អន្តរជាតិ
តារាភាពយន្តជប៉ុន Yuko Takeuchi ស្លាប់ក្នុងអាយុ៤០ឆ្នាំ ដោយសង្ស័យថាធ្វើអត្តឃាត
27, Sep 2020 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
តារាភាពយន្តជប៉ុន Yuko Takeuchi ត្រូវបានប្រទះឃើញសពនៅក្នុងផ្ទះរបស់គាត់ផ្ទាល់នៅតំបន់ Shibuya Ward ក្រុងតូក្យូ នាថ្ងៃទី២៧ ខែកញ្ញា នេះ។ យោងតាម The Japan Times តារាភាពយន្តដ៏ល្បីល្បាញ និងធ្លាប់ឈ្នះពានរង្វាន់ដ៏ច្រើនរូបនេះ មានអាយុ៤០ឆ្នាំ ហើយត្រូវបានប៉ូលិសតូក្យូសន្និដ្ឋានជាបឋមថា បានធ្វើអត្តឃាត។

 
ប្រភពបានអះអាងថា លោក Taiki Nakabayashi អាយុ៣៥ឆ្នាំ ដែលជាតារាសម្តែង និងជាស្វាមីរបស់ Takeuchi បានឃើញភរិយារបស់ខ្លួនដេកស្តូកស្តឹងនៅក្នុងបន្ទប់ នាវេលាម៉ោង២ទៀបភ្លឺ។ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែក្រុមគ្រូពេទ្យបានអះអាង គាត់បានស្លាប់ទៅហើយ។
 
បើទោះបីជាមានការសន្និដ្ឋានថា តារាភាពយន្តរូបនេះ បានធ្វើអត្តឃាតក៏ដោយ ប៉ុន្តែសមត្ថកិច្ចរកមិនទាន់ឃើញតម្រុយច្បាស់នោះឡើយ ដោយបន្តបើកការស៊ើបអង្កេត។
 
ចាប់តាំងពីឆ្នាំ១៩៩៨ មក Takeuchi គឺជាតារាភាពយន្តដ៏ជោគជ័យនៅជប៉ុន ហើយទទួលបានពានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងនោះមានពាន Japanese Academy Award សម្រាប់តួឯកឆ្នើម ជាប់ៗគ្នាចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧។
 
Takeuchi ដែលមានកំណើតនៅ Saitama Prefecture បានសម្តែងភាពយន្តសម្រាប់ទូរទស្សន៍ NHK ជាច្រើនរឿងដូចជា Asuka, Hayabusa, 1778 Stories of Me and My Wife និង Golden Slumbers ជាដើម។ តារារូបនេះ ត្រូវបានគេស្គាត់យ៉ាងច្បាស់ជាតួអង្គ Miss Sherlock ក្នុងភាពយន្ត Sherlock Holmes របស់ HBO៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com