អន្តរជាតិ
ថៃ អាច​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប​ជិត​២៥០០០តោន​ដោយ​មិនចាំបាច់​បង់ពន្ធ​ក្នុង​ខែតុលា​
02, Oct 2020 , 8:29 am        
រូបភាព
ដោយ៖​កង ម៉េង​ហុង
 
​ថៃ កំពុង​ទទួលបាន​ឱកាសល្អ​មួយ​ក្នុង​ការបង្កើន​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អឺរ៉ុប ក្រោយ​ប្លុក​មួយ​នេះ​អនុញ្ញាត​ឲ្យ​ថៃ​នាំចូល​អង្ករ​ចំនួន ២៤៨៨៣ តោន​ដោយ​មិន​គិត​ពន្ធ​នាំចូល​ឡើយ​សម្រាប់​ខែតុលា​។​

 
​លោក Keerati Rushchano អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​​ក្រៅប្រទេស​របស់​ថៃ បាន​និយាយថា គណៈកម្មការ​អឺរ៉ុប​នៅ​ថ្ងៃទី ២២ ខែកញ្ញា​បានប្រកាសថា ចំនួន​កូតា​អង្ករ​សេសសល់​ដែល​ថៃ​នាំ​អង្ករ​ទៅ​អឺរ៉ុប​ប្រចាំឆ្នាំ នឹងមិន​គិត​ពន្ធ​ឡើយ​សម្រាប់​ខែតុលា​។ ចំនួន​កូតា​សេសសល់​សម្រាប់​អង្ក​រស អង្ករ​ផ្កាម្លិះ​ថៃ អង្ករ​ក្រអូប និង​អង្ករ parboiled ១០០ ភាគរយ ដែល​មិនបាច់​បង់ពន្ធ​សម្រាប់​ខែតុលា​អាចមាន​រហូតដល់ ២៤៨៨៣ តោន​។​
 
«​ដោយ​មិន​គិត​ពន្ធ​នាំចូល​វា​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុននាំចេញ​អង្ករ​ថៃ​ក្នុងការ​បង្កើន​ការនាំចេញ​របស់​ពួកគេ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​»​។ លោក Keerati និយាយ​បែបនេះ ដែល​ត្រូវបាន​ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​។  សហភាព​អឺរ៉ុប​បានកំណត់​កូតា​នាំចូល​អង្ករ​ប្រចាំឆ្នាំ​ចំនួន ៦៣០០០០ តោន​នៅ​ឆ្នាំនេះ ហើយ​ជាធម្មតា​សហភាព​អឺរ៉ុប គិត​ពន្ធ​នាំចូល​ចំនួន​១៤៥ ផោន​ក្នុង​អង្ករ​មួយ​តោន​។​
 
​ដើម្បី​ចំណេញ​ពី​ការមិន​យកពន្ធ​នេះ អ្នក​នាំចេញ​អង្ករ​ថៃ ត្រូវដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​នាំចូល​ក្នុង​រយៈពេល ១០ ថ្ងៃ​ដំបូង​នៃ​ខែតុលា​។ ចំពោះ​បញ្ហា​នេះ លោក Keerati លើកឡើងថា ក្រុមហ៊ុននាំចេញ​អង្ករ​ថៃ​ដែល​មានបំណង​ប្រើ​កូតា​ត្រូវតែ​ដាក់​ពាក្យសុំ​ជាមុន​វិញ្ញាបនបត្រ​សម្រាប់​ការនាំចេញ​អង្ករ​ទៅកាន់​សហភាព​អឺរ៉ុប​តាមរយៈ​នាយកដ្ឋាន​របស់​។ លោក​ក៏បាន​បន្តទៀតថា អ្នក​នាំចេញ​អាចដាក់​ពាក្យស្នើសុំ​វិញ្ញាបនបត្រ​ចាប់ពី​ថ្ងៃទី ២៩ ខែកញ្ញា​ដល់​ថ្ងៃទី ១៤ ខែតុលា​ដោយ​មិន​គិតថ្លៃ​ពិសេស​អ្វី​ឡើយ​។​
 
​ប្រភពព័ត៌មាន​ដដែល​បន្តថា ក្នុង​រយៈពេល ៨ ខែ​ដើមឆ្នាំ ២០២០ ប្រទេស​ថៃ​បាន​នាំចេញ​អង្ករ​ចំនួន ១៤៦៣៦២ តោន​គិត​ជា​ទឹកប្រាក់​ចំនួន ១៤០ លាន​ដុល្លារ​អាមេរិក​ទៅកាន់​សហគមន៍​អឺរ៉ុប​។ ក្នុង​ឆ្នាំ ២០១៩ ប្រទេស​ថៃ​បាន​នាំចេញ​អង្ករ​ចំនួន ៤០៥២៦៣ តោន​ទៅកាន់​សហភាព​អឺរ៉ុប​ដែលមាន​តម្លៃ ៣១៥ លាន​ដុល្លារ​ពោលគឺ​កើនឡើង​ពី ៣៩៩៥១៩ តោន​មានតម្លៃ ២៩៦ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៨ ។ 
 
​ទាក់ទិន​នឹង​ការនាំចេញ​នេះដែរ លោក Charoen Laothammatas ប្រធាន​សមាគម​អ្នក​នាំចេញ​អង្ករ​ថៃ​បាន​មាន​បញ្ជាក់ថា ការនាំចេញ​អង្ករ​របស់​ថៃ​ទៅកាន់​សហភាព​អឺរ៉ុប​ទំនងជា​នឹង​ធ្លាក់ចុះ​ចាប់ពី​ឆ្នាំ ២០១៩ ដោយសារតែ​ផលប៉ះពាល់​នៃ​ជំងឺ COVID-19 ដែល​ធ្វើ​ឲ្យ​តម្រូវការ​អង្ករ​ចុះខ្សោយ​នៅតាម​ភោជនីយដ្ឋាន​និង​សណ្ឋាគារ​៕
 
 
 

Tag:
 ថៃ​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com