អន្តរជាតិ
រដ្ឋ​កាលីហ្វ័រ​ញ៉ា គ្រោង​ហាមឃាត់​ការលក់​រថយន្ត​អ្នកដំណើរ​ចាក់​សាំង​នៅ​ឆ្នាំ​២០៣៥
28, Sep 2020 , 8:39 pm        
រូបភាព
លោក Gavin Newsom ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង Sacramento ។ រូបថត AP
លោក Gavin Newsom ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង Sacramento ។ រូបថត AP
ដោយ៖ ​កង ម៉េង​ហុង​
​អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា​លោក Gavin Newsom បាន​និយាយ​ថ្ងៃ​ពុធ​ទី ២៣ ខែកញ្ញា​ថា រដ្ឋ​របស់លោក នឹង​ហាមឃាត់​ការលក់​រថយន្ត​ដឹក​អ្នកដំណើរ​ថ្មី​ដែល​ចាក់​សាំង និង​រថយន្ត​ដឹកទំនិញ​ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០៣៥ ទៅ​។ វិធានការ​នេះ ធ្វើឡើង​ស្របពេល​ដែល​ក្រុមហ៊ុន​ផលិត​ឡាន​អាមេរិក បង្វែរ​ផលិតកម្ម​របស់ខ្លួន​ទៅរក​ការផលិត​ឡាន​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​។​

 
​គម្រោង​របស់​រដ្ឋ​កាលី​ហ្វ័​រ​នីញ៉ា ជា​ចំណាត់ការ​ដ៏​សំខាន់​មួយ​របស់​រដ្ឋ​ដ៏​ធំ​មួយ​នេះ ក្នុង​គោលបំណង​បញ្ចប់​ការប្រើប្រាស់​ម៉ាស៊ីន​ដែលមាន​ចំហេះ​ផូស៊ីល ប៉ុន្តែ​វា​ក៏​ផ្ទុយ​ពី​នឹង​គោលនយោបាយ​គាំទ្រ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​របស់លោក​ប្រធានាធិបតី Donald Trump ។ អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា ប្រកាស​ហើយ​ថា លោក នឹង​បង្កើន​ការប្រឹងប្រែង​របស់​រដ្ឋ​របស់លោក​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​។​
 
« យើង​កំពុង​បង្កើត​ផ្លូវ​ថ្មី​មួយ​»​។ លោក Newsom និយាយ​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង Sacramento ខណៈពេល​កំពុង​ឈរ​នៅមុខ​រថយន្ត​អគ្គិសនី​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​របស់​យានយន្ត​។​
 
​អភិបាលរដ្ឋ​កាលីហ្វ័រ​ញ៉ា​អះអាងថា រដ្ឋ​របស់លោក​ប្តេជ្ញាចិត្ត​ចំពោះ​គោលដៅ​ដ៏​មុតមាំ​ដើម្បី​បញ្ចប់​ការលក់​រថយន្ត​ថ្មី​ដើរ​ដែល​ប្រើប្រាស់​សាំង​នៅ​ឆ្នាំ ២០៣៥ និង​កាលីហ្វ័រ​នីញ៉ា ក៏​កំពុង​លើកទឹកចិត្ត​ដល់​រដ្ឋ​ដទៃទៀត​ឲ្យ​ធ្វើ​សកម្ម​ភាពស្រដៀងគ្នា​នេះ​។ 
 
​ក្រៅពី​ការ​ផ្ដោតលើ​ការបញ្ចេញ​ឧស្ម័ន​ពុល​ដោយ​ឡាន រដ្ឋ​កាលីហ្វ័រ​ញ៉ា​មាន​គោលដៅ​ផ្សេងទៀត​ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​នេះ ដូចជា​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​បាន​៨០​ភាគរយ​នៃ​កម្រិត​ឆ្នាំ​១៩៩០ នៅត្រឹម​ឆ្នាំ​២០៥០​ខាងមុខ​។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​សាយភាយ​ឧស្ម័ន​ពុល​នៃ​វិស័យ​ដឹកជញ្ជូន ហាក់​មានការ​កើនឡើង​។​
 
​ដោយឡែក ក្រុមប្រឹក្សា​ធនធាន​អាកាស​រដ្ឋ​កាលីហ្វ័រ​ញ៉ា (CARB) នឹង​ប្រែក្លាយ​គោលដៅ​របស់លោក Newsom ទៅជា​ចំណង​ផ្លូវច្បាប់​តែម្ដង ដោយ​សរសេរ​បទបញ្ញត្តិ​នានា​ដើម្បី​កំណត់ថា ការលក់​រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ថ្មី​នៅក្នុង​រដ្ឋ នឹង​ធ្លាក់​ពីមួយ​រយ​ភាគរយ​ដល់​ចំណុចសូន្យ​នៅក្នុង​ឆ្នាំ​២០៣៥ ។ លើសពីនេះទៅទៀត​នៅ​ឆ្នាំ ២០៤៥ រាល់​ប្រតិបត្តិការ​របស់​យានយន្ត​ធុន​មធ្យម និង​ធុន​ធ្ងន់ នឹងត្រូវ​លុបបំបាត់​ដែរ​៕
 

Tag:
 អាមេរិក​
  ឡាន
© រក្សាសិទ្ធិដោយ thmeythmey.com