COVID-19
អន្តរជាតិ
មី​យ៉ាន់​ម៉ា ហាម​បក្សនយោបាយ​ធ្វើ​យុទ្ធនា​ការបោះឆ្នោត​នៅ​តំបន់​មាន​ហានិភ័យ COVID-19
09, Sep 2020 , 3:37 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ AP
លោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ AP
​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សហព័ន្ធ​របស់​មី​យ៉ាន់​ម៉ា​(UEC) នៅ​ថ្ងៃទី​៧ ខែកញ្ញា បានប្រកាសថា គណបក្សនយោបាយ​ទាំងអស់ នឹងមិន​អនុញ្ញាត​ឲ្យ​ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នៅក្នុង​តំបន់​ដែល​ជាប់​បទបញ្ជា​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ​ទេ​។ នេះ​ជា​ផ្នែក​មួយ​នៃ​វិធានការ​របស់ UEC សម្រាប់​ឲ្យ​គណបក្សនយោបាយ​គោរព​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ប្រទេស អំឡុងពេល​យុទ្ធនា​ការរក​សំឡេងឆ្នោត​។

 
​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ថ្នាក់ជាតិ​នៅ​មី​យ៉ាន់​ម៉ា បានចាប់ផ្តើម​ហើយ​នៅ​ថ្ងៃទី​៨ ខែកញ្ញា​។ ប៉ុន្តែ​គណបក្ស ដែល​ចូលរួម​ទាំងអស់ ត្រូវតែ​គោរព​តាម​វិធាន​របស់​ក្រសួងសុខាភិបាល និង​គោលការណ៍​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​សហព័ន្ធ​មី​យ៉ាន់​ម៉ា ដើម្បី​បង្ការ​ការ​រាតត្បាត​នៃ​COVID-19 ខណៈ​មី​យ៉ាន់​ម៉ា​កំពុង​រងគ្រោះ​ដោយសារ​ជំងឺឆ្លង​សកល​មួយ​នេះ​។ 
 
​មុន​យុទ្ធនា​ការឃោសនា​មួយថ្ងៃ UEC របស់​មី​យ៉ាន់​ម៉ា​បាន​សេចក្តីណែនាំ​មួយ​ដែល​ហាមឃាត់​បក្សនយោបាយ​បាយ​នានា​ពី​ការឃោសនា​នៅ​ទីតាំង​ដែលមាន​ហានិភ័យ​ជំងឺ COVID-19​។ ក្នុង​សេចក្ដីណែនាំ​ថ្ងៃទី​៧ ខែកញ្ញា UEC បញ្ជាក់ថា​៖ «​បក្សនយោបាយ​ទាំងអស់ មិនត្រូវ​រៀបចំ​ការជួបប្រជុំ និង​យុទ្ធនា​ការរក​សំឡេងឆ្នោត​នៅ​កន្លែង ឬ​អាគារ​សាធារណៈ នៅ​កន្លែង​បទបញ្ជា​ឲ្យ​ស្នាក់​នៅផ្ទះ​អនុវត្ត​ឡើយ​»​។ 
 
​កន្លងមក ក្រសួងសុខាភិបាល និង​កីឡា​មី​យ៉ាន់​ម៉ា បានដាក់​ក្រុង​ចំនួន ១៧​នៅក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន និង​តំបន់​មួយចំនួនទៀត​ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន ឲ្យ​ស្ថិតក្រោម​បម្រាម​ស្នាក់​នៅផ្ទះ ដើម្បី​បង្ការ​ការ​រាតត្បាត​COVID-19 ។ 
 
​ក្រៅពីនេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​មី​យ៉ាន់​ម៉ា ក៏​បានចេញ​វិធានការ​មួយចំនួន ដើម្បី​ឲ្យ​បក្សនយោបាយ​ទាំងអស់​គោរព​តាម​ផងដែរ​។ សម្រាប់​អ្នក​ឈរឈ្មោះ​ដែល​រស់នៅក្នុង​តំបន់​ជាប់​បម្រាម​ស្នាក់​នៅផ្ទះ និង​មាន​ឈរឈ្មោះ​នៅ​តំបន់​ផ្សេង ទំនងជា​ត្រូវ​រឹតត្បិត​ការ​យុទ្ធនា​ការឃោសនា​របស់​ពួកគេ​។ 
​រថយន្ត​ឃោសនា អនុញ្ញាត​ឲ្យ​ដាក់​មនុស្ស​តែ​ពាក់កណ្តាល ហើយ​ត្រូវតែមាន​កម្តៅ​ក្រោម​៣៨​អង្សា​សេ​។ បើក​ម្តៅ​លើស អ្នក​ទាំងនោះ​នឹងមិន​អនុញ្ញាត​ឲ្យ​ជិះ​រថយន្ត​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Irrawady​។ 
 
​ដោយឡែក អ្នក​ទាំងឡាយណា ដែល​បានធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្ទុះ COVID-19 ក្នុង​រយៈពេល ១៤​ថ្ងៃ ឬ​ចេញ​រោគសញ្ញា​ខ្លះ ក៏​មិន​អនុញ្ញាត​ឲ្យ​មក​ចូលរួម​ក្នុង​យុទ្ធនាការ​ដែរ​។ សម្រាប់​ការជួបជុំ​ប្រជាជន​វិញ គឺ​ហាម​ជួបជុំ​លើសពី ៥០​នាក់ និង​ត្រូវ​ធានាថា អ្នកចូលរួម​ត្រូវ​រក្សា​គម្លាត​ជិត​ពីរ​ម៉ែត្រ ពាក់​ម៉ាស់ របាំងមុខ និង​ត្រូវមាន​ទឹក​សម្លាប់​មេរោគ​។ មិនតែប៉ុណ្ណោះ ការ​ចាប់ដៃ និង​អោប​ក្នុងអំឡុង​ពេលនេះ គឺ​ហាមឃាត់​។ 
 
​កន្លងមក រដ្ឋមន្ត្រី​សុខាភិបាល​មី​យ៉ាន់​ម៉ា បាន​ប៉ាន់ប្រមាណ​ថា ករណី​ឆ្លង​COVID-19 នៅក្នុង​ប្រទេស នឹង​បន្ត​កើនឡើង​ថែមទៀត​។ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា មី​យ៉ាន់​ម៉ា មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​សរុប​ចំនួន ១៨០៧​ករណី អ្នកស្លាប់​មាន​ចំនួន ១២​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៦០​នាក់​៕ 

Tag:
 មី​យ៉ាន​ម៉ា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com