COVID-19
អន្តរជាតិ
ប្រមុខ UN ស្នើ​ប្រទេស​នានា​បញ្ចេញ​លុយ​ពី​កញ្ចប់​ថវិកាជាតិ​ដើម្បី​ជួយ​មូលនិធិ​វ៉ាក់សាំង Covid 19
01, Oct 2020 , 11:58 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស​ ថ្លែងក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៧៥ ។ រូបភាព Xinhua
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស​ ថ្លែងក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៧៥ ។ រូបភាព Xinhua
​ដោយ៖កង ម៉េង​ហុង
 
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី ៣០ ខែកញ្ញា ថា វា​ដល់ពេល​ហើយ​ដែល​ប្រទេស​នានា​ត្រូវ​ចាប់ផ្តើម​ប្រើប្រាស់​ថវិកា​ពី​កញ្ចប់​ស្តារ​ប្រទេស​របស់ខ្លួន​ដើម្បី​គាំទ្រ​ផែនការ​វ៉ាក់សាំង​សកល​របស់​អង្គការ​សុខភាព​ពិភពលោក​។ 

 
​បើតាម​ទី​ភ្នា​ក់​ព័ត៌មាន Reuters កម្មវិធី ACT-Accelerator និង​គម្រោង COVAX របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុងការ​ចែកចាយ​វ៉ាក់សាំង​ឲ្យ​ប្រទេស​ក្រីក្រ ទទួលបាន​ថវិកា​ត្រឹម​៣​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។  ចំនួន​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​បំពេញតម្រូវការ​ឡើយ ដោយ​ត្រូវការ​ថវិកា​ចំនួន ៣៥​ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​។ 
 
​ដើម្បី​បំពេញ​កង្វះខាត​នេះ អគ្គលេខាធិការ UN លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បានស្នើ​ឲ្យ​ប្រទេស​ទាំងអស់​បញ្ចេញ​ថវិកា​របស់ខ្លួន​ឲ្យ​បាន​ច្រើន​។ ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា លោក ហ្គូ​តេ​រ៉េ​ស អះអាងថា កម្មវិធី​ផ្គត់ផ្គង់​វ៉ាក់សាំង ត្រូវបាន​លុយ​ចំនួន​១៥​ពាន់​លាន​ដុល្លារ​ជា​បន្ទាប់​ដើម្បី​ធានាថា ឱកាស​នៃ​ការទទួលបាន​វ៉ាក់សាំង​ដំបូង និង​មាន​ប្រសិទ្ធភាព នៅតែ​បើកចំហរ​។ 
 
«​សូមបញ្ជាក់​ឲ្យ​ច្បាស់​ថា យើង​មិនអាច​ទៅដល់​ទីនោះ ដោយ​គ្រាន់តែ​ម្ចាស់ជំនួយ​បញ្ចេញ​លុយ​ពី​កញ្ចប់​ជំនួយ​អភិវឌ្ឍ​មួយ​មុខ​ឡើយ​។ យើង​ត្រូវ​គិត​ឲ្យ​បាន​ទូលាយ​។ វា​ដល់ពេល​ហើយ​ដែល​ប្រទេស​នានា​ដក​លុយ​ចេញពី​កម្មវិធី​ស្ដារឡើងវិញ​របស់ខ្លួន​។​» លោក ហ្គូ​តេ​រ៉េ​ស បញ្ជាក់​បែបនេះ ជាមួយនឹង​ការ​សម្គាល់​ទៀតថា ប្រទេស​អភិវឌ្ឍ ចាយប្រាក់​រាប់ពាន់​លាន​ដុល្លារ​លើ​ការស្តារ​សេដ្ឋកិច្ច និង​សង្គម​ដែល​រងគ្រោះ​ដោយ Covid 19 ហើយ​ដូចនេះ​ពួកគេ​អាច​ចេញ​មួយ​ភាគ​តូច​នៃ​ផែនការ​នោះ​ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​នៅ​ទីកន្លែង​ឯទៀត​។ 
 
​ប្រមុខ UN បន្តថា កម្មវិធី ACT-Accelerator បានផ្តល់​មធ្យោបាយ​តែមួយគត់ និង​មាន​សុវត្ថិភាព​ដើម្បី​បើក​ដំណើរការ​សេដ្ឋកិច្ច​សកល​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ លើសពីនេះទៅទៀត លោក​ក៏​ហាក់​មានសង្ឃឹម​តិចតួច​លើ​ការប្រឹងប្រែង​រក​វ៉ាក់សាំង​នៅក្នុង​ប្រទេសមួយ​ចំនួន​តូច ព្រោះ​វា​នឹងមិន​អាចមាន​លទ្ធភាព​ក្នុង​ការបើក​សេដ្ឋកិច្ចពិភពលោក និង​ស្តារ​ជីវភាព​រស់នៅ​ឡើងវិញ​ទេ​។​
 
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​លោក Dominic Raab ក៏បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់លោក ហ្គូ​តេ​រ៉េ​ស​។ ក្នុង​កិច្ចប្រជុំ​ខា​លើ ប្រមុខ​ការទូត​អង់គ្លេស​រូបនេះ បាន​ជំរុញ​ឲ្យ​ប្រទេស​ដទៃទៀត​ចូលរួម​ក្នុងការ​ប្រឹងប្រែង​ជា​សកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19  ហើយ​កម្មវិធី ACT-Accelerator ជា​ក្តីសង្ឃឹម​ដ៏​ល្អ​បំផុត​ដែល​ធ្វើអោយ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​ស្ថិតក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​។​
 
​សូមបញ្ជាក់ថា គោលបំណង​នៃ​កម្មវិធី ACT-Accelerator គឺ​ការ​ចែកចាយ​វ៉ាក់សាំង​ការពារ​ជំងឺ Covid 19 ចំនួន​២​ពាន់​លាន​ដូ​ស​នៅ​ដំណាច់​ឆ្នាំក្រោយ ហើយ​ផ្តល់​ការព្យាបាល​មនុស្ស​ចំនួន ២៤៥ លាន​នាក់​និង​ការធ្វើ​តេស្ត ៥០០​លាន​ដង​៕
 
 

Tag:
 UN
  អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com