កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ឈ្នះ​ពាន Community Shield លើក​ទី​១៦
30, Aug 2020 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
Arsenal ទទួល​ជ័យជម្នះ ៥-៤ លើ Liverpool ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​ក្រោយ​លទ្ធផល​ស្មើ ១-១ ដើម្បី​លើក​ពាន Community Shield ជា​លើក​ទី​១៦​។​



​ក្នុងជំនួប​នៅ Wembley ដោយ​គ្មាន​អ្នកទស្សនា Pierre-Emerick Aubameyang រកបាន​នាំ​ឲ្យ Arsenal នៅ​១២​នាទី​ដំបូង ប៉ុន្តែ Takumi Minamino ដែលជា​កីឡាករ​បម្រុង​បាន​វាយបក​តាម​ស្មើ​វិញ​សម្រាប់ Liverpool នៅ​នាទី​៧៣​។

​ឈានដល់​ការ​ទាត់​ប៉េ​ណា​ល់​ទី​សម្រេច​ក្តី Liverpool ធ្វើបាន​សម្រេច​តែ​៤​គ្រាប់ ដោយ Mohamed Salah, Fabinho, Takumi Minamino, Curtis Jones ខណៈ Rhian Brewster ទាត់​ខុស​គោលដៅ រីឯ Arsenal ធ្វើបាន​សម្រេច​ទាំង​៥​គ្រាប់ ដោយ Reiss Nelson, Ainsley Maitland-Niles, Cedric Soares, David Luiz, និង​ចុងក្រោយ​Pierre-Emerick Aubameyang​។​

​នេះ​ជា​ជ័យជម្នះ​លើក​ទី​២​របស់​កាំភ្លើង​ធំ Arsenal នៅ Wembley ក្នុង​ខែសីហា បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ Chelsea ២-១ ដើម្បី​លើក​ពាន FA Cup​។ សម្រាប់ Liverpool ពួកគេ​បាន​ទាត់​ប៉េ​ណា​ល់​ទី​ចាញ់​ក្នុង Community Shield ពី​ឆ្នាំ​ជាប់​គ្នា ជាពិសេស​ក្រោម​ការដឹកនាំ​របស់លោក Arteta ក្នុងនាម​លោក​ជា​គ្រូ​ជំនួយ Manchester City កាលពី​ឆ្នាំមុន​ផងដែរ​។​

Community Shield (​អតីត Charity Shield) ជា​ពាន​ដែល​ប្រកួត​នៅមុន​ការបើក​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ Premier League​។ ក្រុម​ដែល​ត្រូវ​ដណ្តើមពាន​ជា​ម្ចាស់​ជើងឯក Premier League រដូវ​កាល​ចាស់ និង​ជើងឯក FA Cup ឬ​ក្រុម​លេខ​២ Premier League (​ក្នុងករណី​ក្រុម​តែមួយ​ឈ្នះ​ទាំង Premier League និង FA Cup)​។​

Manchester United ធ្លាប់​ឈ្នះ​ជើងឯក​២១​លើក ក្នុងចំណោម​៩៨​លើក ខណៈ Arsenal ឡើងឈរ​លេខ​ពីរ​ដោយ​ឈ្នះ​១៦​លើក លើស Liverpool មួយ​លើក​។ ក្រុម​ផ្សេងទៀត​ដែល​ធ្លាប់​ឈ្នះ​រួមមាន Everton (៩​លើក​), Tottenham Hotspur (៧​លើក​), Manchester City (៦​លើក​), Chelsea (៤​លើក​), Wolverhampton Wanderers (៤​លើក​)​។

ក្រុម​ដែល​ធ្លាប់​ឈ្នះ​២​លើក​រៀងៗ​ខ្លួន​មាន Leeds United, West Brom, Burnley រីឯ​ក្រុម​ដែល​ធ្លាប់​ឈ្នះ​១​លើក មាន Newcastle, Brighton & Hove Albion, Blackburn Rovers, Huddersfield Town, Cardiff City, Sheffield Wednesday, Sunderland, Bolton Wanderers, Leicester City, Derby County, Nottingham Forest, Portsmouth, West Ham និង Aston Villa៕



© រក្សាសិទ្ធិដោយ thmeythmey.com