អន្តរជាតិ
អ្នកជំនាញ​សុខាភិបាល បារម្ភ​និង​មិនទាន់​ទុកចិត្ត​លើ​វ៉ាក់សាំង COVID-19 របស់​រុស្ស៊ី​
12, Aug 2020 , 2:13 pm        
រូបភាព
វ៉ាក់សាំង COVID-19 របស់រុស្ស៊ី។ រូបភាព៖ AFP
វ៉ាក់សាំង COVID-19 របស់រុស្ស៊ី។ រូបភាព៖ AFP
ដោយ:
​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​១១ សីហា បានប្រកាសថា​នឹង​អនុញ្ញាត​ឲ្យ​ផលិត និង​ប្រើប្រាស់​វ៉ាក់សាំង​ជំងឺ​COVID-19 បន្ទាប់ពី​បានធ្វើ​តេស្ត​ក្នុងតំណាក់កាលទី​៣ ក្នុង​រយៈពេល​តិចជាង​២​ខែ​។ ការប្រញាប់​ប្រញាល់ អនុញ្ញាត​ឲ្យ​ផលិត និង​ប្រើប្រាស់​វ៉ាក់សាំង​COVID-19 នេះ​ បណ្តាល​ឲ្យអ្នកជំនាញ​បារម្ភ​​ ដោយសារតែ​មិនមាន​ទិន្ន័យ​ ពី​ការធ្វើ​តេស្ត​គ្រប់គ្រាន់​។​

 
​វ៉ាក់សាំង​ដែល​រុស្ស៊ី​ នឹង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នោះ មានឈ្មោះ Sputnik V ហើយ​ផលិត​ដោយ​វិទ្យាស្ថាន Gamaleya ។ វ៉ាក់សាំង​នេះ ត្រូវបាន​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រកាស​នៅ​ថ្ងៃទី​១១ ខែសីហា ជាមួយ​ការ​អះអាងថា​មាន​ប្រសិទ្ធភាព បង្កើត​អង់ទីគ័រ និង​ឆ្លងកាត់​នូវ​រាល់​ការត្រួតពិនិត្យ​ទាំងអស់​។ កូនស្រី​របស់លោក​ម្នាក់ ស្ថិតក្នុង​ចំណោម​មនុស្ស​ ដែល​ទទួល​វ៉ាក់សាំង​នេះ​ផងដែរ​។​
 
​ទោះជា​មានការ​អះអាង​បែបនេះ​ក្តី អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង និង​ភាពស៊ាំ​មួយចំនួន​បានបង្ហាញ​ពី​សេចក្តី​បារម្ភ និង​ការសង្ស័យ ​ទៅលើ​គុណភាព​វ៉ាក់សាំង​ថ្មី​នេះ​។ នេះ​យោងតាម​ការចុះផ្សាយ ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
«​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ដោយ​គ្មាន​ការធ្វើ​តេស្ត​ត្រឹមត្រូវ មិនត្រូវ​តាម​វិជ្ជាជីវៈ​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Francois Balloux អ្នកជំនាញ​នៅ​វិទ្យាស្ថាន​ស៊ី​នេ​ទិ​ក នៃ​សាកលវិទ្យាល័យ College London​។ លោក​សង្កត់ធ្ងន់ថា បញ្ហា​ណាមួយ​ដែល​កើតឡើង​ជាមួយនឹង​វ៉ាក់សាំង មិន​ត្រឹមតែ​បង្កើតជា​ផល​អវិជ្ជមាន​លើ​សុខភាព​ប៉ុណ្ណោះ​ទេ តែ​វា​នឹងធ្វើ​ឲ្យ​ប្រជាជន​ទាំងមូល​ អាច​នឹងមាន​ភា​ព​ស្ទាក់ស្ទើរ​​​ទទួលយក​វ៉ាក់សាំង​ផង។​
 
​ចំណែកឯ​លោក Peter Kremsner អ្នកជំនាញ​អាល្លឺម៉ង់ នៅ​សាកលវិទ្យាល័យ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Tuebingen លើកឡើងថា ជាទូទៅ​គេ​ត្រូវការ​ចំនួន​មនុស្ស​ច្រើន​ ក្នុងការ​ធ្វើតេស្ត មុន​ធ្វើការ​អនុញ្ញាត​លើ​វ៉ាក់សាំង​។ បើតាម Reuters លោក Kremsner យល់ថា វា​ជា​រឿង​ធ្វេសប្រហែស ប្រសិនបើ​មនុស្ស​ជាច្រើន​មិនទាន់បាន​ធ្វើតេស្ត​ជាមុន​។​
 
​សម្រាប់​លោក Keith Neal អ្នកជំនាញ​ជំងឺឆ្លង​នៅ​សាកលវិទ្យាល័យ Nottingham នៅ​អង់គ្លេស វា​ជា​រឿង​មិនអាច​ទៅរួច​ឡើយ​ ក្នុង​ការដឹង​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​រុស្ស៊ី​ ដោយ​មិន​ចេញផ្សាយ​ឯកសារ​វិទ្យាសាស្ត្រ ​សម្រាប់ធ្វើ​វិភាគ​នោះ​។ អ្នកជំនាញ​ខ្លះទៀត ពន្យល់ថា កង្វះខាត​ក្នុងការ​ចេញផ្សាយ​ទិន្ន័យ​របស់​វ៉ាក់សាំង​រុស្ស៊ី រួមមាន​របៀប​ផលិត និង​សុវត្ថិភាព ការឆ្លើយតប​របស់​ភា​ព​ស៊ាំ និង​ថា​តើ​វា​អាច​បង្ការ​ការឆ្លង​ជំងឺ COVID-19 គឺជាចម្ងល់របស់​​អ្នកវិទ្យាសាស្ត្រ អាជ្ញាធរ​សុខាភិបាល និង​សាធារណជន។
 ​ចំណែកឯ អង្គការ​សុខភាព​ពិភពលោក​(WHO) តាមរយៈ​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹងថា ខ្លួន​កំពុង​​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ​ជាមួយ​អាជ្ញាធរ​សុខាភិបាល​រុស្ស៊ី​។ លោក​Tarik Jasarevic អ្នកនាំពាក្យ WHO លើកឡើងថា​៖«​ការពិភាក្សា​កំពុង​ធ្វើឡើង​ ពី​លទ្ធភាព​ក្នុងការ​ផ្តល់​លក្ខណៈសម្បត្តិ​ជាមុន ​(pre-qualification) ដល់​វ៉ាក់សាំង​។ ប៉ុន្តែ​ម្តងទៀត ការផ្តល់​លក្ខណៈសម្បត្តិ​ជាមុន​ដល់​វ៉ាក់សាំង​ ទាមទារ​ការត្រួតពិនិត្យ​យ៉ាង​តឹងតែង និង​វាយតម្លៃ​នូវ​រាល់​ទិន្ន័យ​ ស្តីពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង »៕

© រក្សាសិទ្ធិដោយ thmeythmey.com