COVID-19
អន្តរជាតិ
ពេលនេះ ឥណ្ឌា​ជា​ប្រទេស​មាន​ករណី​ឆ្លង COVID-19 លំដាប់​ទី​២ បន្ទាប់ពី​អាមេរិក​
07, Sep 2020 , 3:17 pm        
រូបភាព
បុគ្គលិកសុខាភិបាលកំពុងប្រមូលសំណាកពីប្រជាជនឥណ្ឌា។ រូបភាព AFP
បុគ្គលិកសុខាភិបាលកំពុងប្រមូលសំណាកពីប្រជាជនឥណ្ឌា។ រូបភាព AFP
ដោយ:
ឥណ្ឌា នៅ​ថ្ងៃទី​៧ ខែកញ្ញា​នេះ បានក្លាយ​ទៅជា​ប្រទេស​ដែលមាន​ចំនួន​អ្នក​ឆ្លង COVID-19 ច្រើន​លំដាប់​ទី​២ តាម​ពីក្រោយ​អាមេរិក ហើយ​ឈរ​ពីលើ​ប្រេ​ស៊ី​ល​។ ឥណ្ឌា​មាន​ចំនួន​អ្នក​ឆ្លង​៤,២​លាន​នាក់ និង​ស្លាប់​ចំនួន​ជាង​៧​ម៉ឺន​១​ពាន់​នាក់​។ ចំនួន​អ្នក​ឆ្លង​នេះ​កើនឡើង ក្រោយ​ឥណ្ឌា​ចាប់ផ្តើម​បើក​ប្រទេស​ឡើងវិញ​នៅ​ខែមិថុនា​។

 
​យោងតាម​ការផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រសួងសុខាភិបាល​ឥណ្ឌា បាន​បង្ហាញថា ឥណ្ឌា​មាន​ចំនួន​អ្នក​ឆ្លង COVID-19 ចំនួន​៤,២​លាន​ករណី​នៅត្រឹម​ថ្ងៃទី​៧ ខែកញ្ញា ឈរ​លេខ​ពីរ​ក្រោម​អាមេរិក​ដែលមាន​៦,២៥​លាន​ករណី និង​ច្រើនជាង​ប្រេ​ស៊ី​ល​ដែលមាន​៤,១២​លាន​ករណី​។ 
 
​នៅ​ថ្ងៃទី​៥ ខែកញ្ញា​ចំនួន​ឆ្លង​នៅ​ឥណ្ឌា​កើនឡើង​ដល់​៤​លាន​នាក់ ខណៈ​១៣​ថ្ងៃមុន ឥណ្ឌា​មាន​ករណី​ឆ្លង​៣​លាន​ករណី​។ នៅត្រឹម​ថ្ងៃទី​៧ ខែសីហា​នេះ ឥណ្ឌា​មាន​ករណី​ឆ្លង​ដល់​ទៅ​៩​ម៉ឺន​ករណី​ក្នុង​មួយថ្ងៃ​។​
 
​លោក Shadid Jameel អ្នកជំនាញ​ផ្នែក​វីរុស​សាស្ត្រ និង​ជា​ប្រធាន​សម្ព័ន្ធ Wellcome Trust/DBT India បាន​លើកឡើងថា ក្នុង​រយៈពេល​២​សប្តាហ៍​ចុងក្រោយ ករណី​ឆ្លង​ជា​មធ្យម​កើនឡើង​ពី​៦​ម៉ឺន​៥​ពាន់​ករណី ទៅ​៨​ម៉ឺន​៣​ពាន់​ករណី​ក្នុង​មួយថ្ងៃ ដែលជា​ការកើនឡើង​២៧​ភាគរយ​ក្នុង​រយៈពេល​២​សប្តាហ៍ ឬ​ប្រមាណ​២​ភាគរយ​ក្នុង​មួយថ្ងៃ​។​
 
