អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សេដ្ឋកិច្ច​ជប៉ុន​ធ្លាក់ចុះ​៧,៨​ភាគរយ ពី​ខែមេសា ដល់​មិថុនា​
17, Aug 2020 , 2:59 pm        
រូបភាព
ផ្សាមួយក្នុងប្រទេសជប៉ុន។ រូបភាព៖ AFP
ផ្សាមួយក្នុងប្រទេសជប៉ុន។ រូបភាព៖ AFP
ដោយ:
​សេដ្ឋកិច្ច​ជប៉ុន ដាំ​ក្បាល​៧,៨​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ ២០២០ ពោល​ពី​ខែមេសា ដល់​មិថុនា​។ ការធ្លាក់ចុះ​នេះ ត្រូវគេ​ចាត់ទុកថា​ជាការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ដែល​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន​ទំនើប​។​ទោះជា​យ៉ាងណាក្តី ការធ្លាក់ចុះ​នេះ​មាន​ចំនួន​តិច​ធៀប​ទៅនឹង​ប្រទេស​ឧស្សាហកម្ម​ផ្សេងទៀត​។​នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។​

​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ជប៉ុន​ពី​ខែមេសា ដល់​ឧសភា ក្នុងពេល​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន គឺ​ហួស​ពី​ការរំពឹងទុក​។ គេ​រំពឹង​ទៀតថា តម្រូវការ​ក្នុង និង​ក្រៅ​ស្រុក​ជប៉ុន​នឹង​បន្ត​ធ្លាក់ចុះ​ទៀត​។​នេះ​ជាការ​លើកឡើង​របស់លោក​Yoshiki Shinke ប្រធាន​សេដ្ឋវិទូ នៃ​វិទ្យាស្ថាន​Daiichi Life Research Institute​។​
 
​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នេះ នាំ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​ជួប​កំណើន​អវិជ្ជមាន​៣​ត្រីមាស​ជាប់​គ្នា​។ ការធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ជប៉ុន​នេះ មាន​សភាព​អាក្រក់​ជាង​ការប៉ាន់ស្មាន​ផ្លូវការ ដែល​រំពឹង​ត្រឹមតែ​៧,៦​ភាគរយ ធៀប​ទៅនឹង​ការធ្លាក់ចុះ​ជាក់ស្តែង​៧,៨​ភាគរយ​។​
 
​ទោះជា​យ៉ាងណាក្តី ការធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ជប៉ុន​មាន​សភាព​គ្រាន់បើ​ធៀប​ទៅនឹង​ប្រទេស​ឯទៀត ក្នុង​រយៈពេល​ជាមួយគ្នា​។ ជាក់ស្តែង​ពី​ខែមេសា ដល់​មិថុនា សេដ្ឋកិច្ច​អាមេរិក​ធ្លាក់ចុះ​៩,៥​ភាគរយ ខណៈ​អាល្លឺម៉ង់​ធ្លាក់ចុះ​ដល់​ទៅ​១០,១​ភាគរយ​។​
 
​លោក Naoya Oshikubo អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​នៅ SuMi Trust បាន​និយាយថា​ចំណាយ​ផ្ទាល់ខ្លួន និង​ការ​វិនិយោគមូលធន​ជា​កត្តា​បណ្តាល​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​ធ្លាក់ចុះ​។ លោក Oshikubo និយាយថា ការធ្លាក់ចុះ​នូវ ការចំណាយ​ផ្ទាល់​ជា​កត្តា​ចម្បង​បំផុត​ដែល​ធ្វើ​ឲ្យ​តម្រូវការ​ក្នុងស្រុក​ខ្សោយ​។ លោក​បន្ថែមថា​ការវិនិយោគ​មូលធន រង​ផលប៉ះពាល់​ពី COVID-19 ដែល​បណ្តាល​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការវិនិយោគ​របស់ខ្លួន​។​
 
​បើទោះបីជា​ការធ្លាក់ចុះ​៧.៨​ភាគរយ​ពី​ខែមេសា ដល់​មិថុនា ជា​តួរ​លេខ​អាក្រក់​ក្តី គេ​វិភាគ​ថា​សេដ្ឋកិច្ច​ជប៉ុន​នឹងមាន​កំណើន​២,៦​ភាគរយ​វិញ​ពី​ខែកក្កដា ដល់ក​ញ្ញា​។ លោក Oshikubo និយាយថា​សេដ្ឋកិច្ច​នឹង​ងើប​ឡើងវិញ​ដោយសារ​កំណើន​ក្នុងស្រុក និង​ក្រៅ​ស្រុក ក៏ដូចជា​ការ​ត្រឡប់​ទៅរក​សភាព​ធម្មតា​វិញ​នៅ​ប្រទេស​លោកខាងលិច​។ 
 
​បន្ថែម​ពីនេះ លោ​កថា​ការចំណាយ​ផ្ទាល់ខ្លួន ដែល​ធ្លាក់ចុះ​៨,២​ភាគរយ​ពី​ខែមេសា ដល់​មិថុនា គួរតែ​ទទួល​បានការ​ប៉ះប៉ូវ​ពី​រដ្ឋាភិបាល តាមរយៈ​ការផ្តល់​ទឹកប្រាក់​១​សែន​យេន​(៩៣៩​ដុល្លារ​)​ដល់​អ្នក​ដែល​រស់នៅក្នុង​ប្រទេស​ជ​ប៉ុន​។​
 
​គេ​ព្យាករណ៍​ថា​សេដ្ឋកិច្ច​អាច​នឹង​ធ្លាក់ចុះ​២៧,៨​ភាគរយ​ក្នុង​មួយឆ្នាំ ដោយ​តម្រូវការ​ក្នុងស្រុក​ធ្លាក់ចុះ​៤,៨​ភាគរយ និង​ការនាំចេញ​សេវា និង​ទំនិញ​ធ្លាក់ចុះ​១៨,៥​ភាគរយ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com