COVID-19
អន្តរជាតិ
រុស្ស៊ី​នឹងធ្វើ​តេស្ត​វ៉ាក់សាំង COVID-19 លើ​មនុស្ស​៤​ម៉ឺន​នាក់​
21, Aug 2020 , 11:10 am        
រូបភាព
ដោយ:
​វ៉ាក់សាំង COVID-19 របស់​រុស្ស៊ី​ឈ្មោះ Sputnik V នឹងត្រូវ​ដាក់​ឲ្យ​ធ្វើតេស្ត​លើ​មនុស្ស​ចំនួន​៤​ម៉ឺន​នាក់ ចាប់ផ្តើម​ពី​សប្តាហ៍​ក្រោយ​ទៅ​។ វ៉ាក់សាំង Sputnik V គឺជា​វ៉ាក់សាំង​COVID-19 ដំបូង​គេ​បង្អស់​ដែល​ត្រូវបាន​ផលិតឡើង ប៉ុន្តែ​ប្រសិទ្ធភាព និង​សុវត្ថិភាព​របស់​វ៉ាក់សាំង​នេះ ត្រូវបាន​ចោទ​ជា​សំណួរ ដោយសារ​ពុំមាន​ព័ត៌មាន​ពី​ការធ្វើ​តេស្ត​គ្រប់គ្រាន់​។

 
«​ការធ្វើ​តេស្ត​លើ​សមត្ថភាព​ក្នុងការ​ឆ្លើយតប​របស់​ភាពស៊ាំ និង​សុវត្ថិភាព​របស់​វ៉ាក់សាំង​Sputnik V និង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ ដោយ​រួមបញ្ចូល​មនុស្ស​៤​ម៉ឺន​នាក់​»​។ នេះ​ជាការ​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​២០ សីហា របស់​មូលនិធិ​វិនិយោគ​ផ្ទាល់​រុស្ស៊ី ដែល​ផ្តល់ប្រាក់​ដល់​គម្រោង​វ៉ាក់សាំង​នេះ​។ សេចក្តីថ្លែងការណ៍​នេះ បញ្ជាក់ថា ការធ្វើ​តេស្ត​នេះ​មាន​លក្ខណៈ​ដូច​ការធ្វើ​តេស្ត​ដំណាក់កាល​ទី​៣ របស់​វ៉ាក់សាំង​ដទៃទៀត​ដែរ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  លោក Kirill Dmitriyev ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​រុស្ស៊ី និយាយ​ក្នុង​ស​ន្នី​សិទ​សារព័ត៌មាន​ថា ការចាក់​វ៉ាក់សាំង​ទៅលើ​ក្រុមមនុស្ស​ដែល​ប្រឈម​នឹង COVID-19 រួមមាន​គ្រូពេទ្យ នឹងត្រូវ​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ ហើយ​ធ្វើឡើង​ដោយ​ការស្ម័គ្រចិត្ត​។​
 
​មកទល់ពេលនេះ មាន​ប្រទេស​ច្រើនជាង​២០​បានធ្វើ​សំណើសុំ​ទិញ​វ៉ាក់សាំង COVID-19 រាប់ពាន់​លាន​ដូ​ស ខណៈ​រុស្ស៊ី​ក៏មាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​មួយចំនួន​ក្នុង​ការផលិត​វ៉ាក់សាំង​។ នៅ​រុស្ស៊ី​វិញ លោក Dmitriyev បាន​បន្ថែមថា ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ត្រូវ​រំពឹង​នឹង​ចាប់ផ្តើម​ក្នុង​ខែតុលា ចំណែកឯ​ការនាំ​ចេញទៅ​ក្រៅប្រទេស​អាច​នឹងធ្វើ​ឡើង​នៅ​ខែវិច្ឆិកា ឬ​ខែធ្នូ​។​
 
​ជុំវិញ​មន្ទិលសង្ស័យ​ទៅលើ​ប្រសិទ្ធិភាព​វ៉ាក់សាំង​ពី​បណ្តា​ប្រទេស​ដទៃ និង​អង្គការ​សុខភាព​ពិភពលោក​(WHO) លោក Dmitriyev បាន​លើក​ថា​៖« យើង​ឃើញ​មានការ​ប្រែប្រួល​យ៉ាងច្រើន​ចំពោះ​ពាក្យសម្តី​របស់ WHO ។ ជាការ​ពិត ដំបូង​ឡើយ​ពួកគេ​មិនទាន់មាន​ព័ត៌មាន​គ្រប់គ្រាន់ តែ​ពេលនេះ​ព័ត៌មាន​ផ្លូវការ​ត្រូវបាន​បញ្ជូនទៅ ហើយ​WHO នឹង​វាយតម្លៃ​វ៉ាក់សាំង​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​២១ សីហា​នេះ រុស្ស៊ី​មាន​ចំនួន​អ្នក​ឆ្លង​COVID-19 ៩៤២,១០៦ ករណី និង​មាន​អ្នកស្លាប់​ចំនួន​១៦,០៩៩ នាក់​។ រុស្ស៊ី​ជា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​ច្រើន​លំដាប់​ទី​៤ បន្ទាប់ពី​អាមេរិក ប្រេ​ស៊ី​ល និង​ឥណ្ឌា​៕

© រក្សាសិទ្ធិដោយ thmeythmey.com