COVID-19
អន្តរជាតិ
បុគ្គលិក UN ជាង​២០០​នាក់​នៅ​ស៊ី​រី ឆ្លង​ជំងឺ​COVID-19
07, Sep 2020 , 8:59 pm        
រូបភាព
បុគ្គលិករបស់អង្គការសហប្រជាជាតិនៅទីក្រុងដាម៉ាស់ ប្រទេសស៊ីរី។ រូបភាព៖ United Nations
បុគ្គលិករបស់អង្គការសហប្រជាជាតិនៅទីក្រុងដាម៉ាស់ ប្រទេសស៊ីរី។ រូបភាព៖ United Nations
ដោយ:
បុគ្គលិក​អង្គការសហប្រជាជាតិ​(UN) ដែល​កំពុង​បំពេញការងារ​មនុស្សធម៌​ជាង​២០០​នាក់ នៅ​ស៊ី​រី​បាន​ឆ្លង​ជំងឺ COVID-19 ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ពេទ្យ និង​មន្ត្រី​របស់ UN ។​។ អង្គការ​នេះ កំពុង​ស្វែងរក​វិធីសាស្ត្រ​ទប់ស្កាត់​ឆ្លង​ជំងឺ ក្នុងប្រទេស​ដែល​ញាំញី​ដោយសារ​សង្គ្រាម និង​ទណ្ឌកម្ម​ពី​បណ្តា​ប្រទេស​លោកខាងលិច​មួយ​នេះ​។​

 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​យោង​លិខិត​របស់​មន្ត្រី UN ប្រចាំ​ស៊ី​រី មាន​ករណី​ឆ្លង​ច្រើនជាង​២០០​ករណី​ក្នុងចំណោម​បុគ្គលិក​របស់ UN ដែល​ក្នុងនោះ​មាន​មួយចំនួន​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ ចំណែកឯ​បុគ្គលិក​បី​រូប​ទៀត​ត្រូវបាន​ជម្លៀស​ចេញពី​ស៊ី​រី ដែល​ទំនង​បណ្ដាលមកពី​ស្ថានភាព​ធ្ងន់ធ្ងរ​។​
 
​តួរ​លេខ​នៃ​បុគ្គលិក UN ប្រចាំ​ស៊ី​រី​ដែល​ឆ្លង COVID-19 ត្រូវបាន​គ្រូពេទ្យ​កត់សម្គាល់ថា មាន​ចំនួន​ច្រើន ហើយក៏​រាប់បញ្ចូល​ទាំង​បុគ្គលិក​របស់​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើការ​ឲ្យ​UN ផងដែរ​។ ទីភ្នាក់ងារ​របស់ UN និង​អង្គការក្រៅរដ្ឋាភិបាល​នៅ​ស៊ី​រី​កំពុងធ្វើការ​ផ្តល់ជំនួយ​មនុស្ស​ធ​ម៍ នៅក្នុង​ប្រទេស​ស៊ី​រី​ដែល​សង្គ្រាមស៊ីវិល​បានអូសបន្លាយ​ពេល​ជិត​១០​ឆ្នាំ​។​
 
​លោក Imran Riza អ្នកសម្របសម្រួល​កិច្ចការ​របស់ UN និង​មនុស្សធម៌​នៅ​ស៊ី​រី បាន​អះអាង​ក្នុង​លិខិត​ដែល​ផ្ញើ​ទៅកាន់​បុគ្គលិក​របស់លោក​ថា UN កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ក្នុងការ​ទទួលបាន​សម្ភា​រៈ​វេជ្ជសាស្ត្រ​ដើម្បី​ព្យាបាល​អ្នក​ឆ្លង​ជំងឺ COVID-19 ។ កាលពី​ខែ​មុន UN បានបង្ហាញ​សេចក្តី​បារម្ភ​ចំពោះ​ការឆ្លង​យ៉ាង​រហ័ស​នៅ​ស៊ី​រី ខណៈ​កន្លែង​ផ្តល់​សេវា​សុខាភិបាល​កំពុង​ស្ថិតនៅ​ក្រោម​សម្ពាធ​ខ្លាំង ហើយ​មន្ទីរពេទ្យ​ត្រូវ​ខូចខាត​ដោយសារ​សង្គ្រាម ឯ​សម្ភារ​ថ្នាំពេទ្យ​មាន​ចំនួន​កំណត់​។ 
 
​មន្ត្រី UN ប្រចាំ​ស៊ី​រី​ខាងលើ បន្ថែមថា ចំនួន​ករណី​ឆ្លង​COVID-19 នៅ​ស៊ី​រី​បាន​កើនឡើង​១០ ដង​ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយនេះ ហើយ​ស្ថានភាព​ជំងឺឆ្លង​បាន​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។ បច្ចុប្បន្ននេះ ស៊ី​រី​មានការ​ឆ្លង​៣,១៧១ ករណី និង​ស្លាប់​ចំនួន​១៣៤​នាក់ តាំងពី​រកឃើញ​ករណី​ដំបូង​នៅ​ថ្ងៃទី​២៣ មីនា​។ ប៉ុន្តែ​អង្គការ​មួយចំនួន ពុំ​សូវ​ជឿទុកចិត្ត​ទិន្ន័យ​នេះ​ទេ និង​សង្ស័យ​អាជ្ញាធរ​បាន​លាក់​បំបាំង​តួលេខ​ខ្លះ​។ អាជ្ញាធរ​ស៊ី​រី​បាន​ច្រានចោល​ការចោទប្រកាន់​នេះ តែ​ទទួលស្គាល់​ការធ្វើ​តេស្ត​មាន​ចំនួន​កំណត់​។​
 
​ដោយសារ​សង្គ្រាម​ហែកហួរ និង​ទំនោរ​នយោបាយ​ផ្ទុយ​នឹង​លោកខាងលិច រដ្ឋាភិបាល​ស៊ី​រី​ទទួល​ជំនួយ​បានត្រឹមតែ​ពី​ចិន និង​រុស្ស៊ី​ប៉ុណ្ណោះ​។ ជាក់ស្តែង ចិន​បានផ្តល់​ឧបករណ៍​ធ្វើតេស្ត​២​ពាន់​សម្រាប់ អាវ​ពាក់​ការពារ និង​ម៉ាស់​ដល់​រដ្ឋាភិបាល​ស៊ី​រី​ក្នុង​ខែមីនា ចំណែក​រុស្ស៊ី​បានផ្តល់​សម្ភារ​ខ្លះ​តាម​នាវា​។ ចំណែក​ជំនួយ​មនុ​ស្សធ​ម៍​ដល់​ជន​ស៊ីវិល​ដែល​រងគ្រោះ​វិញ កាន់តែ​ពិបាក​នាំចូល​ទៅក្នុង​ប្រទេស​នេះ បន្ទាប់ពី​រុស្ស៊ី​បានទាមទារ​ឲ្យ​បិទ​ច្រក​ដឹក​ជំនួយ​ពី​អ៊ីរ៉ាក់ និង​តួ​ក​គី​ទៅកាន់​ស៊ី​រី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com