សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងត្បូង ថា​មន្ត្រី​នេសាទ​ដែល​បាត់​ខ្លួន មានបំណង​រត់គេច​ទៅ​កូរ៉េខាងជើង​
29, Sep 2020 , 6:29 pm        
រូបភាព
ទូករបស់កូរ៉េខាងត្បូង។ រូបភាព៖ AP
ទូករបស់កូរ៉េខាងត្បូង។ រូបភាព៖ AP
​កង​ឆ្មាំ​សមុទ្រ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៩ ខែកញ្ញា បាន​អះអាងថា មន្ត្រី​នេសាទ ដែល​ត្រូវ​បាញ់សម្លាប់ ព្យាយាម​រត់គេច​ទៅ​កូរ៉េខាងជើង បន្ទាប់ពី​បាន​ស៊ើបអង្កេត និង​វិភាគ​ទិន្នន័យ​មួយចំនួន​របស់​បុរស​រូបនេះ​។


​មកទល់ពេលនេះ សាកសព​មន្ត្រី​ក្រសួង​សមុទ្រ និង​នេសាទ​កូរ៉េខាងត្បូង នៅតែ​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។ ប៉ុន្តែ​អាជ្ញាធរ​កូរ៉េខាងត្បូង បាន​សន្និដ្ឋានថា បុរស​រូបនេះ មានបំណង​រត់គេច​ទៅ​កូរ៉េខាងជើង​។ បងប្រុស​របស់​មន្ត្រី​រូបនេះ បាន​ច្រានចោល​ការវាយតម្លៃ​តាំងពីដើម​មក​។ កន្លងមក​អាជ្ញាធរ​កូរ៉េខាងត្បូង ក៏​ធ្លាប់​ដាក់​ការសង្ស័យ​លើ​ការរត់​គេច​ទៅ​កូរ៉េខាងជើង​ដែរ​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក Yoon Seong-hyun ប្រធាន​ក្រុម​ស៊ើបអង្កេត និង​ចារកិច្ច​របស់​ឆ្មាំ​សមុទ្រ​កូរ៉េខាងត្បូង បាន​បញ្ជាក់ថា មន្ត្រី​នេសាទ​គឺ​បាន​ពាក់អាវ​ហែល​ទឹក និង​នៅលើ​សម្ភារ​អណ្តែត​ទឹក នៅពេល​កូរ៉េខាងជើង​បានឃើញ​។ ទន្ទឹមគ្នានេះ លោក Yoon បាន​បន្ថែមថា​៖ «​កូរ៉េខាងជើង​ផងដែរ ក៏​ដឹង​ពី​ព័ត៌មាន​លំអិត​ផ្ទាល់ខ្លួន​របស់​មន្ត្រី ដូចជា ឈ្មោះ​, អាយុ​, ទីកន្លែង​កំណើត និង​កម្ពស់​ជាដើម​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ការសន្និដ្ឋាន​របស់​ក​ង​ឆ្មាំ​ង​សមុទ្រ​កូរ៉េខាងត្បូង​នេះ ផ្អែកលើ​តម្រុយ​របស់​CCTV, ទិន្នន័យ​ចារកិច្ច​យោធា​កូរ៉េខាងត្បូង​, និង​ទិន្នន័យ​ដែលមាន​ពីមុន​។ 
 
​ក្នុង​ថ្ងៃ​ដដែល​នេះ មេដឹកនាំ​បក្សប្រឆាំង​អំណាច​ប្រជាជន​(PPP) លោក Joo Ho-young បាន​លើកឡើងថា ក្រសួងការពារជាតិ បានបញ្ជាក់​រួចហើយ​តាមរយៈ​ទិន្នន័យ​ចារកិច្ច​ពិសេស​ថា កូរ៉េខាងជើង បាន​ដុត​សាកសព​មន្ត្រី​នេសាទ​កូរ៉េខាងត្បូង​។ 
 
​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​របស់​មន្ត្រី​រូបនេះ​ដែរ ហើយ​ថែមទាំង​សុំទោស​ជា​សាធារណៈ​ទៀត ចំពោះ​ការសម្លាប់​នេះ និង​ចាត់ទុក​ហេតុការណ៍​នេះ គឺជា​សោកនាដកម្ម​មួយ​សម្រាប់​កូរ៉េខាងត្បូង​។ 
 
​សូមបញ្ជាក់ថា មន្ត្រី​កូរ៉េខាងត្បូង​រូបនេះ បាន​បាត់​ពី​ទូក​យាមល្បាត​នៅក្នុង​ដែនទឹក​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២១ ខែកញ្ញា​។ តាម​ការវាយតម្លៃ បុរស​រូបនេះ​បាន​ហែល​ទឹក​ដោយមាន​អាវ​ការពារ និង​វត្ថុ​អណ្តែត​ទឹកជា​ជំនួយ​។ នៅ​ថ្ងៃទី​២៤ ខែកញ្ញា កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា កូរ៉េខាងជើង បាន​បាញ់សម្លាប់​មន្ត្រី​រូបនេះ នៅពេល​កំពុង​ហែល​ទឹក ហើយ​ថែមទៀត​បាន​ដុត​សាកសព​ថែមទៀត​។ 
 
​ជាការ​ឆ្លើយតប លោក គីម ជុង​អ៊ុន បាន​សរសេរ​សំបុ​ទ្រ​សុំទោស​លោក​មូ​ន ចេ​អ៊ី​ន និង​ប្រជាជន​កូរ៉េខាងត្បូង​។ ជាពិសេស​កូរ៉េខាងជើង​បានបញ្ជាក់​ថា ខ្លួន​បាន​បាញ់​មែន ដោយ​ផ្នែក​ទៅតាម​ក្រម​ប្រតិបត្តិ​របស់ខ្លួន ប៉ុន្តែ​ខ្លួន​មិនបាន​ដុត​សាកសព​នោះទេ​។ បើតាម​ទីក្រុង​ព្យុងយ៉ាង អ្វីដែល​ខ្លួន​បាន​ដុត គឺជា​សម្ភារ​ដែល​នៅជាប់​ខ្លួន​បុរស​នោះ​តែប៉ុណ្ណោះ ដូច​វត្ថុ​អណ្តែត​ជាដើម​៕ 

Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com