តារាល្បីៗ
អន្តរជាតិ
សមាជិក​ក្រុម​ចម្រៀង​កូរ៉េ BTS នឹង​ឡើងជា​សេដ្ឋី ពេល​ហ៊ុន​ក្រុមហ៊ុន​លក់​ជា​សាធារណៈ​
30, Sep 2020 , 7:29 pm        
រូបភាព
ដោយ:
​សមាជិក​ទាំង​៧​នាក់​របស់​ក្រុម​ចម្រៀង​កូរ៉េ K-pop BTS នឹង​ក្លាយជា​សេដ្ឋី​ខ្ទង់លាន​ដុល្លារ កាលណា​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ពួកគេ «Big Hit» ដាក់លក់​ជា​សាធារណៈ​នា​ខែតុលា​ខាងមុខ​។ ចំណែក​ម្ចាស់​ក្រុមហ៊ុន​ពួកគេ រំពឹង​ឡើង​ធ្វើជា​មហាសេដ្ឋី​លុយ​ពាន់​លាន​ដុល្លារ​។​

 
​តម្រូវ​ការដែល​បន្ត​ហក់​ឡើង​សម្រាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Big Hit បានធ្វើ​ឲ្យ​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​កម្សាន្ត​កូរ៉េខាងត្បូង​មួយ​នេះ​ឈានដល់់ ៤,១​ពាន់​លាន​ដុល្លារ​។ ម្ចាស់​ក្រុមហ៊ុន​នេះ លោក Bang Si-hyuk ដែល​ក្តោប​ក្ដាប់​៤៣​ភាគរយ​នៃ​ភាគហ៊ុន​សរុប​ក្នុង​ផលិត​កម្មនេះ នឹង​ក្លាយជា​មហាសេដ្ឋី​លុយ​ពាន់​លាន​ដុល្លារ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Bang បានផ្ដល់​ឲ្យ​សមាជិក BTS ម្នាក់ៗ ៦៨ ៣៨៥ ហ៊ុន​ក្នុង​ក្រុមហ៊ុន​លោក ដែល​គិត​ជា​ទឹកប្រាក់​សរុប​ជាង​៧,២​លាន​ដុល្លារ​។ បច្ចុប្បន្ន តម្លៃ​ក្នុង​មួយ​ហ៊ុន​ស្មើនឹង​ចន្លោះ​ពី​៨០​ដុល្លារ ទៅ​ជាង​១០០​ដុល្លារ​។ 
 
​ម្យ៉ាងវិញទៀត ក្រុមហ៊ុន Big Hit រំពឹង​នឹង​កើប​លុយ​ប្រមាណ​ជាង​៧៤៥​លាន​ដុល្លារ ជាមួយ​ការលក់​ភាគហ៊ុន​ថ្មី ៧,១៣​លាន​ហ៊ុន នៅពេល​ក្រុមហ៊ុន​នេះ​ដាក់​បញ្ជូន​ក្នុង​ផ្សារ​ហ៊ុន​កូរ៉េ (KOSPI) នា​ថ្ងៃទី ១៥ ខែតុលា​ខាងមុខ​។ 
 
​យោងតាម​ទូរទស្សន៍​អាមេរិក CNBC អ្នកគាំទ្រ​ផ្គាប់​មុខ​របស់​ក្រុម​តារាចម្រៀង​ប្រុស BTS ក្នុងប្រទេស​កូរ៉េខាងត្បូង កំពុង​ទន្ទឹងរង់ចាំ​ទិញ​យ៉ាងតិច​មួយ​ហ៊ុន​ក្នុង​ផលិតកម្ម Big Hit ដើម្បី​បង្ហាញ​ការគាំទ្រ Idol ពួកគេ​។ សមាជិក​ប្រុស​ស្អាត​ទាំង​៧​នាក់​នៃ​ក្រុម BTS មានដូចជា Kim Tae-hyung (​ឈ្មោះ​លើ​ឆាក V), Jung Ho-seok (​ឈ្មោះ​លើ​ឆាក J-Hope), Kim Nam-joon (​ឈ្មោះ​លើ​ឆាក RM), Kim Seok-jin (​ឈ្មោះ​លើ​ឆាក Jin), Park Ji-min, Jeon Jung-kook and Min Yoon-gi (​ឈ្មោះ​លើ​ឆាក Suga) ។​
 
​ជោគជ័យ​របស់​ពួកគេ​ក្នុង​វិស័យ​ចម្រៀង K-pop កើតឡើង​ទៅបាន​មួយផ្នែកធំ​ដោយសារតែ​ភាព​ស្មោះស្ម័គ្រ​ពី​សំណាក់​អ្នកគាំទ្រ​អន្តរជាតិ​របស់​ពួកគេ ដែល​ស្គាល់​ថា «ARMY» ។ ក្រុម BTS បាន​បំបែក​កំណត់​ត្រាំ​ថ្មី ក្រោយ​បទ​ចម្រៀង​ចំណងជើង «Dynamite» ក្លាយជា​វីដេអូ​ដែល​គេ​មើល​ច្រើន​បំផុត​ក្នុងពេល​២៤​ម៉ោង ដោយ​គេ​ចូល​មើល​រហូតដល់ ១០១,១​លាន​ដង​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។​
 
​បន្ថែម​ពីលើ​នេះ ក្រុម​ចម្រៀង K-pop នេះ ក៏​ក្លាយជា​តារាចម្រៀង​កូរ៉េ​ទី​១​ដែល​ឈរលើ​កំពូល​តារាង Billboard Hot 100 ជាមួយ​បទ​ចម្រៀង​ខាងលើនេះ ។ ក្រុម BTS ក៏​ទទួល​ការកោតសរសើរ​ពី​សំណាក់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ផងដែរ ដែល​បាន​និយាយថា ពួកគេ​បាន​សរសេរ​ជំពូក​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​ចម្រៀង K-pop៕ 

Tag:
 កូរ៉េខាងត្បូង​
  តារា​K-pop
  BTS
  IPO
  Big Hit
© រក្សាសិទ្ធិដោយ thmeythmey.com