ជាតិ
ប្រទះឃើញ​សត្វ​ជិត​ផុត​ពូជ​«​រមាំង​» ៤​ក្បាល នៅ​ដែនជម្រកសត្វព្រៃ​សំបូរ ខេត្តក្រចេះ
24, Sep 2020 , 11:59 pm        
រូបភាព
«​រមាំង​» ជា​សត្វ​រងគ្រោះថ្នាក់ និង​ជិត​ផុត​ពូជ កំពុងមាន​វត្ត​មាននៅ​ដែន​ជម្រក​ព្រៃ​សំបូរ ខេត្តក្រចេះ ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​។
«​រមាំង​» ជា​សត្វ​រងគ្រោះថ្នាក់ និង​ជិត​ផុត​ពូជ កំពុងមាន​វត្ត​មាននៅ​ដែន​ជម្រក​ព្រៃ​សំបូរ ខេត្តក្រចេះ ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​។
​ភ្នំពេញ​៖ សត្វ​រងគ្រោះថ្នាក់ និង​ជិត​ផុត​ពូជ​«​រមាំង​»(Rucervus eldii) ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​(WWF) រកឃើញ​៤​ក្បាល នៅ​ដែនជម្រកសត្វព្រៃ​សំបូរ ខេត្តក្រចេះ​។ ប្រភេទ​សត្វ​ជិត​ផុត​ពូជ​៤​ក្បាល​នេះ គឺ​រកឃើញ​តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដែល​ថត​បានជា​លើកដំបូង​ក្នុងអំឡុងពេល​ប្រាំ​ឆ្នាំ​មកនេះ​។​

 
​សត្វ​«​រមាំង​»​ត្រូវបាន​ជាប់​ថ្នាក់​ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់ និង​ជិត​ផុត​ពូជ ទាំង​នៅក្នុង​ច្បាប់​ព្រៃឈើ​របស់​កម្ពុជា និង​ទាំង​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​IUCN​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​WWF នៅ​ថ្ងៃទី​២៤​កញ្ញា ឆ្នាំ​២០២០ សត្វ​«​រមាំង​»​ទាំង​៤​ក្បាល​ដែល​ក្រុម​អភិរក្ស​រកឃើញ​តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នោះ មាន​ញី​៣​ក្បាល និង​ឈ្មោល​១​ក្បាល ដែល​សុទ្ធសឹង​ជា​«​រមាំង​»​ពេញវ័យ​។​
 
«​យើងទាំងអស់គ្នា​ពិតជា​រំភើប​រីករាយ​ខ្លាំងណាស់​ដែល​បាន​កត់ត្រា​ទុក​នូវ​វត្តមាន​របស់​សត្វ​រមាំង​ទាំងនេះ​»​។ នេះ​ជាការ​លើកឡើង​ទាំង​ស្នាមញញឹម របស់ លោក អៀម សំ​អ៊​ន់ អ្នកទទួលបន្ទុក​ផ្នែក​ស្រាវជ្រាវ​និង​តាមដាន​ជីវៈចម្រុះ​ប្រចាំ​តំបន់​មេគង្គ​នៃ​អង្គការ​WWF​។​
 
​ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្រ​នៃ​អង្គការ​WWF​បាន​អះអាង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា​៖«​ការ​ផ្តិត​រូបភាព​របស់​សត្វរ​មាំ​ង​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នេះ គឺជា​របកគំហើញ​ដ៏​សំខាន់​មួយ​សម្រាប់​ការអភិរក្ស​ក្នុង​តំបន់​ទេសភាព​មេគង្គ​»​។  បើតាម​លោក សេង ទៀក នាយក​អង្គការ WWF Cambodia  រូបភាព​ដ៏​កម្រ​នៃ​សត្វ​«​រមាំង​»​ទាំងនេះ គឺជា​ភ័ស្តុតាង​បញ្ជាក់​អំពី​ប្រសិទ្ធភាព និង​លទ្ធផល​នៃ​កិច្ចការ​គ្រប់គ្រង​តំបន់​ការពារ និង​ការងារ​អភិរក្ស ដែល​នាំមក​នូវ​ក្តីសង្ឃឹម​ក្នុងការ​ការពារ​ប្រភេទ​សត្វ​នេះ​ទាំង​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​តំបន់​។ 
 