​ការកើនឡើង​ចំនួន​ឆ្លង​នេះ​បណ្តាលមកពី​ការបន្ធូរបន្ថយ​ការ​រឹតត្បិត និង​ការបើក​ប្រទេស និង​ចរន្ត​សេដ្ឋកិច្ច​ឡើងវិញ​យ៉ាង​សន្សឹមៗ​នៅ​ដើមខែ​មិថុនា​។ ក្នុងអំឡុងពេល​បិទ​ប្រទេស​ដែលជា​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង សេដ្ឋកិច្ច​ឥណ្ឌា​បាន​ដាំ​ក្បាល​ប្រមាណ​២៤​ភាគរយ ចន្លោះ​ពី​ខែមេសា ដល់​ខែមិថុនា​។ ក្នុង​ការបើក​ប្រទេស​ឡើងវិញ​នេះ ការប្រើ​រថភ្លើង​ក្រោម​ដី​នៅ​រដ្ឋធានី​ញូវដែលី និង​ទីក្រុង​ហិរញ្ញវត្ថុ​ម៉ុម​បៃ បាន​ដំណើរការ​ឡើងវិញ​ក្រោយ​បិទ​ជាង​៦​ខែ​មក​។​
 
​បន្ថែម​ពីនេះ អ្នកជំនាញ​សុខភាព​អះអាងថា ជំងឺ COVID-19 ក៏​ចាប់ផ្តើម​ឆ្លង​ចូល​ជនបទ​ផងដែរ​។ អំឡុងពេល​បិទ​ប្រទេស ឥណ្ឌា​ត្រូវបាន​ចាត់ទុកថា ជា​ប្រទេស​ទប់ទល់​នឹង​ជំងឺឆ្លង​បាន​យ៉ាង​ប្រសើរ ដោយមាន​ចំនួន​អ្នក​ឆ្លង​តិច​ធៀប​នឹង​ចំនួន​ប្រជាជន​។ 
 
​ទោះជា​មាន​ករណី​ច្រើន​បែបនេះ​ក្តី អ្នកជំនាញ​អះអាងថា ចំនួន​ឆ្លង​មាន​ច្រើនជាង​តួលេខ​សព្វថ្ងៃ ព្រោះ​ពុំមាន​ការធ្វើ​តេស្ត​គ្រប់គ្រាន់ ចំណែកឯ​ការកត់ត្រា​ក​រ​ណី​ស្លាប់​ក៏​មិនទាន់​ត្រឹមត្រូវ​ដែរ​។ ចាប់តាំងពី​ផ្ទុះ​ជំងឺ COVID-19 មក ឥណ្ឌា​បានធ្វើ​តេស្ត​មនុស្ស​១០​លាន​នាក់​ជា​មធ្យម​ក្នុង​មួយថ្ងៃ ហើយ​ក៏មាន​គម្រោង​ព​ន្លឿ​ន​ការធ្វើ​តេស្ត​នេះ​ផងដែរ​។ ដោយសារ​មានការ​ឆ្លង​ច្រើន ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ឥណ្ឌា​អនុញ្ញាត​ឲ្យ​ប្រជាជន​គ្រប់រូប​ធ្វើតេស្ត ដោយ​ពុំ​ចាំបាច់​មាន​លិខិត​ពី​គ្រូពេទ្យ​ឡើយ​។​
 
​បើតាម​លោក Jameel ការបង្កើន​ការធ្វើ​តេស្ត​នឹង​ជួយ​រកឃើញ​អ្នក​ផ្ទុក​ជំងឺ COVID-19 មិន​ចេញ​រោគសញ្ញា ដែលជា​ប្រភព​ចម្លង​មួយ​។ លោក​ថា គេ​គួរ​បន្ថែម​ការធ្វើ​តេស្ត​តាម​ភូមិ​សង្កាត់​នៅ​ជនបទ ដោយហេតុថា ករណី​ឆ្លង​ថ្មី​ចំនួន​២​ភាគ​៣ មាន​ប្រភព​មកពី​ទីនោះ​។ 
 
​ឥណ្ឌា​ដែលមាន​ប្រជាជន ១,៣​ពាន់​លាន​នាក់ ក៏ត្រូវ​បាន​ព្រមាន​ផងដែរ​ថា អាច​នឹងមាន​ចំនួន​អ្នក​ឆ្លង​COVID-19 លើស​អាមេរិក​នៅពេល​ខាងមុខ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com