណីពិសេសដូចជាមានកម្មវិធីបុណ្យ រៀបអាពាហ៍ពិពាហ៍ ឬកម្មវិធីជួបជុំធំដុំអ្វីមួយ ដែលត្រូវការច្រៀងរាំ សប្បាយលើសម៉ោង១០យប់នោះ ពួកគេអាចរាយការណ៍ជូនដំណឹងទៅអាជ្ញាធរ ដើម្បីជួយសម្រួល កុំឱ្យប៉ះពាល់ដល់ជិតខាង»។
ជំពូកទី៤ នៃសេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ នៃផ្នែកទី១ ដែលនិយាយពី«ភាពស្ងប់ស្ងាត់» ត្រង់មាត្រា១៦ បានចែងថា ៖«ការធ្វើសកម្មភាពប៉ះពាល់ដល់ភាពស្ងប់ស្ងាត់ត្រូវហាមឃាត់ជាអាទិ៍៖ ក-ការប្រើប្រាស់ឧបករណ៍បង្កឱ្យឮសំឡេងកងរំពងខ្លាំងរំខានដល់អ្នកដទៃ។ ខ-ការប្រើប្រាស់ពាក្យសម្តីខ្លាំងៗ ឡូឡា ហ៊ោរកញ្ជ្រៀវរំខានអ្នកដទៃ។ គ-ការធ្វើអាជីវកម្មបង្កឱ្យឮសំឡេងខ្លាំងរំខានអ្នកដទៃ»។
មាត្រា១៧ ក៏បានចែងបន្ថែមថា៖«រាល់សំឡេងបង្កឱ្យឮខ្លាំងរំខានអ្នកដទៃ ត្រូវបញ្ឈប់ចាប់ពីម៉ោង១២ថ្ងៃត្រង់ដល់១៤រសៀល និងចាប់ពីម៉ោង២២យប់ ដល់ម៉ោង៥ព្រឹក លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។
លោក អ៊ុក គឹមលេខ បានសង្កត់ធ្ងន់ថា នៅពេលដែលច្បាប់នេះ លេចចេញជារូបរាងនោះ ពលរដ្ឋអាចរាយការណ៍មកអាជ្ញាធរបាន បើសិនជាមានអ្នកណាម្នាក់បង្កសំឡេងខ្លាំងរំខានខ្លួន លើសពីម៉ោង១០យប់។
កន្លងមក មានប្រជាពលរដ្ឋខ្លះ បង្កសំឡេងរំខានដល់អ្នកដទៃ តាមរយៈការចាក់ធុងបាស់ច្រៀង រាំ , កែច្នៃសំឡេងម៉ូតូ រថយន្ត ឱ្យឮសំឡេងខ្លាំងខុសសំឡេងដើម , សំឡេងកែច្នៃនៅកន្លែងសិប្បកម្ម ជាពិសេសការដឹកជញ្ជូន និងទម្លាក់ទំនិញនៅពេលយប់ជ្រៅជាដើម។
សង្គមស៊ីវិល ចាត់ទុកមាត្រានៃសេចក្តីព្រាងច្បាប់ ជាចំណុចល្អក្នុងការអនុវត្តលើបញ្ហារំខានទាំងអស់នេះ ប៉ុន្តែត្រូវទាមទារឱ្យប្រមូលធាតុផ្សំឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីការអនុវត្តមានប្រសិទ្ធភាព។ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ បានបញ្ជាក់ថា ការតាក់តែងច្បាប់នេះ គួរតែមានការបើកឱ្យមានកិច្ចប្រជុំពិភាក្សាមួយ ដើម្បីឱ្យច្បាប់នេះចេញទៅស្របតាមទិដ្ឋភាពជាក់ស្ដែងនៃបញ្ហាប្រជាពលរដ្ឋ។
«ខ្ញុំចង់ឱ្យមានការជជែកពិភាក្សាឱ្យបានទូលំទូលាយដែរជាមួយមនុស្សទាំងឡាយ ជាពិសេសច្បាប់នេះ ជាច្បាប់មួយដែលពាក់ព័ន្ធជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ អ៊ីចឹងចាំបាច់ត្រូវជជែកដេញដោយសួរ ពិគ្រោះជាមួយនឹងប្រជាពលរដ្ឋ ។នេះទី១។ ទី២យើងត្រូវមើលលើទិដ្ឋភាពនៃការលើកឡើងទៅលើចំណុចមួយចំនួន ថាតើការឱ្យនិយមន័យហ្នឹង វាមានការឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម ប្រពៃណីទំនៀមទម្លាប់របស់ពលរដ្ឋកម្ពុជាដែរទេ»។
បច្ចុប្បន្នសេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ កំពុងស្ថិតនៅក្នុងការស្ទង់មតិ និងកែតម្រូវបន្ថែមពីមន្ត្រីមូលដ្ឋានរាជធានី-ខេត្ត ដើម្បីប្រមូលធាតុផ្សំចូលបន្ថែម មុននឹងឈានដល់ការដាក់ប្រជុំពិគ្រោះយោបល់អន្តរក្រសួងក្រសួង សង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត។
ត្រង់ចំណុចនេះរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក គឹមលេខ បានបញ្ជាក់ថា បើសិនជាខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់ ត្រូវបានសម្រេចយល់ព្រមនោះ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិនិត្យ មុននឹងបញ្ជូនទៅនីតិបញ្ញត្តិ។ ប៉ុន្តែបើសិនជាមានមាត្រា ឬចំណុចណា ដែលត្រូវបានបដិសេធនោះ គឺនឹងត្រូវលុបចោល ឬកែសម្រួលឡើងវិញ។
សេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ មាន៨ជំពូក និង៤៨មាត្រា។ចាប់ពីមាត្រា៣៨ ដល់៤១ ក៏មានចែងអំពីទោសទណ្ឌផងដែរ។ តាមមាត្រាទាំងនោះ ចែងថា អំពើល្មើសនឹងច្បាប់នេះ ត្រូវផ្ដន្តាទោសដោយការព្រមាន ការពិន័យអន្តរការណ៍ ការដាក់វិន័យរដ្ឋបាល ឬការផ្ដន្ទាទោសដាក់ពន្ធនាគារ ឬ/និងពិន័យជាប្រាក់។ ការពិន័យនីមួយៗត្រូវអនុវត្តតាមអនុក្រឹត្យ ,តុលាការ ឬតាមបទប្បញ្ញតិ និងនីតិវិធីជាធរមាន៕