 
​អង្គការ​WWF ដែលមាន​ទីតាំង​ស្ថិតក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​នៃ​ខេត្តក្រចេះ បានដាក់​ពង្រាយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដើម្បី​តាមដាន​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​សំបូរ​ដែលមាន​ផ្ទៃដី ជាង​៥០​ហិកតា ចាប់ពី​សីហា​ដល់​ខែកញ្ញា ឆ្នាំ​២០២០ គឺ​ថត​សត្វព្រៃ​បាន​គ្រប់​ប្រភេទ​សរុប​១,៧១០​សន្លឹក​។ ក្នុងចំណោម​រូបភាព​ទាំងនោះ ក្រៅពី​ថត​បាន​សត្វ​«​រមាំង​» ម៉ាស៊ីន​ថត​ស្វ័យ​ប្រ​វិត្ត​ក៏​ថត​បាន​នូវ​សត្វ​ឈ្លូស ជ្រូកព្រៃ សំពោច​វ​ល្លិ៍ សំពោចក្រអូប ព្រមទាំង​ប្រភេទ​សត្វ​បក្សី​មាឌធំ​សំខាន់ៗ​មួយចំនួនទៀត ដូចជា​សត្វ​ក្ងោក​បៃតង និង​ត្រដក់​តូច ជាដើម​។  
 
​យោងតាម​របាយការណ៍​ស្តីពី​ប្រភេទ​សត្វ​ទទួលរង​ការគំរាមកំហែង​ដែល​បានចេញ​ផ្សាយ ដោយ​អង្គការ IUCN ក្នុង​ឆ្នាំ​២០១៥ ចំនួន​សត្វ​«​រមាំង​»​មាននៅ​រាយប៉ាយ​ក្នុង​សកលលោក ហើយ​គេ​បាន​ប៉ាន់ប្រមាណ​ថា សត្វ​នេះ​មាន​ចំនួន​តិចជាង​៧០០​ក្បាល​។  ក្នុងនោះ ចំនួន​សត្វ​«​រមាំង​»​មាននៅ​សេសសល់​តិចតួច​ប៉ុណ្ណោះ ដែល​កំពុង​រស់នៅក្នុង​តំបន់​ព្រៃ​ការពារ​នានា​នៃ​ប្រទេស​កម្ពុជា​។ 
 
​អង្គការ​WWF កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់​ជាន់ថ្នាក់​ដើម្បី​គាំទ្រ​ការគ្រប់គ្រង​ដែនជម្រកសត្វព្រៃ​សំបូរ ពី​ការបាត់បង់​ទីជម្រក និង​ការ​បរបាញ់​សត្វព្រៃ​សម្រាប់​យក​សាច់ និង​សម្រាប់​ការជួញដូរ​សុទ្ធសឹង​ជា​កត្តា​គំរាមកំហែង​ចំបងៗ ទៅលើ​ធនធានធម្មជាតិ និង​ការរស់រាន​របស់​សត្វ​ព្រៃ​។ ដែនជម្រកសត្វព្រៃ​សំបូរ​នេះ  គឺមាន​ពពួក​ថនិកសត្វ​មាឌធំ​ចំនួន ១១​ប្រភេទ ពពួក​ឧរុង្គសត្វ និង​ល្មូ​ន ចំនួន ៥៦​ប្រភេទ ពពួក​រុក្ខជាតិ​ជិត​៧០០​ប្រភេទ ពពួក​បក្សី ២១៥​ប្រភេទ និង​ពពួក​ត្រី ចំនួន ២២៣ ប្រភេទ​។ បើតាម​អង្គការ​WWF ប្រព័ន្ធ​ទន្លេ​និង​ព្រៃឈើ​នៅក្នុង​តំបន់​នេះ ជា​ប្រភព​ចំណីអាហារ និង​សម្រាប់​បង្កើត​ឱកាស​ទាញយក​ប្រាក់ចំណូល​ដ៏​សំខាន់​សម្រាប់​សហគមន៍​មូលដ្ឋាន​។ លើសពីនេះ ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ​ក៏​ជួយ​ដល់​មនុស្សជាតិ​ក្នុងការ​ប្រឈម​នឹង​បម្រែបម្រួល​អាកាសធាតុ ទឹកជំនន់ និង​គ្រោះរាំងស្ងួត​ផងដែរ​៕ 
 
 

Tag:
 សត្វព្រៃ​
  រមាំង​
  ក្រចេះ​
 WWF
  IUCN
© រក្សាសិទ្ធិដោយ thmeythmey.com