កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldinho មាន​សេរីភាព​វិញ​ហើយ ក្រោយ​ជាប់ឃុំ​នៅ​ប៉ា​រ៉ា​ហ្គា​យ​ជិត​៥​ខែ​
25, Aug 2020 , 11:05 am        
រូបភាព
Ronaldinho ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់ពី​ការឃុំខ្លួន​នៅ​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​អស់​រយៈពេល​ជិត ៥ ខែ ជុំវិញ​ការប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ​។ នេះ​បើតាម​ការផ្សាយ​របស់ BBC នៅ​ថ្ងៃទី​២៥ ខែសីហា​នេះ​។​



​អតីត​ខ្សែបម្រើ​ឆ្នើម​ក្រុម Barcelona, AC Milan និង Paris Saint-Germain រូបនេះ ត្រូវ​ជាប់ឃុំ​ខ្លួន​ជាមួយ​បងប្រុស​របស់គេ​លោក Roberto de Assis Moreira កាលពី​ថ្ងៃទី​៦ ខែមីនា​ដោយ​រង​ការចោទប្រកាន់ថា បាន​ចូល​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​ដោយ​កាន់​លិខិតឆ្លងដែន​ក្លែងក្លាយ​។​
 
​បន្ទាប់ពី​អ្នក​ទាំងពីរ ជាប់ពន្ធនាគារ​រយៈពេល​ជាង​១​ខែ ដើម្បី​រង់ចាំ​ការជំនុំជម្រះ​លើ​បទ​ចោទ​ប្រើប្រាស់​លិខិតឆ្លងដែន​មិន​ពិត​នេះ មេធាវី​បាន​បង់ប្រាក់​ធានា​ចំនួន ១,៦ លាន​ដុល្លារ សម្រាប់​ឲ្យ​ពួកគេ​បាន​ចេញពី​ទី​ឃុំឃាំង ដើម្បី​អាច​ទៅ​ឃុំខ្លួន​ក្នុង​សណ្ឋាគារ​មួយ​នៅ​កណ្តាល​ក្រុង Asuncion វិញ​។​
 
​យ៉ាង​ក៏ដោយ ក្រោយ​ចៅក្រម​លោក Gustavo Amarilla បានកំណត់​កាលបរិច្ឆេទ​នៅ​ថ្ងៃទី​២៤ ខែសីហា ដើម្បី​បើកសវនាការ​លើ​រឿងក្តី​នេះ បងប្អូន​ប្រុស​ទាំងពីរ​ក៏ត្រូវ​បានសម្រេច​ឲ្យ​ដោះលែង​ពី​ការឃុំខ្លួន​ក្នុងផ្ទះ ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព​ធម្មតា​វិញ​។​


 
​ការដោះលែង​នេះ កើតឡើង​ក្រោយ​រដ្ឋអាជ្ញា​បានដាក់​សំណើ​ទៅ​ចៅក្រម​ដោយ​ឲ្យ អតីត​តារា​ឆ្នើម Barcelona បង់ប្រាក់​ពិន័យ​ជុំវិញ​ករណី​បន្លំ​ខាងលើនេះ ហើយ​អនុញ្ញាត​ឲ្យ​រូបគេ​វិលត្រឡប់​ទៅ​ប្រេ​ស៊ី​ល​វិញ ដោយ​ត្រូវ​បង្ហាញខ្លួន​នៅ​ចំពោះមុខ​ចៅក្រម​រៀងរាល់ ៣​ខែម្តង ក្នុង​រយៈពេល​មួយឆ្នាំ​។ 
 
​ជុំវិញ​ការចោទប្រកាន់​នេះដែរ ម្ចាស់​ពាន Ballon d'Or ឆ្នាំ​២០០៥ ដែល​សព្វថ្ងៃ​ឈានដល់​វ័យ​៤០​ឆ្នាំ បាន​បដិសេធថា​ខ្លួន​មិនមាន​សមត្ថភាព​ឯណា​ដើម្បី​ប្រើប្រាស់​លិខិតឆ្លងដែន​ក្លែងក្លាយ​នោះទេ​។​
 
​បើទោះជា​ត្រូវ​ដោះលែង​មែន តែ Ronaldinho ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជួយ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដែល​ឈ្នះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ ២០០២ នឹងត្រូវ​បង់ប្រាក់​ពិន័យ​ចំនួន ៩​ម៉ឺន​ដុល្លារ ខណៈ​បងប្រុស​របស់គេ​ត្រូវ​បង់ ១១​មឺ​ន​ដុល្លារ លើ​លក្ខខណ្ឌ​ធ្វើដំណើរ​ពួកគេ​ទាំងពីរ​៕
 

Tag:
 Ronaldinho
© រក្សាសិទ្ធិដោយ thmeythmey.com