សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ត្រាំ ចេញ​បញ្ជា​ហាម​ធ្វើ​ប្រតិបត្តិការ​ទាំងអស់​ជាមួយ​ក្រុមហ៊ុនមេ​របស់ TikTok​និង​WeChat
07, Aug 2020 , 10:17 am        
រូបភាព
លោក ត្រាំ ចេញបញ្ជាហាមធ្វើប្រតិបត្តិការទាំងអស់ជាមួយក្រុមហ៊ុនមេរបស់ TikTokនិងWeChat ។ រូបភាព AFP
លោក ត្រាំ ចេញបញ្ជាហាមធ្វើប្រតិបត្តិការទាំងអស់ជាមួយក្រុមហ៊ុនមេរបស់ TikTokនិងWeChat ។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៦ ខែសីហា បានចេញ​បញ្ជា​ប្រតិបត្តិ​មួយ​ដែល​ហាមឃាត់​ទំនាក់ទំនង​ទាំងអស់​រាប់បញ្ចូល​ការទិញ​លក់​ណាមួយ​ជាមួយ​ក្រុមហ៊ុន ByteDance ដែលជា​ម្ចាស់​កម្មវិធី​វីដេអូ​កម្សាន្ត​ខ្លីៗ TikTok ក៏ដូចជា WeChat ។ ការហាមឃាត់​នេះ នឹងមាន​ប្រសិទ្ធភាព​៤៥​ថ្ងៃក្រោយ​ការចុះហត្ថលេខា​ដូចគ្នា​។ នៅ​វិមាន​កា​ពី​តូ​ល​វិញ ព្រឹទ្ធសភា​អាមេរិក ក៏បាន​បោះឆ្នោត​យល់ព្រម​លើ​សេចក្ដីព្រាងច្បាប់​មួយ​ដែល​ហាម​មន្ត្រី​សហព័ន្ធ​ប្រើ​កម្មវិធី​កម្សាន្ត​មួយ​នេះ​ក្នុង​ឧបករណ៍​របស់​រដ្ឋ​។​

 
«​អាមេរិក ត្រូវតែ​ចាត់វិធានការ​ដាច់ខាត​ប្រឆាំង​ម្ចាស់​របស់ TikTok ដើម្បី​ការពារ​សន្តិសុខ​ជាតិ​របស់​យើង​។​» លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បញ្ជាក់​បែបនេះ​ក្នុង​បញ្ជា​ប្រតិបត្តិ​ចុះ​ថ្ងៃទី​៦ ខែសីហា ដែល​ហាមឃាត់​រាល់​ការធ្វើ​ប្រតិបត្តិការ​ទាំងអស់​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ByteDance ដែលជា​ម្ចាស់​បណ្ដាញ​សង្គម​កំពុង​ល្បី TikTok ។​
 
​ក្នុង​បញ្ជា​ដដែល រាល់​ការដោះដូរ ទំនាក់ទំនង​ទាំងឡាយ​ជាមួយ​បុគ្គល ឬ​តំណាង​ដែល​ពាក់ព័ន្ធ ByteDance ត្រូវបាន​ហាមឃាត់​ដោយ​ចាប់ផ្ដើម​៤៥​ថ្ងៃក្រោយ​ការចេញ​បញ្ជា​នេះ​។ នេះ​បើតាម​សារព័ត៌មាន Politico ។ ដោយឡែក លោក ត្រាំ ក៏​ចេញ​បញ្ជា​ប្រតិបត្តិ​មួយទៀត​ជាមួយ​លក្ខខណ្ឌ​ហាម​ឃ​ខាត់​ដូចគ្នា​លើ​ក្រុមហ៊ុន WeChat ផងដែរ​។ 
 
​បញ្ជា​នេះ​ធ្វើឡើង ក្រោយ​លោក ត្រាំ បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន ByteDance លក់​ប្រតិបត្តិការ​របស់ខ្លួន​នៅ​អាមេរិក​ឲ្យ​ក្រុមហ៊ុន​អាមេរិក ប្រសិនបើ​ចង់​ធ្វើ​ជំនួញ​នៅ​ទឹកដី​អាមេរិក​ទៀត​នោះ ដោយ​លោក​ទុកពេល​ឲ្យ​ត្រឹម​ថ្ងៃទី​១៥ ខែកញ្ញា​។ ផុត​កាលបរិច្ឆេទ​នេះ TikTok នឹងត្រូវ​បាត់​មុខ​ពី​ទីផ្សារ​អាមេរិក​មិន​ខាន​។ បច្ចុប្បន្ន ក្រុមហ៊ុន Microsoft ទំនងជា​កំពុង​ចរចា​ជាមួយ ByteDance លើ​កិច្ចព្រមព្រៀង​ទិញ​លក់​នេះ​នេះ ខណៈ​លោក ត្រាំ ក៏​ទារ​ចំណែក​ខ្លះ​ពី​ការទិញ​លក់​នេះ​ដាក់ចូល​ឃ្លាំង​រដ្ឋ​ដែរ​។​
 
TikTok ដែល​កំពុងមាន​ប្រជាប្រិយភាព​នៅ​ទូទាំង​ពិភពលោក​នោះ ក្លាយជា​គោលដៅ​របស់​រដ្ឋបាល​លោក ត្រាំ ដែល​បារម្ភ​ថា ទិន្នន័យ​អ្នកប្រើប្រាស់​អាច​ធ្លាក់​ដល់ដៃ​រដ្ឋាភិបាល​ប៉េកាំង​។ មិនមែន​តែ TikTok ឡើយ បណ្ដាញ​សង្គម និង​កម្មវិធី​របស់​ចិន​ផ្សេងទៀត ក៏​ស្ថិតក្នុង​បញ្ជី​ដែល​អាមេរិក​ត្រូវ​ចាត់វិធានការ​ដែរ​។ នៅ​ថ្ងៃទី​៥ ខែសីហា រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ប្រកាសថា អាមេរិក​ចង់​ហាមឃាត់​កម្មវិធី​ចិន​ទាំង​អស់ទាំង​នៅលើ​ទូរ​សព្ទ និង​ឧបករណ៍​ផ្សេងទៀត​តែម្ដង​។​
 
​ដោយឡែក ព្រឹទ្ធសភា​អាមេរិក​វិញ ក៏​ទើបបាន​អនុម័ត​សេចក្ដីព្រាងច្បាប់​មួយ​ដែល​ហាមឃាត់​បុគ្គលិក​រដ្ឋ​ទាំងអស់​ទាញយក​កម្មវិធី TikTok ទៅប្រើ​លើ​ឧបករណ៍​របស់​រដ្ឋ​។ កាលពី​ខែ​មុន សភាតំណាងរាស្ត្រ​ក៏បាន​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្រដៀង​គ្នា​នេះដែរ​។ ស្ថាប័ន​ទាំងពីរ នឹង​បញ្ចប់​សេចក្ដីព្រាង​ច្បាប់រួម​មួយ មុននឹង​បញ្ជូន​ឲ្យ​ប្រធានាធិបតី ត្រាំ ចុះហត្ថលេខា​ក្លាយជា​ច្បាប់​៕ 
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  TikTok
  WeChat
© រក្សាសិទ្ធិដោយ thmeythmey.com