ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២០ ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានប្រារព្ធពិធី«ប្រគល់រថយន្ត Ford ចំនួន៤គ្រឿង និងដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford» ជូនទៅដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត Ford ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើង សម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ដែលមានទីតាំងស្ថិតនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជិតវត្តទឹកថ្លា)។
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ បានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិត តាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់ខ្លួន នៅតាមបណ្ដាក្រុមហ៊ុននានា ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។
តាមរយៈការវិនិយោគ ទៅលើវិស័យធនធានមនុស្ស ដូចដែលបានរៀបរាប់ខាងលើនេះហើយ ដែលជាកត្តាជុំរុញ ឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត Ford នេះលេចចេញជារូបរាងឡើង។ នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានឧបត្ថម្ភក្នុងការជួសជុល និងកែលំអរោងជាងទាំងមូល ព្រមទាំងបំពាក់នូវម៉ាស៊ីនត្រជាក់ សម្ភារបច្ចេកទេសសម្រាប់ជួសជុលរថយន្ត គ្រឿងបរិក្ខាសម្រាប់សិក្សា គ្រឿងតុបតែងលំអ និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារ ដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ។ វគ្គបណ្តុះបណ្តាល គឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន អ អិម អេ បានផ្តល់នូវរថយន្ត Ford Pickup ចំនួន ១គ្រឿង និងត្រាក់ទ័រ John Deere ចំនួន ២គ្រឿងជូនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ ដោយឡែកនៅក្នុងឆ្នាំ ២០២០ នេះក្រុមហ៊ុន អ អិម អេ ក៏នៅតែបន្តសកម្មភាពនេះដដែល នោះគឺការបន្តប្រគល់នូវរថយន្ត Ford Pickup ឲ្យបានចំនួន ១០គ្រឿង ជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះដែរប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន ៤គ្រឿងបន្ថែម វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន ២គ្រឿង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT) នៅខេត្តបាត់ដំបងចំនួន ២ គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ(NPIA) នៅខេត្តសៀមរាបចំនួន ២គ្រឿង។
លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការផ្តល់នូវរថយន្ត Ford Pickup បន្ថែមចំនួន ៤គ្រឿង ការផ្តល់គ្រឿងបរិក្ខារ និងសម្ភារបច្ចេកទេសសម្រាប់ជួសជុលរថយន្ត និងការដាក់ឲ្យដំណើរការ កម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មក្នុងថ្ងៃនេះ នឹងធ្វើឲ្យ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តហ្វដនេះ ក្លាយទៅជាមជ្ឈមណ្ឌលមួយ ដែលចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ផ្នែកបច្ចេកទេសយានយន្ត»។
លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖«សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការនាំចេញមកកាន់ទីផ្សារប្រទេសកម្ពុជា ដើម្បីឲ្យមានលំនឹងនៃសេដ្ឋកិច្ច ព្រមទាំងចង់ឲ្យប្រជាជនកម្ពុជា ទទួលបានផលិតផល និងសេវាកម្មដែលមានគុណភាពល្អប្រើប្រាស់។ ក្នុងនោះដែរ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានជួយ ក្នុងការនាំចូលផលិតផលពីសហរដ្ឋអាមេរិក មកកាន់ទីផ្សារប្រទេសកម្ពុជាផងដែរ នោះគឺរថយន្តម៉ាក Ford ដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិក ដែលជាម៉ាករថយន្តរបស់អាមេរិក ដែលនាំចូលមកប្រទេសកម្ពុជា ច្រើនជាងគេបំផុត។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Ford នូវតែរក្សាស្តង់ដា សុវត្ថិភាព គុណភាព គិតគូរដល់បរិស្ថាន និងមានទំនួលខុសត្រូវក្នុងកិច្ចការសង្គមយ៉ាងខ្ជាប់ខ្ជួន»។
លើសពីនេះទៅទៀត គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ របស់ក្រុមហ៊ុន អ អិម អេខេមបូឌា នេះបានទទួល ការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។
លោក ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖«ខ្ញុំសូមសម្តែងនូវការដឹងគុណ និងកោតសរសើរចំពោះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា និងសហការីទាំងអស់ ចំពោះការខិតខំប្រឹងប្រែង គាំទ្រ និងសហការយ៉ាងជិតស្និទជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នាពេលកន្លងមក ដើម្បីធ្វើការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលជាកត្តាសំខាន់បំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិយើង។ ហើយខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅតែបន្តភាពជាដៃគូនេះ មានលក្ខណៈយុទ្ធសាស្ត្រ និងស៊ីជម្រៅថែមទៀត ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់យុវជនកម្ពុជា ឲ្យទទួលបានឱកាសសិក្សាស្របតាមបច្ចេកវិទ្យាទំនើប និងទទួលបានប្រាក់ចំណូលខ្ពស់»។
ក្រៅពីការវិនិយោគ ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្រុមហ៊ុន អ អិម អេ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការសម្អាតទីក្រុង ការដាំកូនឈើ ការសាងសង់សាលារៀន បណ្ណាល័យ អណ្ដូងទឹកស្អាត ការផ្ដល់បង់អង្គុយ និងធុងសំរាមនៅតាមសួនច្បារសាធារណៈ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារ ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាល ទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន អ អិម អេ ក៏បានផ្តល់អាហារូបករណ៏ ដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្រាប់ការហាត់ការនៅប្រទេសបារាំងផងដែរ។ ក្នុងនោះចំនួនសិស្ស និស្សិតដែលយើងធ្លាប់បានផ្តល់អាហារូបករណ៍ជូន មានចំនូន ១២៥នាក់ ក្នុងឆ្នាំ២០១៨ និងកើនឡើងរហូតដល់ ២១៣ នាក់ក្នុងឆ្នាំ ២០១៩៕
(អត្ថបទពាណិជ្ជកម្ម)